ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ពិភាក្សា​ជាមួយនឹង លោក ប៉ា​ប្លូ កាង ( Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​ពិភាក្សា​ការងារ​ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​តំបន់ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក រដ្ឋមន្ត្រី បាន​ជម្រាបជូន​នូវ​វឌ្ឍនភាព​នៃ​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព (PEDs) ក្រោម​ភាពជា​ប្រធាន អាស៊ាន​របស់​កម្ពុជា ជាពិសេស​ការចរចា​ដំ​ទ្បើង​កម្រិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ទ្ប​ង់ (AAZNFTA Upgrade Negotiations)​។​

​លោក​រដ្ឋមន្ត្រី បន្តថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ បាន​ពិនិត្យ និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​ភាគី​ចរចារ​ទាំងអស់ ដើម្បី​អាចឈាន​ដល់​ការសម្រេចបាន​នូវ​ជំហរ​រួម សំដៅ​បញ្ចប់​ការចរចា​ជា​ដុំកំភួន ស្របតាម​ពេលវេលា​កំណត់​។

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រារព្វ​ទ្បើង​នៅ​ថ្ងៃទី​១១ ដល់ ១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។ ក្នុងនោះ ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ជូន​និង​ឆ្លើយតប​ទៅនឹង​ចម្ងល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទ្បូ​ជី​ស្ទីក និង​កា​រៀបចំ​ទូទៅ​នានា ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​ឯកអគ្គរាជទូត បានកត់សម្គាល់​នូវ​លទ្ធផល​គួរឱ្យកត់សម្គាល់​នៃ​ការចរចា​ដំ​ទ្បើង​កម្រិត​នេះ និង​សង្ឃឹមថា​ឈានទៅ​បញ្ចប់​តាម​ពេលវេលា​កំណត់​។​
​បន្ថែម​ពីនេះ លោក ឯកអគ្គរាជទូត បាន​យល់ស្រប​ថា​ផងដែរ​ថា ភាគី​ចរចា​ទាំងអស់​ត្រូវ​ព​ន្លឿ​ន​កិច្ច​ពិគ្រោះ​យោបល់​ផ្ទៃក្នុង​របស់ខ្លួន ដើម្បី​អាចឈាន​ដល់​ការបញ្ចប់​ជា​ដុំកំភួន​ដូច​ការគ្រោងទុក ដែលជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។​
​ទន្ទឹមនឹងនេះ លោក​ឯកអគ្គរាជទូត ក៏បាន​បញ្ជាក់​សារជាថ្មី​នូវ​ការគាំទ្រ​របស់ អូស្ត្រាលី ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២២ ផងដែរ​។​
​ជា​លទ្ធផល ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​លើ​វ​ឌ្ឍ​ភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង រវាង​ក្រសួងពាណិជ្ជកម្ម និង​គណៈកម្មាធិការ​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ការប្រកួតប្រជែង​អូស្ត្រាលី (ACCC) ផងដែរ​។ ក្នុងនោះ ភាគី​អូស្ត្រាលី បាន​ជម្រាបជូន​នូវ​គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​អម ក្រោម​ក្របខ័ណ្ឌ​វិស័យ​ការប្រកួតប្រជែង ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ទ្ប​ង់​លើក​ទី​២៧ (27th AEM-CER Consulation)​។ N