​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ ឆ្នាំ​២០២២ បានបញ្ចប់​ហើយ​។

​ព្រឹត្តិ​កាណ៍​នេះ បានចាប់ផ្ដើម តាំងពី​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០២២ ដោយមាន​ក្រុម​មកពី​សាលា​បាល់ទាត់​តម្រង់ ២៥ រាជធានី​-​ខេត្ត និង​ក្លិប​បាល់ទាត់​នានា នៅ​កម្ពុជា​។ ក្នុងនោះ​ក៏មាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ មាន​ចំនួន ៣៧ ក្រុម មកពី​ក្លិប​ចំនួន ១៤ និង​សាលា​តម្រង់ទិស ២៣​រាជធានី​-​ខេត្ត ខណៈ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ មាន​ចំនួន ៣៩ ក្រុម មកពី​ក្លិប​ចំនួន​១៤ និង​សាលា​តម្រង់ទិស ២៥ រាជធានី​-​ខេត្ត​។

​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត អស់​រយៈពេល​ជាង ៥​ខែ ទីបំផុត ក្រុម​ម្ចាស់​ជ័យលាភី ត្រូវបាន​រកឃើញ ដោយ​ជើងឯក​អាយុ​ក្រោម ១៨​ឆ្នាំ បាន​ទៅ U-18 វិសាខា ក្រោយ​យកឈ្នះ U-18​ភ្នំពេញ​ក្រោ​ន​ដោយ​លទ្ធផល ៣​ទល់​១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ស្របពេល​ដែល​ជើងឯក​អាយុ​​ក្រោម ១៥​ឆ្នាំ បាន​ទៅលើ U-15 សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (Tiffy Army) ក្រោយ​បាន​យកឈ្នះ U-15 សាលា​តម្រង់ទិស​ខេត្តស្វាយរៀង ដោយ​បាល់ ១១​ម៉ែត្រ កាត់សេចក្ដី ៥​ទល់​៣ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។

​នេះ​ជា​ឈាម​ថ្មី ដែល​ត្រៀមខ្លួន​ដើម្បី​ជំនួស​ឈាម​ចាស់ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​​ព្រឹត្តិការណ៍​ពានរង្វាន់​ធំៗ​ផ្សេងៗ​ទៀត​។

​លោក ឡា ឡៃ រដ្ឋលេខាធិការ ក្រសួង​ធម្មការ​និង​សាសនា ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​តំណាង​លោក សៅ សុខា ប្រធាន​សហព័ន្ធ បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​យុវជន គ្រូបង្វឹក និង​មន្ត្រី​រៀបចំ​ការប្រកួត និង​ចាត់ទុកថា សកម្មភាព​ដ៏​មាន​សារសំខាន់​របស់​សហព័ន្ធ ជាពិសេស ភាពស្របគ្នា​ទៅនឹង​ផែនការ​អភិវឌ្ឍ​យុវជន សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​លោក បាន​មានប្រសាសន៍ថាៈ លទ្ធផល​ដែល​ទទួលបាន​ពី​ការរៀបចំ​នៅពេលនេះ គឺជា​ចំណុច​សំខាន់​មួយ នៅក្នុង​ចំណោម​ចំណុច​សំខាន់​ទាំង​១២ នៃ​ចក្ខុវិស័យ​បេសកម្ម​របស់​​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដែល​បានបង្ហាញ​ពី​វឌ្ឍនភាព និង​គោលបំណង​ដែលមាន​ខ្លឹមសារ​រួម​គឺ ព្រឹត្តិការណ៍​នេះ ផ្ដល់ឱកាស​ឱ្យ​យុវជន​ជាច្រើន បាន​ចូលរួម​បង្កើន​សមត្ថភាព​របស់​ខ្លួន ស្របគ្នា​ទៅនឹង​ផែនការ​អភិវឌ្ឍ​យុវជន​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្នុងនោះ មាន​ធនធាន​កីឡាករ ដែលមាន​អាយុ ១៨​ឆ្នាំ ឈានចូល ១៩​ឆ្នាំ ក្នុង​ឆ្នាំ​២០២២ នេះ​។

​លោក​បាន​មានប្រសាសន៍​បន្ថែមថាៈ បច្ចុប្បន្ននេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា កំពុង​យកចិត្តទុកដាក់​ពង្រឹង​បរិមាណ​កីឡាករ រក​កម្រិត​អាយុ​នេះ ឱ្យ​កាន់តែច្រើន ជាមួយនឹង​ស្ថេរភាព និង​គុណ​វុ​ឌ្ឍ​បច្ចេកទេស​ជាសំខាន់ ដែល​ក្នុងនោះ​ការអភិវឌ្ឍ ការប្រកួត​មាន​ស្ដង់ដា និង​គុណភាព​ខ្ពស់​ទាក់ទង​នឹង​រយៈពេល ព្រមទាំង​រូបមន្ត​ប្រកួត​ស្របតាម​កម្មវិធី​អាទិភាព​នៃ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​ទាំង​១២ ចំណុច ដែល​សហព័ន្ធ​កីឡាបាល់ទាត់​បានដាក់​ចេញ​។

​យុទ្ធសាស្ត្រ​ទាំង​១២ ចំណុច រួមមាន​៖ ទី​១ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ២ ការអភិវឌ្ឍ​ថ្នាល និង​យុវជន​, ៣ ការអភិវឌ្ឍ​ប្រកួត​, ៤ ការអភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​, ៥ ការអភិវឌ្ឍ​គ្រូបង្វឹក​, ៦ ការអភិវឌ្ឍ​អាជ្ញាកណ្ដាល​, ៧ ការអភិវឌ្ឍ​បាល់ទាត់​ក្នុង​សាល​, ៨ ការអភិវឌ្ឍ​បាល់ទាត់​នារី​, ៩ ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​, ១០ ការអភិវឌ្ឍ​ក្លិប​, ១១ ការអភិវឌ្ឍ​ការគ្រប់គ្រង រដ្ឋបាល និង​នីតិកម្ម និង​ទី​១២ ការអភិវឌ្ឍ​ទីផ្សារ ព័ត៌មាន និង​អ្នកគាំទ្រ​៕/V​