​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡា​លើក​ទម្ងន់​ជម្រើសជាតិ​កម្ពុជា កីឡាករ ឌុ​ច ប៊ុន​រ័ត្ន បាន​ខំប្រឹង​ហ្វឹកហាត់​យ៉ាងខ្លាំង ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​ស៊ី​ហ្គេម ប្រទេស​វៀតណាម ដោយ​គេ​សង្ឃឹមថា នឹង​អាច​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។

​កីឡាករ រូបនេះ បាន​ឲ្យ​ដឹងថាៈ សម្រាប់​ការចូលរួម​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ កាលពី​ថ្មីៗ​នេះ ខ្លួន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម ៧​ប្រទេស (​ឥណ្ឌូនេស៊ី​លេខ​១ ថៃ​លេខ​២ ហ្វីលីពីន​លេខ​៣ កម្ពុជា​លេខ​៤ វៀតណាម​លេខ​៥ ម៉ាឡេស៊ី​លេខ​៦ និង​ទី​ម័​រ​ខាងកើត​លេខ​៧)​។

​ឌុ​ច ប៊ុន​រ័ត្ន បានទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់ខ្លួន ប៉ុន្តែ​រូបគេ​ក៏​សប្បាយចិត្ត ដែល​បាន​ចូលរួម និង​ទទួលបាន​បទពិសោធន៍​ល្អៗ​ជាច្រើន ដើម្បី​ជំរុញ​ដល់​ការហ្វឹកហាត់​បន្ទាប់​។

​ប៊ុន​រ័ត្ន បាន​បន្ដថាៈ ” ចំពោះ​បទពិសោធន៍ បានទទួល​ពី​ការប្រកួត​ស៊ី​ហ្គេម​លើកដំបូង នៅ​វៀតណាម ខ្ញុំ​យល់ឃើញថា ទាំង​ទម្រង់ និង​បច្ចេកទេស ខ្ញុំ​បាន​កែប្រែបាន​ល្អប្រសើរ​ជាង​មុន ព្រោះ​អ្វីដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​មើល​កីឡាករ​គេ ថា​មុនគេ​ចូល​ហ្វឹកហាត់ ឬ​ប្រកួត គេ​ធ្វើយ៉ាងណា ឬ​គេ​មាន​របៀប​កម្ដៅ​សាច់ដុំ​យ៉ាងម៉េច​? ហេតុនេះ​តា​ក់ទិច ដែល​យើង​បានឃើញ យើង​អាច​យកមក​សិក្សា​បន្ថែម និង​ស្វែងរក ក្នុង Youtube ពិសេស​លោកគ្រូ​-​អ្នកគ្រូ ដែល​គាត់​បាន​ស្វះស្វែង​ផ្ដល់​ជា​យោបល់ និង​បច្ចេកទេស​បន្ថែម​។ ដូច្នេះ​ទាំង​កម្លាំងកាយ និង​បច្ចេកទេស​បូកផ្សំ​បញ្ចូល​គ្នា​ជាមួយ​ការហ្វឹកហាត់ យើង​អាច​បង្កើន​សមត្ថ​ភាពជា​ង​មុន ធ្វើ​ឲ្យ​លទ្ធភាព និង​សមត្ថភាព​ពួក​ខ្ញុំ អាច​សង្ឃឹម​ក្នុងការ​ប្រជែង មេដាយ​ជាង​មុន​”​។

​ទោះជា​យ៉ាងណាក្ដី ក៏​កីឡា​លើក​ទម្ងន់​រូបនេះ​បាន​អះអាងថាៈ ត្រូវការ​ការ​ខំប្រឹង​ហ្វឹកហាត់​កាន់តែខ្លាំង​បន្ថែមទៀត ពិសេស​ក្នុងឱកាស​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ (CAMSOC) នាពេល​ឆាប់ៗ​ខាងមុខ​។

​រូបគេ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ខិតខំ​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ពោលគឺ ការលះបង់​ដោយ​ដោះដូរ​ញើស​ឈាម​ផ្ទាល់ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​ទាំង ១៧​លាន​នាក់ នៅ​កម្ពុជា ។

​ប៊ុន​រ័ត្ន បាន​សង្កត់ធ្ងន់ថាៈ គោលដៅ​របស់គេ គឺ​ចង់បាន​មេដាយប្រាក់​។ ដូច្នេះ​ការលះបង់ និង​ញើស​ឈាម ដែល​រូបគេ​ខំប្រឹង​សង្ឃឹមថា អាចនឹងទទួល​បាន​។

​កីឡាករ​រូបនេះ បានចាប់ផ្ដើម​អាជីព​កីឡា​លើក​ទម្ងន់​កាលពី​ឆ្នាំ​២០១៨​។ គេ​បន្ថែមថា គេ​ធ្លាប់​ប្រៀបធៀប​ថា​គេ​អត់​បាន​មេដាយ តើ​កីឡាករ​ប្រទេស​ផ្សេងៗ គាត់​ហាត់​បែបណា​ទើប​ទទួលបាន​មេដាយ​? ហេតុនេះ ប្រសិនបើ​ពួកគេ​លះបង់​ខ្លាំង យើង​ជា​ខ្មែរ ក៏ត្រូវ​លះបង់​ឲ្យ​ខ្លាំង​លើសពី​ពួកគាត់ ទោះបីជា​ឆ្នាំនេះ យើង​ធ្វើ​មិនបាន​ល្អ ឆ្នាំក្រោយ ត្រូវ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​។ និយាយ​រួម​ទៅ កីឡា​មួយ​នេះ ខ្ញុំ​គិតថា ១​ឆ្នាំ ២​ឆ្នាំ ខ្ញុំ​ពិបាក​នឹង​ទទួលបាន​មេដាយ ព្រោះ​អី​ខ្ញុំ​ធ្លាប់​ប្រៀបធៀប​ខ្លួនឯង ជាមួយ​ដៃគូ​។ កីឡាករ​ខ្លះ គាត់​ធ្លាប់​តាំងពី​អាយុ ១១ ឆ្នាំ​រហូតដល់​អាយុ​ប្រហែល​ខ្ញុំ​ដូច្នេះ​សមត្ថភាព​ពួកគាត់​ខ្លាំង​ជាង​យើង​។ ហេតុនេះ ខ្ញុំ​អត់​មាន​អ្វី​ក្រៅពី​សិក្សា​ពី​ពួកគាត់​បន្ថែម​ហើយ​គោលបំណង​របស់ខ្ញុំ ចង់​ឲ្យ​ខ្លាំង​ដូច​គាត់ និង​ទទួលបាន​មេដាយប្រាក់ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕/V​