ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបាននិយាយកាលពីថ្ងៃចន្ទទី៥កញ្ញាថា និវត្តជនអ៊ុយក្រែនម្នាក់បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-34 ដោយប្រើកាំភ្លើងវែងមួយដើម។

លោកតា វ៉ាល់ឡឺរី ហ្វេដូរ៉ូវិច (Valeriy Fedorovych) បានបើកការបាញ់ប្រហារនៅពេលដែលយន្តហោះសត្រូវហោះពីលើទីក្រុងឆឺនហ៊ីវ (Chernhiv) នេះបើយោងតាមសេវាព្រំដែនរដ្ឋអ៊ុយក្រែន។

តាមប្រភពព័ត៌មាន គាត់បានបាញ់ទម្លាក់យន្តហោះដែលមានតម្លៃប៉ាន់ស្មាន ៧៤ លានផោន (៨៥ លានដុល្លារ) ហើយវីដេអូដែលកំពុងល្បីមួយនេះបានបង្ហាញយន្តហោះកំពុងវិលខ្ញាល់សំយ៉ុងក្បាលមកដី ទោះបីជាគាត់មិនត្រូវបានឃើញនៅក្នុងវីដេអូក៏ដោយ។

ឥឡូវនេះ សេវាព្រំដែនរដ្ឋបានផ្តល់កិត្តិយសដល់និវត្តជនរូបនេះ និងសាទរចំពោះ “វីរភាព” របស់គាត់ និងផ្តល់មេដាយជូនគាត់។

គាត់ត្រូវបានកោតសរសើរចំពោះ “ជំនួយរបស់គាត់ក្នុងការការពារព្រំដែនរដ្ឋ”។

វីដេអូ ដែលចែករំលែកដោយទីភ្នាក់ងារនេះ បានបង្ហាញលោកតាហ្វេដូរ៉ូវិចដើរស្ពាយកាំភ្លើងវែងមួយលើស្មារបស់គាត់ ឆ្លងកាត់ទីក្រុង ដែលភាគច្រើនត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

គាត់​បានទៅប្រមូល​យក​បំណែក​ខ្លះ​នៃ​យន្តហោះ ហើយ​ទុក​វា​នៅ​ក្នុង​យានដ្ឋាន​របស់​គាត់សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍៕

លោកតាហ្វេដូរ៉ូវិចបាញ់ធ្លាក់យន្តហោះរុស្ស៊ី