អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក់​កង់​បី​ខ្មែរ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​សាំង​ទាប​ជាង​តម្លៃ​ទីផ្សារ ៣០០​រៀល​ក្នុង​១​លីត្រ ពី​ក្រុមហ៊ុន​សូ​គី​មិច​

1721
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ប្រជាពលរដ្ឋ​ប្រកប​របរ​រ៉ឺម៉ក់​កង់​បី​ខ្មែរ ជាង​២០០០០​នាក់ នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​សមាជិក នៃ​សមាគម​រួមគ្នា ដើម្បី​អភិវឌ្ឍន៍​កម្ពុជា នឹង​ទទួលបាន​ការបំពាក់​នូវ​បច្ចេកវិទ្យា Application Technology របស់​ក្រុមហ៊ុន GRAB ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​មួយ​ប្រើ​បច្ចេកវិទ្យា និង​ការ​បញ្ចុះតម្លៃ​៥% ក្នុង​រយៈពេល​៦​ខែ​ដំបូង​។​

​ជាងនេះទៅទៀត​ពួកគាត់​បានទទួល​ការបញ្ចុះ​តម្លៃ​សាំង​ធម្មតា និង​សាំង​ស៊ុប​ពែ ទាប​ជាង​តម្លៃ​ទីផ្សារ​៣០០​រៀល (​ក្នុង​១​លីត្រ​) ពី​ក្រុមហ៊ុន​សូ​គី​មិច ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​ការជួយ​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​រ៉ឺម៉ក់​កង់​បី​ខ្មែរ​នេះ បាន​ត្រូវធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​មួយ​ហៅថា «​កម្មវិធី​រួមគ្នា​ដើម្បី​លើកកម្ពស់​ជីវភាព បងប្អូន​ប្រកប​របរ​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ ជាពិសេស​បងប្អូន​ដែល​ប្រកបមុខរបរ​ដឹកជញ្ជូន​ដោយ​ប្រើ​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក់​ខ្មែរ​»​។​

​កម្មវិធី​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែកលាប សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​នេះ​ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​សូ​គី​មិច​ក្រុមហ៊ុន Grab អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) និង​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក់​កង់​បី​ខ្មែរ​ជាង​៥​ពាន់​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម