ប្រជាពលរដ្ឋ​៣៨០​គ្រួសារ រស់នៅ​សង្កាត់​ចាក់អង្រែលើ ទទួលបាន​សិទ្ធិ​និង​លំនៅដ្ឋាន​រស់នៅ​ស្របច្បាប់​

1460
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: សាលា​រាជធានី​ភ្នំពេញ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី និង​ខណ្ឌមានជ័យ សម្រេច​ប្រគល់​ដី​ប្រទានកម្ម ពីស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ប្រជាពលរដ្ឋ ៣៨០​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ទាំងអស់នោះ ដើម្បី​ឲ្យ​បងប្អូន​ទទួលបាន​សិទ្ធិ​និង​លំនៅដ្ឋាន​រស់នៅ​ស្របច្បាប់ លែងមាន​ការភិតភ័យ​ចំពោះ​បាត់បង់​ដីធ្លី​។​

​ក្នុង​ពិធី​ប្រគល់​ដី​ប្រទានកម្ម ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ប្រជាពលរដ្ឋ ចំនួន​៣៨០​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នា​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា នៅ​សាលាខណ្ឌ​មានជ័យ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​អាជ្ញាធរ ប្រគល់​ដី​ប្រទានកម្ម​ជូន​បងប្អូន ដែល​រង​ផលប៉ះពាល់​ពី​ការអភិវឌ្ឍ​តំបន់​បឹង​ជើងឯក​នាពេលនេះ គឺ​អនុវត្តន៍​ទៅតាម​ការណែនាំ​របស់​ស​ម្តេច អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បងប្អូន​បានស្នើ​សុំ​ពីស​ម្តេច​កន្លងមក ។

​លោក អភិបាល​បន្តថា ដោយ​ពិនិត្យឃើញ ពី​ភាពលំបាក​របស់​បងប្អូន សម្តេច​ក៏បាន​ប្រគល់​ដី​ប្រទាន​កម្មនេះ តាមរយៈ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ពីព្រោះ​បងប្អូន​ពិតជា​រស់នៅ​ទីតាំង​នេះ​ជា​យូរ​ឆ្នាំ​មែន​។​

​លោក​អភិបាល បាន​បន្ថែមថា “​ក្នុង​មាន​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​សេចក្តីរំភើប​រីករាយ​មក​ផ្សព្វផ្សាយ​ជូន​នេះ គឺថា​សំណើរ​របស់ បងប្អូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​សម្តេច​សម្រេច​ចិត្ត ធ្វើ​ប្រទានកម្ម ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​យកចិត្តទុកដាក់​ជីវភាព​ទៅលើ​ការរស់នៅ​រហូតដល់​ថ្ងៃនេះ ថា​អាច​បោះឆ្នោត​ហើយ​ភ្លាម និង​ទទួលបាន​កម្មសិទ្ធិ​ហើយ ។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​មានប្រសាសន៍​ដែរ​ថា ការប្រគល់​ដី​ប្រទានកម្ម​ដី​ជូន​បងប្អូន​នេះ គឺមាន​ការចុះវាស់វែង​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បានច្បាស់លាស់ ទើប​ឈានទៅដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ “​។ “​ពួកគាត់​ទន្ទឹងរង់ចាំ​ប័ណ្ណ​មួយ​នេះ ជា​យូរ​មកហើយ ព្រោះ​វា​ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​ពួកគាត់ អាច​រស់​នៅមាន​សិទ្ធិ​ពេញលេញ ក្នុងការ​គ្រប់គ្រង អាច​ខ្ចី ឬ​បញ្ចាំ​ជាមួយ​ធនាគារ យក​ដើមទុន​រកស៊ី​បាន ហើយក៏​អាច​ផ្ទេរមរតក ចែក​កូនចៅ​ទៅ​អនាគត​បន្ថែមទៀត ។​

“​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺមាន​ផលប្រយោជន៍​ពីរ​យ៉ាង គឺ​ប្រជាពលរដ្ឋ ក៏បាន​ផលប្រយោជន៍ ហើយ​រដ្ឋ​ក៏​ទទួលផល​ប្រយោជន៍ ព្រោះ​ពេល​ប្រជាពលរដ្ឋ មាន​លំនឹង​ពិតប្រាកដ មាន​លំនៅដ្ឋាន ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅដាក់​ធនាគា​រ យកលុយ​មកប្រើប្រាស់​បាន តាម​តម្រូវការ​រស់នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ។​

​លោក​អភិបាលខណ្ឌ​មានជ័យ ក៏បាន​អំពាវនាវ​សុំឱ្យ​បងប្អូន​ប្រើប្រាស់​វា ជា​ប្រយោជន៍​សម្រាប់​ក្រុមគ្រួសារ រក្សា​ទុកឱ្យ​បានល្អ កុំឱ្យ​បាត់បង់ និង​នាំគ្នា​ទៅ​បង់ពន្ធ ជូន​រដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា តាម​ការកំណត់​របស់​រដ្ឋ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម