ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍ Asian Aerobic championships ដែល​ធ្វើ​នៅ​ទី​ក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​នោះ កម្ពុជា បញ្ចប់​ត្រឹម​មេដាយ ៣ គ្រឿង ។​

​សម្រាប់​មេដាយ ដែល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន ក្នុងនោះ មេដាយប្រាក់​ដំបូង រកបាន​លើ វិញ្ញ​សាគូ ដែលមាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី ចាប់​ដៃគូ​ជាមួយ​កីឡាការិនី ឈួន ស្រីនាត ចំណែក​មេដាយ​សំរឹទ្ធ រកបាន​លើ​វិញ្ញាសា​ទ្រី​យ៉ូ ដែលមាន កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី , កីឡាការិនី ឈួន ស្រីនាត និង​កីឡាការិនី ច្រឹង ចាន់​ត្រា ដែល​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១៥ ឆ្នាំ​។​
​ចំពោះ​មេដាយប្រាក់ ១​គ្រឿង បន្ថែមទៀត ដណ្តើមបាន​ដោយ ក្រុមកីឡា​ការិនី​អាយុ​ក្រោម ១៨ ឆ្នាំ មានដូចជា កីឡាការិនី ឌឹ​ម អ៊​ន​ធីតា , កីឡាការិនី ណេ​ម សុខ​ហេង , កីឡាការិនី ស៊ីវ ចន្ថា , កីឡាការិនី សួស ស្រី​ពៅ , កីឡាការិនី ឈួន សុវណ្ណ​បញ្ញា ។​

​សម្រាប់​ការប្រកួត​ចុងក្រោយ កាលពី​ម្សិលមិញ​នេះ សម្រាប់​ប្រភេទ​អាយុ​១៨​ឆ្នាំ​ឡើង​នោះ កម្ពុជា​មិនបាន​ទទួល​មេដាយ​ឡើយ គឺ​បាន​ចំណាត់ថ្នាក់​លេខ​៤ តែ​ទោះជា​យ៉ាងណា​ក៏​លោក ណ​យ ផា​ណា ដែលជា​ប្រធាន​ប្រតិភូ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ ចាត់ទុកថា គឺជា​លទ្ធផល​ល្អ​មួយ សម្រាប់​សម្លឹង​ទៅ​ឆ្នាំ​២០២៣​។​

​លោក ណ​យ ផា​ណា ក៏​ធ្លាប់​បានបង្ហាញ​ជំនឿ​ចិត្ត យ៉ាង​មុតមាំ​ថា បើទោះបីជា​ព្រឹត្តិការណ៍ ប្រកួត​លើក​នេះ មាន​កីឡាករ​-​កីឡាការិនី ដែល​មកពី​ប្រទេស​ខ្លាំងៗ ចូលរួម​ច្រើន ដូចជា ប្រទេស​ជប៉ុន ប្រទេស​អ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និង​ប្រទេស​វៀតណាម​យ៉ាងណាក្តី ប៉ុន្តែ​រូបលោក​នៅតែមាន​សង្ឃឹម​ជានិច្ច ក្នុងការ​ដណ្តើម​មេដាយ ជូន​ជាតិ មិន​ថា មេដាយ​កម្រិត ណាក៏ដោយ ក្នុងចំណោម​មេដាយ (​មាស ប្រាក់ និង​សំរិទ្ធ​) ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កាយសម្ព័ន្ធ ជើងឯក​អាស៊ី​លើក​ទី​៧ ឆ្នាំ​២០២២ (Asian Aerobic championships) នៅ​ប្រទេស​ថៃ​នេះ មាន​ចំនួន ១៣ វិញ្ញាសា ដាក់ឱ្យ​ប្រកួត ដោយ​​មាន​ក្រុម​កីឡាករ កីឡាការិនី មកពី​បណ្តាល​ប្រទេស​នានា ដែលមាន​ចំនួន​សរុប ២៩៥ នាក់ ចូលរួម​ប្រកួត​។​

​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា ចំនួន ១៨ នាក់ រួមមាន ចៅក្រម​អន្តរជាតិ ២ នាក់ គ្រូបង្វឹក និង​គ្រូ​ជំនួយ ៣ នាក់ ព្រមទាំង​កីឡាករ​-​កីឡាការិនី ១៣ នាក់ ក្នុងនោះ​កីឡាការិនី ៨ នាក់​៕ V / N