ដោយៈ គង់​ហេង / កំពង់ចាមៈ អាជ្ញាធរ​ដែនដី បាន​ស្នើឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ព​ន្លឿ​ន​ដល់​ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ និង​បេតុង​ឆ្លងកាត់​ឃុំ​ទ្រាន និង​ឃុំ​ស្រក ស្រុក​កំពង់សៀម មាន​ប្រវែង​សរុប​ជាង ១០ គីឡូម៉ែត្រ ដោយ​បច្ចុប្បន្ន ផ្លូវលំ​មួយ​ខ្សែ​នេះ បាននិងកំពុង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ពី​ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ែន សារុន មេឃុំ​ទ្រាន បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី ៦ កញ្ញា​ថាៈ កន្លងមក ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ម្ចាស់ជំនួយ​ធនាគារពិភពលោក ( WORLD BANK ) បាន​ចុះមក​សិក្សា​វាយតម្លៃ​លើផ្លូវ​នេះ​រួចហើយ ដោយបាន​សម្រេច​សង់​ជា​ផ្លូវ​បេតុង នៅ​តំបន់​លិច​ទឹក ដូចជា​នៅលើ​ខ្នង​ទំនប់​ជ្រោយ​ចេក និង​នៅ​តំបន់​មិន​លិច​ទឹក សង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ​។​

​លោក​មេឃុំ​ទ្រាន បានឱ្យដឹង​ទៀតថាៈ ជាពិសេស ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឱ្យ​ខាង លោក ជា​អាជ្ញាធរ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន អម​សងខាង​ផ្លូវ បានដឹង​ពី​ការស្ថាបនា​ផ្លូវ និង​ចូលរួម​សហការ ពី​ផលប៉ះពាល់​នានា​។ ក្នុងនោះ ឃុំ​ទ្រាន មាន​ប្រវែង​ប្រមាណ បួន គីឡូម៉ែត្រ ឆ្លងកាត់​ភូមិ​ទួល​ចំបក់​, ភូមិ​ប្រ​ថង និង​ភូមិ​វាល​ក្រៀល ដែលមាន​លំនៅឋាន​ប្រជាពលរដ្ឋ ជាង ៣០ គ្រួសារ រស់នៅ​អម​ផ្លូវ​បាន ផ្តិតមេដៃ​ឯកភាព ចូល​សហការ​សាងសង់​ផ្លូវ​នេះហើយ​។​

​លោក​បាន​បន្តថាៈ ដោយឡែក នៅសល់​ចម្ងាយ​ជិត ១០ គីឡូម៉ែត្រ​ទៀត ស្ថិតក្នុង​ឃុំ​ស្រក ក៏​ខាង​អាជ្ញាធរ​ឃុំ​ស្រក បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ រស់នៅ​អម​សងខាង​ផ្លូវ ឱ្យចូល​រួម សហការ​ដូចគ្នា​។ ប៉ុន្តែ​នៅ​ចន្លោះ នៃ​ការរង់ចាំ​នេះ ផ្លូវ​មួយ​ខ្សែ​នេះ បាន​រង​ការខូចខាត យ៉ាងធ្ងន់ធ្ងរ ពី​ជំនន់​ទឹកភ្លៀង គឺ​សូម​ស្នើ​ដល់​ក្រសួង​អភិវឌ្ឍន៍ជនបទ មេត្តាជួយ​ព​ន្លឿ​ន ដំណើរការ​ស្ថាបនា​ឱ្យបាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​៕V / N