ដោយៈបញ្ញាសាស្រ្ត/កំពង់ធំ៖អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំបានផ្ដល់គ្រូសម្រាប់ជួយបង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ក្នុងស្រុកប្រាសាទបល្ល័ង្កនិងស្រុកកំពង់ស្វាយដែលត្រៀមប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះទទួលបានលទ្ធផលល្អ។

ការផ្ដល់គ្រូឲ្យជួយបង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ក្នុងស្រុកទាំងពីរនេះគឺជាការយកទុកដាក់ពីសំណាក់លោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំនិងក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា។

លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តកំពង់ធំបានអញ្ជើញជួបសំណេះសំណាលជាសិស្សថ្នាក់ទី១២ទូទាំងស្រុកប្រាសាទបល្ល័ង្កនិងស្រុកកំពង់ស្វាយ កាលពីថ្ងៃទី៥កញ្ញាឆ្នាំ២០២២។

សូមបញ្ជាក់ថានៅស្រុកប្រាសាទបល្ល័ង្កមានសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន២៤៧នាក់(សិស្សនារី១៤២នាក់)និងស្រុកកំពង់ស្វាយមានចំនួន៣១១នាក់(សិស្សនារី១៧៦នាក់)។

នៅឱកាសនេះលោក ថា យ៉ាវ បានក្រើនរំលឹកដល់សិស្សានុសិស្សត្រៀមប្រឡងទាំងអស់ត្រូវខិតខំនិងយកចិត្ត ទុកដាក់រៀនសូត្រពិសេសក្នុងអំឡុងពេលនៃការបង្រៀនបំប៉នត្រូវមករៀនឲ្យបានទៀងទាត់ហើយត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំងបួនគឺ÷(សុ, ចិ, បុ ,លិ)គឺត្រង់ត្រាប់ស្ដាប់,ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួរពេល លោកគ្រូអ្នកគ្រូបង្រៀនទើបលទ្ធផលប្រឡងបានល្អប្រសើរ។

លោក ថា យ៉ាវ បានសម្ដែងនូវក្តីសង្ឃឹមដោយការជឿជាក់យ៉ាងមុតមាំថាសម្រាប់ការប្រឡងប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២នេះសិស្សថ្នាក់ទី១២ក្នុងស្រុកប្រាសាទបល្ល័ង្កនិងស្រុក
កំពង់ស្វាយ នឹងមានសិស្សទទួលបាននិទ្ទេស អេ”A”ច្រើនជាងឆ្នាំសិក្សាមុនៗ៕សរន