​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” និង​ការអនុវត្ត​ផែនការ​បន្ត កំពុងតែ​ដំណើរការ​ទៅមុខ នេះ​បើតាម ប្រសាសន៍ លោក លី ធុច ទេសរដ្ឋមន្ត្រី​និង​ជា អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ។

​លោក​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ថ្ងៃទី ៥ ខែ កញ្ញា​ថា រហូតដល់​ពេលនេះ មាន​ខេត្ត​ចំនួន ៦ និង​ឃុំ​ចំនួន ៧ បានទទួល​ផលប្រយោជន៍​ពី​គម្រោង​សម្តេច​តេ​ជោ​ដំណាក់កាល​ទី​១ រួមមាន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និង​ខេត្តស្វាយរៀង និង​ឃុំ​ចំនួន ០៧ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ធ្វើការ​បោសសម្អាត​ក្នុង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រ​ក្រឡា​) ស្មើនឹង ៥២០​ចម្ការមីន ដោយ​ប្រើប្រាស់​ថវិកា​ជាង​៥,៧ លាន​ដុល្លារ​។​

​លោក​បាន​បន្តថា អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ រួមមាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​, មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​, និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​បោសសម្អាត​មីន​ជា​អាទិភាព និង​ធ្វើការ​វិភាជន៍​កម្លាំង​បោសសម្អាត​មីន​របស់​ប្រតិបត្តិ​ករ​ឲ្យ​បាន​ទាន់ពេលវេលា ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​ជាមួយគ្នានេះ អាជ្ញាធរ​មីន ក៏បាន​បញ្ជូន​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​មីន ដើម្បី​ធ្វើការ​សិក្សា និង​វាយតម្លៃ​ស្ថានភាព​ចម្ការមីន​ជាក់ស្តែង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​កាត់បន្ថយ​នូវ​រយៈពេល​នៃ​ការ​បោសសម្អាត និង​ការចំណាយ​ផ្សេងៗ​គ្រាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​។​ N