ដោយៈ បាយ័ន / ភ្នំពេញៈ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ បានបង្ហាញ​ពី​ស្ថានភាព ភ្ញៀវទេសចរ​ផ្ទៃក្នុង ប្រចាំ​សប្តាហ៍ ថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ​២០២២ ភ្ញៀវ​សរុប​មាន​ចំនួន ២០២.៦៣៦ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ១៨៣.២៧៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៩.៣៦០ នាក់​។ នេះ​ជាការ​បង្ហាញ​ដោយ​ក្រសួងទេសចរណ៍​។​

​ក្រសួងទេសចរណ៍ បានបង្ហាញ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន ខេត្ត​ព្រះសីហនុ ២៩.១៦១ នាក់ ខេត្តកំពត ២៨.០២២ នាក់ ខេត្តសៀមរាប ២៤.៨៤៩ នាក់ ខេត្តបាត់ដំបង ១៧.២៩០ នាក់ រាជធានី​ភ្នំពេញ ១៦.៧៧៩ នាក់ ខេត្តកណ្តាល ១៤.៥៨៤ នាក់ ខេត្តកំពង់ស្ពឺ ១១.៧៦០ នាក់ និង​ខេត្ត​កែប ១០.៩១៩ នាក់ ។​

​តួលេខ​ខាងលើ មានការ​ថមថយ​ប្រមាណ ៩,៨៥% ធៀប​នឹង​សប្តាហ៍​កន្លងមក ដោយសារ​កត្តា​អាកាសធាតុ នា​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង និង​ដោយ​អន្លើៗ​។​

​ក្នុង​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ចលនា​បរទេស​ផ្ទៃក្នុង ដោយ​ទទួលបាន​ការអនុញ្ញាត​ពី រាជរដ្ឋាភិបាល គ្រឹះស្ថាន​អង្គរ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អនុវត្ត​គោលការណ៍​ថ្មី របស់​រាជរដ្ឋាភិបាល ដែល​បានអនុញ្ញាត​ផ្តល់ជូន​ដល់​ជនបរទេស ទាំងអស់ ដែល​បាននិងកំពុង​ស្នាក់នៅ​កម្ពុជា ចាប់ពី ២ ឆ្នាំ​ទ្បើង​ទៅ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​គ្រប់​ប្រភេទ អ្នកជំនាញការ ធ្វើការ​នៅ​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​៕ V / N