ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យ៉ាងហោចណាស់មនុស្ស ៤៦ នាក់បានស្លាប់នៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៦,៨ រិច្ឆទ័របានវាយប្រហារភាគនិរតីប្រទេសចិនកាលពីថ្ងៃចន្ទទី៥កញ្ញា ខណៈរញ្ជួយដ៏ខ្លាំងក្លានេះបានបំផ្លាញផ្ទះសម្បែងនិងបណ្តាលឱ្យតំបន់គ្មានអគ្គិសនីប្រើប្រាស់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ខ្សែទូរគមនាគមន៍នៅក្នុងតំបន់ដែលមានមនុស្សជាង ១០.០០០ នាក់ត្រូវបានកាត់ផ្តាច់នៅក្នុងខេត្តស៊ីឈ័ន (Sichuan) ហើយផ្លូវមួយចំនួនត្រូវបានបិទដោយការរអិលបាក់ដី ខណៈរលករំញ័របានបង្ខំឱ្យស្ថានីយថាមពលមួយចំនួនបិទបណ្តាញនៅតំបន់ហ្គាសេ (Garze) និងយ៉ាអាន (Ya’an)។

រញ្ជួយដីនេះគឺមានសភាពខ្លាំងក្លាបំផុតដែលបានវាយប្រហារតំបន់នេះចាប់តាំងពីឆ្នាំ ២០១៧ ជាមួយនឹងរំញ័រឈានដល់ចម្ងាយរាប់រយគីឡូម៉ែត្រដល់ទីក្រុងស៊ីអាន (Xian) និងក្រុងឆាងសា (Changsha)។

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនបាននិយាយថា ចំណុចកណ្តាលនៃរញ្ជួយដីគឺនៅទីប្រជុំជនលូទីង (Luding) ជាមួយនឹងជម្រៅប្រមាណ ១៦ គីឡូម៉ែត្រ។ បួន​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​គឺ​នៅ​ទីប្រជុំជនលូទីង។

សារបង្ហោះជាច្រើនកាលពីថ្ងៃចន្ទពីវេបសាយបណ្តាញសង្គមចិន Weibo បានបង្ហាញបង្គោលភ្លើងយោលយោគនៅទីរួមខេត្តស៊ីឈ័ន គឺក្រុងចេងទូ (Chengdu) ដែលមានប្រជាជនប្រហែល ២១ លាននាក់ ស្ថិតនៅចម្ងាយប្រហែល ២២៥ គីឡូម៉ែត្រពីចំណុចរញ្ជួយ។

យោងតាមទូរទស្សន៍រដ្ឋខាងលើបានឱ្យដឹងថា មនុស្សសរុបចំនួន ៣៩.០០០ នាក់រស់នៅក្នុងចម្ងាយ ១៩ គីឡូម៉ែត្រពីចំណុចរញ្ជួយដី និង ១,៥៥ លាននាក់រស់ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ៕

មនុស្សសរុបចំនួន ៣៩.០០០ នាក់រស់នៅក្នុងចម្ងាយ ១៩ គីឡូម៉ែត្រពីចំណុចរញ្ជួយដីនៅទីប្រជុំជនលូទីង