ប្រគល់​ដី​ប្រទានកម្ម​ពីស​ម្រេច​តេ​ជោ ហ៊ុន សែន​ជូន​ប្រជាពលរដ្ឋ​៣៨០​គ្រួសារ​នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ

1055
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការប្រគល់​ដី​ដែលជា​ប្រទានកម្ម​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៨០ គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជា​ដីកា​ត់​ពី​តំបន់​អភិវឌ្ឍន៍​ជើងឯក​ដើម្បី​ឲ្យ បងប្អូន​ទទួលបាន សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​។​
​ការប្រកាស​ប្រគល់ជូន​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី ២៧ ខែមិថុនា នៅ​សាលាខណ្ឌ​មានជ័យ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទៅតាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ដែល​បាន​សុំនា​ពេលកន្លងមក​។​
​ក្នុង​ឱកាសលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖ ការសម្រេចចិត្ត​របស់​អាជ្ញាធរ ក្នុងការ​ប្រទានកម្ម​ដី​ជូន​បងប្អូន ដែល​រង​ផលប៉ះពាល់​ពី​ការអភិវឌ្ឍ​តំបន់​បឹង​ជើងឯក នាពេលនេះ គឺ​អនុវត្តន៍​ទៅតាម​ការណែនាំ​របស់​ស​ម្តេច អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្រោយពី​បងប្អូន​បានស្នើ​សុំ​ទៅ​សម្តេច​កន្លងមក​។ លោក អភិបាល​បន្តថា ដោយ​ពិនិត្យឃើញ ពី​ភាពលំបាក​របស់​បងប្អូន សម្តេច​ក៏បាន​ប្រគល់​ដី​ប្រទាន​កម្មនេះ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពីព្រោះ​បងប្អូន​ពិតជា​រស់នៅ​ទីតាំង​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​មែន​។​លោក​អភិបាល បាន​បន្ថែមថា សំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ត្រូវបាន​សម្តេច​តេ​ជោ សម្រេចចិត្ត​ធ្វើ​ប្រទានកម្ម​ភ្លាមៗ ។ ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ សម្តេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​និង​ការ​រស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណាស់ ។​ជាក់ស្តែង​ថ្ងៃនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​បានសម្រេច​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ចំនួន​៣៨០ គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​យើង​នេះ​។​
​លោក​បញ្ជាក់​ផងដែរ​ថា ចំពោះ​ដីធ្លី​ដែល​បានសម្រេច​ប្រគល់ជូន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចុះ​វាស់វែង​អោយបាន​ច្បាស់លាស់​ទើប​ឈានទៅដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​អោយទៅ​ប្រជាពលរដ្ឋ​តាម​ក្រោយ​។​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា អ្វីដែល​ជាការ​ស្នើសុំ​រប​ស់​ប្រជាពលរដ្ឋ​គឺ យើង​បាន​ប្រគល់ជូន​ហើយ នៅតែ​បងប្អូន​ប្រជាពលរដ្ឋ​ទេ ដែល​ត្រូវ​ឆ្លើយតប​មកវិញ នៅពេល​បោះឆ្នោត​នៅពេល​ខាងមុខ ហើយ​បើ​ការបោះឆ្នោត​ទទួលបាន លទ្ធផល​ល្អប្រសើរ​នោះ យើង​មិន​ត្រឹមតែ​ប្រគល់​កម្មសិទ្ធិ​ដីធ្លី​អោយ​ប្រជាពលរដ្ឋ​ប៉ុណ្ណឹង​ទេ គឺ​យើង​នឹងដាក់​គ្រឿងចក្រ​ចូល​ដើម្បី​ស្ថាបនា​ផ្លូវ​ជូន ប្រជាពលរដ្ឋ​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម