ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យបានបដិសេធមិនព្រមបើកហ្គាសទៅកាន់អឺរ៉ុបឡើងវិញទេដរាបណាទណ្ឌកម្មរបស់លោកខាងលិចត្រូវបានដកចេញ ដោយបង្កើនការប្រើថាមពលរបស់វិមានក្រឹមឡាំងធ្វើជាអាវុធសងសឹក។

តម្លៃលក់ដុំហ្គាសបានកើនឡើង ៣០ ភាគរយកាលពីថ្ងៃអាទិត្យ នៅពេលដែលទីផ្សារបានបើកជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា បំពង់បង្ហូរហ្គាស Nord Stream នឹងមិនបើកឡើងវិញទេបន្ទាប់ពីការថែទាំបីថ្ងៃ។

ហើយវិមានក្រឹមឡាំងបានចេញការទាមទារច្បាស់លាស់បំផុតរបស់ខ្លួនថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសម្ពន្ធមិត្តរបស់ពួកគេ ត្រូវតែដកវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចេញសិន មុននឹងខ្លួនបើកការផ្គត់ផ្គង់ធម្មតាឡើងវិញ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ប្រធាន​អ្នកនាំពាក្យ​របស់​លោក វ៉្លាឌីមៀ ពូទីន បាន​និយាយ​ថា “បញ្ហា​ជាមួយ​នឹង​ការ​បូម​ហ្គាសបាន​កើត​ឡើង​ដោយ​សារ​តែ​ទណ្ឌកម្ម​ដែល​ប្រទេស​លោកខាងលិច​បាន​ដាក់​ប្រឆាំង​នឹង​ប្រទេស​របស់​យើង”។ លោកបាននិយាយថា “វាជាទណ្ឌកម្មដាក់ចេញដោយរដ្ឋលោកខាងលិចដែលបាននាំឱ្យស្ថានការណ៍ទៅជាអ្វីដែលយើងឃើញសព្វថ្ងៃ” ដោយលើកហេតុផលថា រុស្ស៊ីមិនអាចមានប្រភពសម្រាប់ការជួសជុល ដែលឥឡូវនេះកំពុងត្រូវការជាចាំបាច់។

ក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Gazprom បានស្តីបន្ទោសទៅលើការលេចធ្លាយប្រេងនៅក្នុងតួប៊ីន ប៉ុន្តែក្រុមហ៊ុនអាល្លឺម៉ង់ Siemens បានបដិសេធការលើកឡើងនេះ ដោយនិយាយថាបំពង់បង្ហូរហ្គាសមិនចាំបាច់ត្រូវបិទនោះទេ។ ក្រុមហ៊ុន Siemens និយាយថា “ការលេចធ្លាយបែបនេះជាធម្មតាមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់តួប៊ីននោះទេ ហើយអាចបិទជិតវិញនៅនឹងកន្លែង។ វា​ជា​នីតិវិធី​ធម្មតា​ក្នុង​វិសាលភាព​នៃ​ការងារ​ថែទាំ”៕

តម្លៃហ្គាសនៅអឺរ៉ុបកើនឡើង៣០ភាគរយ ខណៈរុស្ស៊ីមិនព្រមបើកបំពង់បង្ហូរហ្គាសឡើងវិញ