ដោយ:ដេប៉ូ/ព្រះវិហារ៖ក្រសួងបរិស្ថាន រួមជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)កាលពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២២បានរៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូក លោក គីម រិទ្ធី អភិបាល អភិបាលខេត្តព្រះវិហារ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងព្រមទាំងមានការចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋានជាច្រើនរូបទៀត។

ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេស នាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។

គួរបញ្ជាក់ថាក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS អនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែមពីរដងក្នុងមួយខែ និងការការពារសម្បុកពងកូន។

ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” ចំនួន ១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ក្នុងនោះ៖ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០ក្បាល និងត្មាតត្នោត ២០ក្បាល។ចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន អង្គការWCSបានអនុវត្តគម្រោងនៅតំបន់ការពារទេសភាពភាគឧត្តរ(ខេត្តព្រះវិហារ)នៃប្រទេសកម្ពុជា ដោយធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះការគាំទ្រការលើការល្បាត អនុវត្តច្បាប់សហគមន៍តំបន់ការពារធម្មជាតិ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ ការបែងចែក និងកំណត់តំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ៕សរន