​ដោយៈ រ៉ា​ម៉ន / ហាណូយៈ នៅ​រសៀល ថ្ងៃទី​៥ កញ្ញា ២០២២ គណៈប្រតិភូ​សាលា​រាជធានី ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប​សំដែង​ការគួរសម ជាមួយ​លោក ជិន ស៊ីថា​ញ់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល អនុប្រធាន​គណៈកម្មាធិកា​រប​ក្ស​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់លោក​និង​ប្រតិភូ​រាជធានី​ភ្នំពេញ នៅ​រដ្ឋធានី​ហាណូយ​។​

 

​លោក ជិន ស៊ីថា​ញ់ បាន​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ប្រតិភូ​រាជធានី​ភ្នំពេញ ដែល​ដំណើរ​ទស្សនកិច្ច​នេះ ចំពេល​ខួប​គម្រប់ ៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រវាង​វៀតណាម និង​កម្ពុជា​។ លោក​អភិបាល​ទីក្រុង​ហាណូយ ក៏បាន​ជំរាបជូន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ប្រតិភូ ពី​ការបើក​ដំណើរការ ទីក្រុង​ហាណូយ ឡើងវិញ នៅ​ដំណាក់កាល ៩​ខែ​ចុងក្រោយ ក្រោយពី​បិទ​ខ្ទប់​ទាំងស្រុង នាពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ នាពេល​កន្លងទៅ ដែល​បានធ្វើ​ឧ្យិ​ទីក្រុង មាន​សកម្ម​ភាពជា​ប្រក្រតី​ឡើងវិញ និង​រីកចំរើន លើ​ផ្នែក​សេដ្ឋកិច្ចសង្គម​។​

​លោក ជិន ស៊ី ថា​ញ់ បានលើកឡើង​ពី​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍ​ន៏​ទីក្រុង​ហាណូយ ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៤៥ ឱ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត (Smart city) ដោយ​ផ្តោត​សំខាន់​លើ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ និង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ នៅពេល​ទីក្រុង​រីកចំរើន តែង​ជួប​បញ្ហា​ប្រឈម មានដូចជា កកស្ទះ​ចរាចរណ៍​, បញ្ហា​កាកសំណល់​, ទឹក​កខ្វក់​, និង​ទឹក​លិច ដោយសារ​ជំនន់​ទឹកភ្លៀង ផងដែរ​។​

​ជាមួយគ្នានេះ រដ្ឋធានី​ហា​ណួ​យ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋ​និង​រដ្ឋ​, ប្រជាជន និង​ប្រជាជន នៃ​ទីក្រុង​ទាំង​២ ហាណូយ​-​ភ្នំពេញ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ក្តី​រីករាយ ដែល​ថ្នាក់ដឹកនាំ​ទីក្រុង​ហាណូយ បានទទួល​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ រាក់ទាក់​ចំពោះ​ប្រតិភូ រាជធានី​ភ្នំពេញ នាពេលនេះ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ទីក្រុង​ហាណូយ បាន​ឯកភាពគ្នា ទៅលើ​ការបន្ត កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ​, ទេសចរណ៍​, វប្បធម៌​, សុខាភិបាល​, សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាដើម និង​ឯកភាព​លើ​ការបន្ត​ផ្លាស់ប្តូរ​គណៈប្រតិភូ រវាង​ទីក្រុង​ទាំង​២ ឲ្យ​បាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើបាន​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​ថ្នាក់ដឹកនាំ​ទីក្រុង​ហាណូយ ដែល​បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ ទាំង​ទឹកចិត្ត​,​ថវិកា និង​សម្ភារ​ជា​បន្តបន្ទាប់ ក្នុង​បុព្វហេតុ អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ក្នុងនាម​ទីក្រុង​សម្ព័ន្ធភាព ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​លោក​បាន​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ ពី​ច្បាប់​វិនិយោគ នៃ​ប្រទេស​ទាំង​២ ទៅដល់​អ្នកវិនិយោគ នៃ​ទីក្រុង​ទាំង​២ ឲ្យ​បាន​យល់​កាន់តែច្បាស់ ងាយស្រួល​ក្នុងការ​ដាក់ ទុនវិនិយោគ និង​ពង្រឹង​ការទប់ស្កាត់ អំពើ​ល្មើសច្បាប់​នានា សំរាប់​ទីក្រុង​ទាំង​២​ផងដែរ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អញ្ជើញ​ប្រតិភូ​ទីក្រុង​ហាណូយ មក​បំពេញ​ទស្សនកិច្ច នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៏ ក្នុងការ​អភិវឌ្ឍ​ទីក្រុង និង​ស្របពេល​នៃ ខួប​លើក​ទី​១៨ ឆ្នាំ នៃ​ការចង​សម្ព័ន្ធមេត្រីភាព រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហាណូយ ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​រាជធានី​ភ្នំពេញ បានទទួល​និង អមដំណើរ​ដោយ​លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​វៀតណាម​ផងដែរ​៕V / N