ដោយ៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​/ភ្នំពេញ៖​ឪពុក​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ភូមិ​ក្រាំងចេក ព្រោះ​សម័យមុន​មាន​ក្រុម​ខ្មែរ​ឥស្សរ​ដើរ​ចាប់​មនុស្ស​ប្រុស​ឲ្យ​ចូលធ្វើ​ទាហាន ចំណែក​រដ្ឋការ​បារាំង​ក៏​តាម​ចាប់គាត់​ដែរ​ដោយ​សង្ស័យថា គាត់​ចូល​ដៃជើង​ជាមួយ​ក្រុម​ខ្មែរ​ឥស្សរ​។ មនុស្ស​ប្រុស​ក្នុងភូមិ​ដែលមាន​ប្រពន្ធ​កូន និង​មិន​ចង់​ចូលធ្វើ​ទាហាន ក៏បាន​ចាក​ចេញពី​ភូមិកំណើត​។ ឪពុកម្តាយ​និង​បងៗ​របស់ខ្ញុំ​បានមក​រស់នៅ​ជិត​វត្ត​មហាមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​ការជួយ​ទំនុកបម្រុង​ពី​បងប្អូន​ខាង​ឪពុក​របស់ខ្ញុំ​ធ្វើជា​កុង្សីយ៍​នៅ​សម័យ​នោះ​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ កាន់ វ៉ាត និង​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ឆេង ផុន​។ ចំណែក​ខ្ញុំ​ឈ្មោះ កាន់ សុ​ន្ធ​រ៉ា បច្ចុប្បន្ន​មាន​អាយុ​៧០​ឆ្នាំ កើត​នៅ​ទីក្រុង​ភ្នំពេញ រីឯ​បងប្រុស​របស់ខ្ញុំ​ឈ្មោះ ជឹម ឡាង និង​បងស្រី​ឈ្មោះ កាន់ សុខា ហៅ សួន សុភាព កើត​នៅ​ភូមិ​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្ត កំពង់ស្ពឺ​។

រូបថត អោម យិនដូនី នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បងប្រុស​របស់ខ្ញុំ​មាន​អាយុ​បង​ខ្ញុំ​១០​ឆ្នាំ និង​បងស្រី​អាយុ​បង​ខ្ញុំ​៧​ឆ្នាំ​នៅពេលនោះ​។ ឪពុក​របស់ខ្ញុំ​ស្រឡាញ់​បង ឡាង ខ្លាំងណាស់​ដោយសារ​គាត់​គឺជា​កូនច្បង ហើយ​រៀន​ពូកែ​តាំងពី​តូច​។ គ្រូ​តែងតែ​ឲ្យ​បង ឡាង រៀន​ផ្លោះ​ថ្នាក់​រហូត​។ ខ្ញុំ​ចាំ​រូបរាង​បងប្រុស​របស់ខ្ញុំ​ដែលមាន​ច្រមុះ​ស្រួច ហើយ​និយាយ​ម៉ឺងម៉ាត់​។ ឪពុក​ខ្ញុំ​តែងតែ​ផ្គត់ផ្គង់​សម្ភារ​ឲ្យ​បង ឡាង រៀន​មិន​ឲ្យ​ខ្វះខាត​ឡើយ​។ ខ្ញុំ​ចាំ​កាលនោះ​ផ្ទះ​របស់ខ្ញុំ​ធំ​ទូលាយ ហើយ បង​ឡាង តែង​ហៅ​មិត្តភក្តិ​របស់គាត់​មករៀ​ន​បន្ថែម​នៅផ្ទះ​។ មិត្តភក្តិ​បង ឡាង ច្រើន​នាក់​សុទ្ធតែ​ប្រុសៗ​។ តុ​អង្គុយរ​បស់បង ឡាង មួយ​គឺ​ឪពុក​របស់ខ្ញុំ​កុម្មង់​ជាង​ឲ្យ​ធ្វើ​ដោយ​អាច​បញ្ឈរ​ធ្វើជា​ក្ដារឃៀន​ក៏បាន​ឬ​ធ្វើជា​តុ​សម្រាប់ សរសេរ​ក៏បាន​។ក្រោយមក​បង​ឡាង​ចូលរៀន​ផ្នែក​វិស្វករ​អគ្គិសនី​នៅ​សា លា​ពហុ​បច្ចេកវិទ្យា​ជំនា​ន់ទី​១ ហៅ​កាត់​សាលា​តិច​ណូ​។​

​បន្ទាប់មក បង​ឡាង បាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់គាត់​ឈ្មោះ អោម យិន​ដូ​នី​។ បងប្រុស​របស់ខ្ញុំ​រៀបការ​អស់​រយៈពេល​១០​ឆ្នាំ​ប៉ុន្តែ​គាត់​មិន​មានកូន​ឡើយ​។ បង​ឡាង ចេញ​ធ្វើការ​ដំបូង​នៅ​សូ​និ​ច​ស៊ីម​គឺជា​ក្រុមហ៊ុន​នាំ​ផលិតផល​ពី​បរទេស​ចូលមក​តាម​កប៉ាល់ និង​ដឹក​បន្ត​មក​ផែ​នៅ​ទីក្រុង​ភ្នំពេញ​។ដូច្នេះ​នៅផ្ទះរ​បស់បង ឡាង មាន​របស់របរ​ប្រើប្រាស់​ដូចជា​ម៉ាស៊ីនបោកខោអាវ​ទោះបី​វា​មានតម្លៃ​ថ្លៃ​ក៏ដោយ​។ មិនយូរប៉ុន្មាន បង​ឡាង បាន​ផ្លាស់​ទៅធ្វើ​ការ​ផ្នែក​អគ្គិសនី​តាម​ជំនាញ​របស់គាត់​។

​ក្រោយមក​បងស្រី​របស់​ខ្ញុំ កាន់ សុខា ក៏​រៀបការ​ទៀត ដោយ​ប្ដី​របស់គាត់​គឺជា​សាស្ត្រាចារ្យ ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា​។ បងថ្លៃ​របស់ខ្ញុំ​តែងតែ​ប្រាប់​ម្តាយ​របស់ខ្ញុំ​ឲ្យ​លក់​សម្ភារ​ប្រើប្រាស់​និង​ចាន​ល្អៗ​ដើម្បី​យកប្រាក់​ចាយ ព្រោះ​សភាពការណ៍​ក្នុងប្រទេស​មិន​ស្រួល ប៉ុន្តែ​ម្តាយ​របស់ខ្ញុំ​មិន​ជឿ​បងថ្លៃ​ខ្ញុំ​ទេ​។ នៅក្នុង​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​រៀបការ​។ ដំបូង​ប្ដី​របស់ខ្ញុំ​គឺជា​អ្នករកស៊ី​ក្រោយមក​គាត់​ចូលធ្វើការ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជួរ​ទាហាន​ប៉ុន្តែ​គាត់​ធ្វើបាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

ចម្លើយសារភាពរបស់ ជឹម ឡាង នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ថ្ងៃ​ជម្លៀស​ដំបូង​
​នៅ​មុនពេល​ចូលឆ្នាំ​ខ្មែរ ក្នុង​ឆ្នាំ​១៩៧៥ បង​ឡាង និង​ប្រពន្ធ​របស់គាត់​ត្រូវ​ទៅ​ប្រទេស​បារាំង ប៉ុន្តែ​គាត់​បាន​ពន្យារពេល​រង់​ចាំ​ចូលឆ្នាំ​ខ្មែរ​រួច​សិន​។ បង​ឡាង មក​ជប់លៀង​នៅផ្ទះ​របស់ខ្ញុំ ហើយ​យក​ខោអាវ​របស់គាត់​មក​គ​រ​ទុក​នៅផ្ទះ​របស់ខ្ញុំ​ទៀត​។ ខ្ញុំ​បាន​ខោអាវ បង​ឡាង ស្លៀកពាក់​នៅក្នុង​របប​ខ្មែរក្រហម ព្រោះ​ខ្ញុំ​មិនបាន​រៀប​ខោអាវ​ខ្លួនឯង​យកមក​ជាមួយ​។ នៅមុន ពេល​ខ្មែរក្រហម​ចូលមក ម្តាយ​របស់ខ្ញុំ​បាន​សុបិន​ឃើញ​ក្រពើ​ក្រៀម​ស្រកា ហើយ​មាន​បាយ​ជាប់​នៅ​មាត់​ក្រពើ​មួយ​គ្រាប់ៗ និង​ឃើញ​ពស់​ក្បាល​ពីរ​លូន​កាត់មុខ​គាត់​ទៅ​បាត់​។ បន្ទាប់ ពី​សុបិន​នោះ ម្តាយ​របស់ខ្ញុំ​តែងតែ​ខ្វល់​ក្នុង​ចិត្ត​រហូត និង​នឹក​គិតថា​នឹងមាន​រឿង​អ្វី​កើតឡើង​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បាន​ចូលមក​ប្រាប់​ខ្ញុំ​ឲ្យ​ចាក​ចេញពីផ្ទះ ហើយ​ពេលនោះ​ខ្ញុំ​គិតតែ​យំ ព្រោះ​ប្ដី​របស់ខ្ញុំ​ទៅលេង​ឪពុកម្ដាយ​របស់គាត់ ចំណែក​ឪពុក​របស់ខ្ញុំ​ទៅលេង​បងប្អូន​របស់គាត់​ដែរ​។ ខ្ញុំ​មិនទាន់​ចាកចេញ​ភ្លាមៗ​ទេ គឺ​នៅ​រង់ចាំ​ប្ដី​របស់ខ្ញុំ​ទល់​ល្ងាច​ទើប​គាត់​ត្រឡប់មក​ដល់ផ្ទះ​។ បន្ទាប់មក​យើង​ធ្វើដំណើរ​ចេញពីផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើម​អំពិល ជិត​អូរ​ឡាំ​ពិ​ក ដែលមាន​គ្រួសារ​បងស្រី​របស់ខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ ចំណែក​ឪពុក​របស់ខ្ញុំ​យើង​មិនបាន​ជួប​គាត់​ទេ​។ យើង​មានកូន​ឡាន​មួយ​សម្រាប់​ដឹក​អង្ករ​ខ្លះ​ដើម្បី​ទុក​ដាំបាយហូប​តាមផ្លូវ និង​ដឹក​ក្មេងៗ ព្រោះ​កូន​របស់​បងស្រី​ខ្ញុំ​៣​នាក់ និង​កូន​របស់ខ្ញុំ​ម្នាក់​នៅ​តូចៗ​ពិបាក​ដើរ​។ ខ្ញុំ​កាច់ចង្កូត​ឡាន ហើយ​បងៗ​និង​ប្ដី​របស់ខ្ញុំ​រុញ​ពីក្រោយ​។ នៅពេល​ទៅដល់​ផ្លូវ​ទូលាយ​ទើប​យើង​បញ្ឆេះ​ម៉ាស៊ីន​ឡាន​បើក​យឺតៗ​។ យើង​ធ្វើដំណើរ​ដល់​ក្បាលថ្នល់​ក៏​ជាប់​ទ្រឹង​។ នៅក្បែរនោះ ខ្ញុំ​ឃើញ​មាន​ឃ្លាំង​អង្ករ គ្រាប់សណ្ដែក ស្ករ ទឹកដោះគោ និង​ឃ្លាំង​មី ដូច្នេះ​ប្រជាជន​បាននាំគ្នា​ឈប់​រួចហើយ​ចូលទៅ​យក​ម្ហូបអាហារ​ទាំងនោះ​ទុក​ហូប​។ យើង​អង្គុយ​រង់ចាំ​អស់​រយៈពេល​២​ទៅ​៣​ថ្ងៃ ទើប​អាច​ចេញ​ផុតពី​ក្បាលថ្នល់​។ ចំណែក​បង ឡាង ចាក​ចេញពីផ្ទះ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្ញុំ​បានដឹង​ព័ត៌មាន​របស់ បង​ឡាង បន្ថែមទៀត​តាមរយៈ​មិត្តភក្តិ​របស់គាត់​ប្រាប់ថា បង​ឡាង ធ្វើដំណើរ​ដល់​កោះក្របី​ត្រូវ​អង្គការ​ឃាត់ និង​ឆែក​ប្រវត្តិរូប​របស់គាត់​។ អង្គការ​ឃើញ​ប័ណ្ណសម្គាល់ខ្លួនរ​បស់បង ឡាង ធ្វើការ​នៅ​អគ្គិសនី​វត្តភ្នំ ក៏​ហៅ​គាត់​ចូលមក​ភ្នំពេញ​ធ្វើការ​វិញ​។ បង​ឡាង គិតថា គាត់​បាន​ចូលធ្វើការ​វិញ ក៏​នាំ​ក្មួយ​ពីរ​នាក់​គឺ​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ដែលជា​សាច់ ញាតិ​ខាង​ប្រពន្ធ​ទៅជា​មួយ​ដែរ​។​


ជឹម ឡាង និង ភរិយា អោម យិនដូនី នៅផ្ទះរបស់ខ្លួននៅទួលគោក ក្នុងឆ្នាំ១៩៧៤ មុនពេលរបបខ្មែរក្រហមចូលកាន់អំណាច។ (កាន់ សុន្ធរ៉ា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅតាម​ផ្លូវ​កូន​របស់ខ្ញុំ​និង​ក្មួយៗ​ដែល​និយាយ​មិនទាន់​ច្បាស់​តែងតែ​រំអុក​ថា «​ម៉ែ​ទៅផ្ទះ​យើង​វិញ​»​។ ក្មួយ​ស្រី​របស់ខ្ញុំ​ដែល​ធ្លាប់តែ​ដេក​ជាមួយ​ឪពុក​របស់ខ្ញុំ តែងតែ​សួរ​ម្ដាយ​របស់ខ្ញុំ​ថា «​ណា​លោកតា​?»​។ ពេលឮ​ដូច្នេះ​ម្តាយ​ខ្ញុំ​យំ ហើយ​ជារឿយៗ​ក្មួយ​និង​កូន​របស់ខ្ញុំ​តែងតែ​សួររក​អ្នកនេះ សួររក​អ្នកនោះ​មិនចេះចប់​។​

នៅ​សិត្បូ​
​អង្គការ​ជម្លៀស​គ្រួសារ​របស់ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។ កន្លែង​នោះ​មាន​ដើម​ទឹកដោះគោ​ធំ​មួយ​ដើម​នៅខាងមុខ​ផ្ទះ ហើយ​អង្គ​ការហាម​មិន​ឲ្យ​បេះ​ផ្លែ​ទឹកដោះគោ​ជាដាច់ខាត​។ នៅពេល​យប់​ប្ដី​របស់ខ្ញុំ​លួច​ឡើង​ច្របាច់​ផ្លែ​ទឹកដោះគោ​រក​ផ្លែ​ណា​ដែល​ទុំ​លួច បេះ​មក​ឲ្យ​ខ្ញុំ​និង​កូន​ហូប​។ កូនស្រី​របស់ខ្ញុំ​អាយុ​ប្រាំ​ឆ្នាំ ចេះ​ហូប​ផ្លែ​ទឹកដោះគោ​ក្នុង​មុង​យ៉ាង​ស្ងៀមស្ងាត់​។ នៅ​ថ្ងៃ​បន្ទាប់ អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​ស្ទូង ច្រូតស្រូវ កាប់​ព្រៃ​។ ដំបូង​ការងារ​អ្វី​ក៏​ខ្ញុំ​មិនចេះ​ធ្វើ​ដែរ​។ ក្រោយមក​អង្គការ​វាស់ដី​ព្រៃ​ប្រវែង​៥​ម៉ែត្រ​ឲ្យ​ខ្ញុំ​កាប់ឆ្ការ​។ ខ្ញុំ​កាប់ឆ្ការ​យឺត​ជាងគេ ដូច្នេះ​ម្តាយ​របស់ខ្ញុំ​បាន​លួច​ជួយ​កាប់​ឆ្ការព្រៃ​ឲ្យ​ខ្ញុំ​រហូត​។ ខ្ញុំ​ស្ទួ​ង​មិន​ទំនង​មេកង​ឈរ​សម្លឹងមុខ​ខ្ញុំ​។ លើសពីនោះ​កង​ស្ទូង​ជាមួយគ្នា បាន​ស្ទូង​បិទ​ពីក្រោយ​ខ្ញុំ​រក​ផ្លូវ​ដើរចេញ​មិន​រួច​។ នៅពេល​ច្រូតស្រូវ​ម្តងៗ ក៏​ខ្ញុំ​ច្រូត​យឺត​ជាងគេ​ដែរ​។​

​នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៧៥ ខ្ញុំ​ឆ្លងទន្លេ​បានកូន​ប្រុស​ម្នាក់ទៀត​។ កាលនោះ​មាន​ឆ្មប​ក្មេងៗ អាយុប្រមាណ​ជាង​១០​ឆ្នាំ​ជួយ​បង្កើតកូន​ឲ្យ​ខ្ញុំ​។ ពេល​កូន​របស់ខ្ញុំ​អាយុ​បាន​១០​ខែ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ចូលធ្វើ​ការងារ​វិញ​។ កូន​របស់ខ្ញុំ​នៅ​បៅដោះ​នៅឡើយ ដូច្នេះ​ខ្ញុំ​មាន​អង្រឹង​មួយ​ចង​ឲ្យ​កូន​ខ្ញុំ​ដេក​នៅ​ព្រៃ​ជិត​កន្លែង​ខ្ញុំ​ធ្វើការ ពេល​កូន​ខ្ញុំ​ឃ្លាន​ទើប​ខ្ញុំ​ឡើងមក​ឲ្យ​កូនបៅ ចំណែក​កូនស្រី​របស់ខ្ញុំ​ឲ្យ​យាយៗ​មើលថែទាំ​។ ខ្ញុំ​រែក​ដី បោចស្មៅ លើក​ភ្លឺ និង​គាស់​គល់ឈើ​។ រាល់ថ្ងៃ​ខ្ញុំ​ធ្វើការ​ត្រាំ​នៅក្នុង​ទឹក ព្រោះ​នៅ​សិត្បូ​គឺជា​ស្រុក​ទន្លេ​ធ្វើ​ឲ្យ​ខ្ញុំ​កើត​បន្ទាល​ត្រ​អាក និង​រមាស់ ប៉ុន្តែ​មេកង​មិន​ឲ្យ​ខ្ញុំ​ដើរ​ចេញពី​ទឹក​ទេ ទាល់តែ​ដល់​ម៉ោង​ទើប​ខ្ញុំ​អាច​ឡើងគោក​បាន​។ ខ្ញុំ​ឈរ​ហាលថ្ងៃ​ទើប​បាត់​រមាស់​។ នៅ​ទីនោះ ខ្ញុំ​ឈឺ​គ្រុនចាញ់​ជាច្រើនលើក គឺ​ឲ្យ​តែ​ដល់ពេល​រសៀល​ខ្ញុំ​ចាប់ផ្ដើម​ញាក់​។ ដូច្នេះ​មុនពេល​ថ្ងៃរសៀល ខ្ញុំ​ដាក់​ដាំបាយ​រួចហើយ​ឲ្យ​កូនស្រី​របស់ខ្ញុំ​នៅចាំ​មើល​ភ្លើង​។ ដល់ពេល​បាយ​ពុះ​កូនស្រី​របស់ខ្ញុំ​ក៏​រត់​មក​ប្រាប់​ខ្ញុំ​។ ខ្ញុំ​បាន​បង្រៀន​កូនស្រី​ខ្ញុំ​ពី​របៀប​ដាំបាយ​ដោយ​ឲ្យ​គាត់​បើក​គម្របឆ្នាំង នៅពេល​ទឹកបាយ​ពុះ ហើយ​ពេល​រីង​ទឹក​ខ្ញុំ​ឲ្យ​គាត់​ក្រប​វិញ​។​

កាន់ វ៉ាត គឺជាឪពុករបស់ កាន់ សុន្ធរ៉ា។ (កាន់ សុន្ធរ៉ា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ល្ងាច​មួយ​ក្នុង​ឆ្នាំ​១៩៧៦ ពេល​ខ្ញុំ​ចេញពី​ធ្វើការ​នៅ​កងចល័ត ខ្ញុំ​មក​ទាន់​កូន​របស់ខ្ញុំ​និង​មិត្តភក្តិ​កូន​របស់ខ្ញុំ​ដែលមាន​អាយុប្រមាណ​៥​ឆ្នាំ​ស្របាល​គ្នា កំពុង​អង្គុយ​ដំ​ខ្យង​ដែល​នៅរស់​យក សំបក​ចេញ និង​យក​សាច់​ខ្យង​ដាក់ចូល​ក្នុង​មាត់​។ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​ស្ទុះ​ទៅ​វាយ​កូន​របស់ខ្ញុំ​មួយ​ដៃ​ឲ្យ​ទម្លាក់​ខ្យង​ចុះ​វិញ​។ រឿងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​សោកស្ដាយ និង​អាណិតកូន​ដែល​ស្រេកឃ្លាន​។​

ឆ្នាំ​ដែល​សោកសៅ​
​នៅក្នុង​ឆ្នាំ​១៩៧៧ កូនស្រី​របស់ខ្ញុំ​ឈ្មោះ ថា​វី ឈឺ​រាក​មូល កូនប្រុស​ខ្ញុំ​ក៏​ឈឺ ចំណែក​ក្មួយ​ស្រី​របស់ខ្ញុំ​ក៏​ឈឺ​ហើម​ទៀត​។ ខ្ញុំ​គឺជា​អ្នក​នៅ​មើលថែទាំ​ពួកគេ​។ ពេល​កូនស្រី​របស់ខ្ញុំ​រាក​ដំបូង ខ្ញុំ​ស្នើសុំ​អង្គ​ការនាំ​គាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ដោយសារ​យើង​មិនមាន​ថ្នាំ​ឲ្យ​គាត់​លេប​។ អង្គការ​មិន​ឲ្យ​យក​កូន​ខ្ញុំ​ទៅ​ពេទ្យ​ភ្លាម​ទេ រហូត​កូន​ខ្ញុំ​រាក​មូល​ចេញឈាម​ទើប​អង្គការ​អនុញ្ញាត​។ ខ្ញុំ​យក​កូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឃុំ ពេទ្យ​ឃុំ​មើល​មិនជា​ទើប​ខ្ញុំ​យក​កូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ស្រុក​ស្អាង​។ កូន​របស់ខ្ញុំ​ឈប់​រាក ប៉ុន្តែ​នៅ​ហើម ដូច្នេះ​ពេទ្យ​ប្រាប់​ខ្ញុំ​ឲ្យ​ទៅរក​ស្ករ​ឲ្យ​កូន ហូប ដូច្នេះ​ខ្ញុំ​ក៏​ទៅសុំ​ស្ករ​ពី​ខាង​រោង​បាយ​។ ពេលនោះ​ខ្ញុំ​មិនដឹង​វិធី​ព្យាបាល​រាក​មូល​ដោយ​ត្រូវយក​ស្ករ​ទៅ​កូរ​ឲ្យ​ឆ្អិន (​ឡើង​តាំង​ម៉ែ​) សិន​ទើប​ឲ្យ​អ្នកជំងឺ​ហូប​ទេ គឺ​ខ្ញុំ​ឲ្យ​កូន​ហូប​ស្ករ​ឆៅ ទើប​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ហូប​រួចហើយ​លាប់​រាក​វិញ​។​

​នៅពេលនោះ​អ្នក​ស្គាល់​ខ្ញុំ​បាន​ឲ្យ​ផ្លែ​ល្ហុង​មក ដូច្នេះ​ខ្ញុំ​ក៏​យក​ល្ហុង​មក​ជ្រក់​ជាមួយ​អំបិល​ហើយ​ទុក​នៅ​ចុងជើង​ក្មួយ​។ ចំណែក​កូនប្រុស​របស់​ខ្ញុំ​ទើបតែ​អាយុ​២​ឆ្នាំ យំ​ឲ្យ​ខ្ញុំ​បី​វា​ចេញមកក្រៅ ស្រាប់តែ​ក្មួយ​របស់ខ្ញុំ​ឈ្មោះ មុំ លួច​ហូប​ជ្រក់ល្ហុង​ធ្វើ​ឲ្យ​វា​ឈឺ​លាប់​មើល​មិនជា​។ នៅពេលនោះ​បងស្រី​របស់ខ្ញុំ​បាន​ទៅលេង​កូនស្រី​របស់គាត់ (​ក្មួយ​របស់ខ្ញុំ​) នៅ​មន្ទីរពេទ្យ​ដែរ​។ ក្មួយ​របស់ខ្ញុំ​បាន​ប្រាប់​បងស្រី​របស់ខ្ញុំ​ថា «​ម៉ាក់​មិន​នៅ​មើល​កូន ឲ្យ​តែ​ម៉ាក់មីង​នៅ​មើល ម៉ាក់មីង​មិន​មើល​មុំ​ទេ មើល​តែ​កូន​របស់គាត់​»​។ ពេលឮ​ដូច្នេះ​បងស្រី​របស់ខ្ញុំ​ហាក់ដូចជា​អន់ចិត្ត​ជាមួយ​ខ្ញុំ​ដែរ​។ ក្រោយមក​កូន​របស់ខ្ញុំ​ពីរ​នាក់ និង​កូន​បងស្រី​របស់ខ្ញុំ​ម្នាក់ទៀត​បាន​ស្លាប់​ទាំងអស់​។ ចំណែក​ម្តាយ​ខ្ញុំ​ឈឺ​ហើម និង​រាក​មូល ហើយ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំ​ថ្ងៃ​ដែល​ចៅ​ស្លាប់​ដែរ​។ ម្តាយ​របស់ខ្ញុំ​មិនទាន់​ដឹងថា​ចៅៗ​ស្លាប់​ទេ​។ ខ្ញុំ​បាន​ទៅ​ជួយ​បោក​សារុង​ឲ្យ​ម្តាយ​របស់ខ្ញុំ​។ ក្រោយមក​ទើប​ម្តាយ​ខ្ញុំ​ដឹងថា ចៅ​ស្លាប់​ហើយ​គាត់​យំ​យ៉ាងខ្លាំង​។ គាត់​ប្រាប់​ខ្ញុំ​ថា ម៉ាក់​ប្រហែលជា​ទៅតាម​ចៅ​ហើយ​។ ម្តាយ​របស់ខ្ញុំ​បាន​ពោត​ស្ងោរ​មួយ​ផ្លែ​ពី​អ្នកជិតខាង​ឲ្យ​មក​គាត់​។ គាត់​ហូប​ពោត​នោះ​ក៏​លាប់​ជំងឺរាក​មូល​វិញ​។ ខ្ញុំ​មិនអាច​សុំ​អង្គការ​នៅ​មើលថែ​ម្តាយ​របស់ខ្ញុំ​បានយូរ​ទេ ព្រោះ​អង្គការ​ថា​ខ្ញុំ​មិនមែនជា​ពេទ្យ​។ ក្រោយមក​ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​។ ខ្ញុំ​ស្នើសុំ​អង្គការ​មក​មើលមុខ​ម្តាយ​ខ្ញុំ​ចុងក្រោយ ប៉ុន្តែ​អង្គការ​មិន​ឲ្យ​ខ្ញុំ​មក ថែមទាំង​និយាយថា​មក​ធ្វើ​អី​បើ​ស្លាប់​ហើយ​។​

ប្រវត្តិរូប អោម យិនដូនី នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កោះគរ​
​ប្ដី​របស់ខ្ញុំ​គឺជា​មនុស្ស​ឧស្សាហ៍ ព្យាយាម​ធ្វើការ ដូច្នេះ​មេភូមិ​ពេញចិត្ត​គាត់​ណាស់​។ នៅពេលដែល​ខ្មែ​ក្រហម​ជម្លៀស​ប្រជាជន​មកពី​ខាង​បូព៌ា​ចូលមក ស្ថានភាព​នៅក្នុង​ភូមិ​កាន់តែ​លំបាក ហើយ​មេភូមិ មេឃុំ ត្រូវបាន​ខ្មែរក្រហម​ផ្លាស់ប្ដូរ​ទាំងអស់​។ ប្ដី​របស់ខ្ញុំ​ត្រូវបាន​អង្គ​ការហៅ​ទៅ​រៀនសូត្រ តាមពិត​យកទៅ​ឃុំឃាំង​នៅ​កោះគរ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​។ ពេលនោះ ខ្ញុំ​នៅតែ​សង្ឃឹមថា​ប្តី​របស់ខ្ញុំ​នៅរស់ ប៉ុន្តែ​ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​លួច​រត់​ចេញពី​កោះគរ​បាន​ប្រាប់​ខ្ញុំ​ថា ខ្មែរក្រហម​យក​គ្រាប់បែក​គប់​ចូលទៅក្នុង​បន្ទប់​អ្នកទោស ហើយ​មាន​អ្នកទោស​ជាច្រើន​នាក់​ស្លាប់​។ ចំណែក​បងថ្លៃ​របស់ខ្ញុំ​ក៏​អង្គ​ការហៅ​ទៅ​រៀនសូត្រ​នៅ​កោះគរ នៅ​ខែមេសា ឆ្នាំ​១៩៧៧ ដែរ​។ ពេលឮ​ដំណឹង​នេះ បងស្រី​របស់ខ្ញុំ​ខិតខំ​ទប់​ស្មារតី​មិន​ហ៊ាន​យំ​ឡើយ ប៉ុន្តែ​រន្ធត់​និង​សង្វេគ​ស្ទើរ​បាត់បង់​ស្មារតី​។ ក្រោយមក​ខ្ញុំ​ទទួលដំណឹង​ថា ឪពុក​របស់ខ្ញុំ​ត្រូវបាន​ជម្លៀស​ទៅកាន់​ខេត្តបាត់ដំបង និង​ស្លាប់​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៧ ដែរ​។​

ជីវិត​ឯកោ​
​ខ្ញុំ​លែងមាន​កូន​ទៀតហើយ អង្គ​ការយក​ខ្ញុំ​ទៅ​ដាក់​ក្រុម​កម្លាំង​ស្រួច​ធ្វើស្រែ​មួយ​ហិកតា​មនុស្ស​ចំនួន​២០​នាក់​។ ខ្ញុំ​ហាក់ដូចជា​សាំ​នឹង​ការងារ​ច្រូត ស្ទូង លើក​ទំនប់ និង​រែក​ដី​ប្រណាំងប្រជែង​គ្នា​។ បងស្រី​របស់ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់​ទៅ​កង​មនុស្ស​ចាស់​ធ្វើការ​ជិតៗ​ផ្ទះ​។ ចំណែក​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ឆ្ងាយ​ផ្ទះ​ពិតមែន ប៉ុន្តែ​ខ្ញុំ​មានសំណាង ធ្វើការ​នៅ​ចម្ការ​អំពៅ ចម្ការពោត អាច​លួច​យកមក​ផ្ញើ​អ្នកផ្ទះ​ខ្លះ​។ ពេល​ចប់​ពី​ការងារ មេកង​ឲ្យ​ខ្ញុំ​ទូល​ស្មៅ​មួយ​ពំនូក​ត្រឡប់មកវិញ ដូច្នេះ​ខ្ញុំ​យក​អំពៅ​ដែល​កណ្ដុរ​កកេរ​យកមក​ហូប និង​យក​អំពៅ​ខ្លះ​លាក់​ក្នុង​ពំនូក​ស្មៅ​ទុក​ផ្ញើ​អ្នកផ្ទះ​។ ខ្ញុំ​មិន​យក​អំពៅ​ល្អៗ​របស់​អង្គការ​ទេ ចំណែក​ពោត​ក៏​ខ្ញុំ​យកតែ​ផ្លែ​តូចៗ​ដែល​អង្គការ​ទុកចោល ព្រោះ​ពេល​ឈ្លប​ខ្មែរក្រហម​ចាប់​យើង​បាន គឺ​មិនសូវ​យកទោស​ពៃរ៍​យើង​ទេ​។

​ថ្ងៃមួយ ខ្ញុំ​ទៅ​ងូតទឹក​នៅ​មាត់ទន្លេ​នៅ​ពេលយប់​ស្រាប់តែ​ខ្ញុំ​ឃើញ​ត្រី​មួយ​កញ្ច្រែង​ដែល​គេ​ធ្វើ​រួច និង​លាង​ស្អាត​ទុក​នៅ​ទីនោះ​។ ខ្ញុំ​មិនឃើញ​មនុស្ស​នៅក្បែរ​ត្រី​នោះឡើយ ដូច្នេះ​ខ្ញុំ​ក៏​លួច​យក​ត្រី​មួយ​ក្បាល​លាក់ទុក​ក្នុង​ចង្កេះ​ខោ​។ បន្តិចក្រោយមក​ខ្ញុំ​ឮ​ខ្មែរក្រហម​ជជែក​គ្នា អើ​ឆ្កែ​អូស​ត្រី​មួយ​ទៅ​បាត់​ហើយ​។ ខ្ញុំ​អរ​ខ្លាំងណាស់​ពេល​បានឮ​ខ្មែរក្រហម​និយាយថា​ឆ្កែ​អូស​ត្រី​ទៅ​បាត់​ដោយ​មិន​សង្ស័យ​មាន​អ្នក​លួច​។ ខ្ញុំ​យក​ត្រី​នោះមក​ស្ងោរ​ដាក់​អំបិល​តិចៗ​។ ខ្ញុំ​ហូប​ត្រី​នោះ​ឆ្ងាញ់​ខ្លាំងណាស់ ទោះបី​មិនមាន​បាយ​ហូប​ជាមួយ​ក៏ដោយ​។​

កាន់ សុទ្ធរ៉ា (រូបខាងឆ្វេង) នៅវត្តបទុមវត្តីពេលរៀនវគ្គបណ្ដុះបណ្ដាលគ្រូអនុវិទ្យាល័យនៅអំឡុងឆ្នាំ ១៩៨១-១៩៨២។ (កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំ​ធ្វើការ​នៅ​សិត្បូ​បាន​រយៈពេល​មួយ​ឆ្នាំ​ជាង​អង្គការ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ខ្ញុំ​។ អង្គការ​ឲ្យ​ខ្ញុំ​ដើរ​ពី​សិត្បូ ទៅ​កោះ​ទឹក​វិល​។ ខ្ញុំ​ឃើញ​សុទ្ធតែ​ស្រីៗ និង​ក្មេងៗ​រស់នៅ​ទីនោះ​។ អង្គការ​ឲ្យ​ខ្ញុំ​ឃ្វាលគោ​នៅ​ទឹក​វិល​។ ខ្ញុំ​មិនដែល​ឃ្វាលគោ​ពីមុនមក​ទេ ហើយក៏​មិន​ចំណាំ​គោ​ដែរ​។ ខ្ញុំ​យក​គោ​ទៅ​ចង​នៅក្រោម​ដើមឈើ ហើយ​វង្វេង​កន្លែង​ចង​គោ​ទៀត​។ ខ្ញុំ​រកគោ​មិនឃើញ ក៏​ភិតភ័យ​ខ្លាំងណាស់​។ សំណាងល្អ​ពេល​ល្ងាច​គោ​បម្រះ​រួច​ពី​ចំណង ហើយ​រត់​ចូល​គ្រោល​ដោយ​ខ្លួនឯង​។ ខ្មែរក្រហម​លត់​ដំ​ខ្ញុំ​គ្រប់សព្វ​បែបយ៉ាង​។ ថ្ងៃ​មួយពេល​ខ្ញុំ​កំពុង​ជម្រះ​ស្មៅ​នៅក្នុង​ចម្ការ ប្រធាន​កង​ហៅ​ប្រជាជន​មក​តម្រង់​ជួរ​។ បងស្រី​របស់ខ្ញុំ​មក​មិនទាន់បាន​ចូល​ជួរ​យឺត ដូច្នេះ​ខ្ញុំ​ថយក្រោយ​ដើម្បី​ឲ្យ​បងស្រី​របស់ខ្ញុំ​ឈរ​ពីមុខ​ខ្ញុំ​។ ប្រធាន​កង​រាប់​ពី​លេខ​រៀង​ទី​១​ដល់​៥០​ក៏​ឈប់ ហើយ​ឲ្យ​អ្នក​ទាំងនោះ​ទៅផ្ទះ​រៀបចំ​អីវ៉ាន់​ទាំងយប់ ប៉ុន្តែ​មិនបាន​ប្រាប់ថា​ទៅ​ទីណា​ឡើយ​។ ខ្មែរក្រហម​នាំ​យើង​មក​ស្ទឹង​សៀមរាប​កន្ទួត​។ ខ្មែរក្រហម​រៀបចំ​បាយ​ឲ្យ​យើង​ហូប​មួយ​ចម្អែត​ទាំងយប់ ហើយ​ថ្ងៃ​បន្ទាប់​ខ្មែរក្រហម​ចាត់តាំង​យើង​ទាំង​៥០​នាក់​ឲ្យ​ជួយ​ច្រូតស្រូវ​បន្ទាន់​។ ពេលនោះ​មនុស្ស​ពាក់កណ្ដាល​ឈឺក្រពះ ដោយសារ​យើង​មិនដែល​បាន​ហូបបាយ​ឆ្អែត​ជា​យូរ​មកហើយ​។ ខ្ញុំ​ក៏​ឈឺ​រាក​រួស​ដែរ ចំណែក​បងស្រី​របស់ខ្ញុំ​បានចេញ​ទៅធ្វើ​ការធម្មតា​។ ពេល​ច្រូតស្រូវ​ហើយ​រួចរាល់ ខ្ញុំ​បាន​ត្រឡប់​ទៅ​នៅ​ត្រើយ​ខាងលិច​ទន្លេ គឺ​នៅ​ព្រែក​រាំង ក្នុងស្រុក​ស្អាង ខេត្តកណ្តាល រហូតដល់​កងទ័ព​វៀតណាម​វាយ​ចូលមក នៅ​ដើមឆ្នាំ​១៩៧៩​។​

​សាង​ជីវិត​ថ្មី​
​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៩ ខ្ញុំ​មក​រស់នៅ​ឃុំ​ក្រាំងចេក ស្រុក​ឧដ្ដុង្គ ខេត្ត កំពង់ស្ពឺ​វិញ​។ ខ្ញុំ​បាន​ចូល​ធ្វើជា​គ្រូបង្រៀន​។ ដំបូង​ខ្ញុំ​បង្រៀន​សិស្ស​ក្រោម​ម្លប់ឈើ​ព្រោះ​យើង​មិនទាន់មាន​សាលារៀន​។ ក្រៅពី​ធ្វើជា​គ្រូបង្រៀន ខ្ញុំ​ប្រក​បរបរ​ចិញ្ចឹម​ជ្រូក ប៉ុន្តែ​ជ្រូក​ក៏​ងាប់​អស់​។ ពេលនោះ​ខ្ញុំ​មាន​កង់​មួយ ដូច្នេះ​ខ្ញុំ​បាន​ជិះ​កង់​ដើរ​រកស៊ី​ទិញស្រូវ​យកមក​ស្តុក​ទុក​ដើម្បី​លក់ ប៉ុន្តែ​ខ្ញុំ​ខាត​ដោយសារ​ខ្ញុំ​ទុក​ស្រូវ​ចំ​កន្លែង​ដែលមាន​ទឹក​ស្រក់​ពីលើ​បណ្តាល​ឲ្យ​ស្រូវ​ដុះ​។ បន្ទាប់មក​ខ្ញុំ​ដើរ​ទិញ​ស្ករត្នោត​ទុក​លក់ ប៉ុន្តែ​ស្ករ​ចុះថោក​ទៀត​។​

ប្រវត្តិរូប និង​រូបថត​
​នៅ​ឆ្នាំ​១៩៨៤ ខ្ញុំ​ឡើងមក​រៀន​នៅ​សាលា​គរុកោសល្យ​នៅ​ភ្នំពេញ ផ្នែក​គីមីវិទ្យា​។ ពេលនោះ ខ្ញុំ​នឹកឃើញ​បង​ឡាង​ដែល​អង្គ​ការហៅ​ឲ្យ​ទៅធ្វើ​ការ​វិញ ដែល​ខ្ញុំ​តែងតែ​សង្ឃឹមថា​គាត់​នៅរស់​។ ប៉ុន្តែ​ក្ដីសង្ឃឹម​នេះ​បាន​រលត់ទៅវិញ នៅពេល​ខ្ញុំ​រកឃើញ​ឯកសារ​ចម្លើយសារភាព​របស់ បង​ឡាង ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៧៥ រក្សាទុក​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​សាសន៍​ទួលស្លែង​។ នៅក្នុង​ឯកសារ​នេះ​ក៏បាន​បញ្ជាក់​អំពី​ក្មួយរ​បស់បង​ឡាង​ពីរ​នាក់ ដែល​បង​ឡាង​នាំយកទៅ​ជាមួយ​គាត់​ដែរ ហើយ​ក្រោយមក​អ ង្គ​ការយក​កុមារ​ទាំងពីរ​នាក់​នោះ​ទៅ​ដា​ក់នៅ​មន្ទីរ​កុមារ​ចម្ការ​ដូង​។ ក្រោយមក​ខ្ញុំ​រកឃើញ​រូបថត​និង​ឯកសារ​របស់​បងថ្លៃ​ខ្ញុំ​ចុះ​លេខ​I០៩៥៨១ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឈ្មោះ អោម យិន​ដូ​នី (​ត្រូវជា​ប្រពន្ធ​របស់ បង​ឡាង​) ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ទៀត​។​

​ខ្ញុំ​បាន​បាត់បង់​ឪពុកម្តាយ បង​បង្កើត បងថ្លៃ កូន ក្មួយ ជាទី​ស្រឡាញ់​។ នៅក្នុង​ឆ្នាំ​២០០៧ ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា ការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរក្រហម​ដើម្បី​រក​យុត្តិធម៌​ជូន​សមាជិកគ្រួសារ​រប​ស់​ខ្ញុំ​។ កន្លងមក​សាលាក្តី​ខ្មែរក្រហម​បាន​កាត់ទោស​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ជាប់គុក​អស់​មួយជីវិត​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងប់​ចិត្តបាន​ខ្លះ​។​

​ខ្ញុំ​ចូលនិវត្តន៍​ពី​គ្រូបង្រៀន​រយៈពេល​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ពេល​ឃើញ​សិស្ស​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់បាន​បង្រៀន​មានការ​ងារ​ធ្វើ ចំណែក​ក្មួយៗ​របស់ខ្ញុំ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ កសាង​គ្រួសារ និង​អាច​រស់នៅ​ដោយ​ខ្លួនឯងបាន​។ ឆ្លៀតពេល​ទំនេរ​ពី​ការងារ ខ្ញុំ​ទៅ​វត្ត​ធ្វើបុណ្យ​ស្ដាប់​ព្រះធម៌ ។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ​ឃុំ​សុ​ព័រ​ទេព សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​៕​សរន


កាន់ សុទ្ធរ៉ា ផ្តល់សក្ខីកម្មនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ សាលាក្ដីខ្មែរក្រហម។ (កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា)