ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាការិនី កាំ​ង មុយ​នី​ន ម្ចាស់​មេដាយមាស – សំរឹទ្ធ ៤ គ្រឿង ម្នាក់ឯង បានបង្ហាញ​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង នៅពេល​ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហូត​លើ​គេ​និង​គោរព ក្នុង​ព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 នៅ​ប្រទេស​ថៃ ដែល​ទើបតែ​បញ្ចប់​ទៅនោះ​។​

​នាង​បាន​និយាយថាៈ ពេល​នាង​ហែល​ដល់ទី ហើយ​ឃើញ​ឈ្មោះ​នាង​ខ្ញុំ​នៅលើ​គេ ជាពិសេស នៅពេល​នាង​ឡើង​ទទួល​មេដាយ ជាមួយនឹង​ការគោរព​ទង់ជាតិ​កម្ពុ​ជា គឺ​ខ្ញុំ​ពិតជា​សប្បាយ រំភើបចិត្ត​ខ្លាំងណាស់​។ មុនពេល​ចេញដំណើរ​ទៅ​ប្រកួត ខ្ញុំ​ធ្លាប់បាន គិតថា ដោយសារ​នេះ ជាការ​ប្រកួត​កម្រិត​ពិភពលោក ក្តីសង្ឃឹម​គឺ​ប្រហែលជា​អាច បាន​ត្រឹម​បំបែក​កំណត់ត្រា ថិរវេលា​ខ្លួនឯង​ប៉ុណ្ណោះ​ដោយ​មិន​រំពឹងថា ដណ្តើមបាន មេដាយ​អ្វី​នោះទេ​។ ប៉ុន្តែ​ជា​លទ្ធផល នាង​ខ្ញុំ​ដណ្តើមបាន​មេដាយមាស រហូតដល់ ៣ គ្រឿង និង​សំរឹទ្ធ ១ គ្រឿង​ទៀត​។ វា​ហួស​ពី​ក្តី​រំពឹង​របស់​នាង​ខ្ញុំ ឆ្ងាយ​ណាស់​។​

​នៅពេល​ឈ្នះ​បាន​មេដាយមាស​ទី​១ ហើយ​ប្រកួត​វិញ្ញាសា​ទី​២ និង​ទី​៣ ដែលមាន​ដៃគូ ប្រកួត​ដដែលៗ កាំ​ង​មុយ​នី​ន ដាក់​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់​ថា នឹង​បន្ត​ការខិតខំ​ដើម្បី​ឈ្នះ មេដាយមាស ពី​កីឡាការិនី មកពី​បណ្តា​ប្រទេស​នានា ក្នុង​វិញ្ញាសា​នីមួយៗ​របស់ខ្លួន ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ កីឡាការិនី​កម្ពុជា​រូបនេះ កាន់តែ​ពុះកញ្ជ្រោល​បន្ថែ ក្នុងការ​ឆ្ពោះទៅ រក​មេដាយមាស បាន ២ គ្រឿង​បន្ថែម​។ កីឡាការិនី​ក្នុង​ក្រុមយុវជន​ដែល​ខ្លាំងៗ ចូលរួម​ប្រកួត​ជាមួយ​កីឡា​រិ​នី​ម្ចាស់​មេដាយមាស​កម្ពុជា​រូបនេះ មានដូចជា ជប៉ុន សិង្ហ​បុរី ថៃ ជាដើម​។​

​សម្រាប់​ការប្រកួត World Cup នេះ កាំ​ង មុយ​នី​ន ប្រកួត​នៅក្នុង​ឈុត​យុវជន ប៉ុន្តែ​នាង​ក៏បាន​សង្កេតមើល​ថិរវេលា ពួកគេ​ដែល​អាចមាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ដែរ ដូច្នេះ​រយៈពេល​នៅសល់​ប្រមាណ ៨​ខែ​ខាងមុខ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២៣ គឺជា​រយៈពេល​សមល្មម ដើម្បី​បង្កើន​សិទ្ធ​ផល​របស់​នាង ដើម្បី​ដណ្តើម​មេដាយ ជូន​ជាតិ​។ សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២៣ ជា​លើកដំបូង​របស់​កម្ពុជា នាង​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ហ្វឹកហាត់ ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​មេដាយ ជូន​ជាតិ​ជាថ្មី​ម្តងទៀត​។

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជូន​បាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប​៨​នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Finswimming’s World Cup នេះ ដែលមាន​លោក ហែម គី​រី អគ្គលេខាធិការ ជា​ប្រធាន​ប្រតិភូ​ដឹកនាំ លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​ហែល​ទឹកពាក់​ជើង​ទា កីឡាការិនី កាំ​ង មុយ​នី​ន កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរតក កីឡាករ លឹម កែវ​ឧ​ត្ត​ម កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ ទួន ទិ​ត្យ​សត្យា និង កីឡាករ លឹម សុខវឌ្ឍន៍​ន​ន្ទ​៕ V / N