ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់ជាប់ៗ​គ្នា រយៈពេល​ពីថ្ងៃ​ទី​៥ និង​ទី​៦ កញ្ញា ២០២២ នេះ ធ្វើឱ្យ​ទឹកទន្លេ​សាប មានការ​ហក់​ឡើង ភូមិឋាន​របស់​អ្នកស្រុក នៅ​តំបន់​ទំនាប និង​ខ្នង​កោះ​មួយចំនួន ត្រូវបាន​រង​ការ​លិច កន្លែង​ខ្លះៗ ត្រូវបាន​ធ្វើដំណើរ ដោយ​ឆ្លង​ទូក​ហើយ ។​

​បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​នៅ​ថ្ងៃទី​៦ កញ្ញា ២០២២ នេះ​ថាៈ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ ផ្សារ​ក្រោម ទឹកទន្លេ​សាប មាន​កម្ពស់ ៧,៨១ ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ទឹកទន្លេ​សាប មាន​កម្ពស់ ៥,៥០ ម៉ែត្រ ដោយឡែក ស្ថានភាព​កំរិត ៣៧ មី​លី​ម៉ែត្រ ភ្លៀង​ធ្លា​ក់បាន ៧ ស្រុក ក្នុង​ខេត្តកំពង់ឆ្នាំង ។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ ចំពោះ​ស្ថានភាព​ទឹកទន្លេ​សាប កំពុងមាន​កា​រហ​ក់ឡើ​ង​នេះ លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់ នៅតាម​ដង​ទន្លេសាប មិនទាន់​កើតមាន​គ្រោះមហន្តរាយ ណាមួយ​នោះទេ​។​

​លោក ស៊ិន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា លោក ដោក ប៊ុន​ថុ​ន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ ក៏ដូចជា ការធ្វើដំណើរ​តាមផ្លូវ​ទឹក ពី​តំបន់​មួយ​ទៅ​តំបន់​មួយ សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហានិភ័យ​ណាមួយ កើតឡើង​ជាយថាហេតុ ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ក្នុងនោះ ប្អូនៗ កុមារ​តូចៗ​ត្រូវ​មើលថែ​ការពារ ពួកគាត់ ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​ទុក​ឱ្យនៅតែ​ម្នាក់ឯង​ដែល​ធ្វើឱ្យ​ពួកគាត់ ស្លាប់​បាន​ដោយសារ​លង់ទឹក​ទន្លេ​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខែសីហា ២០២២ កន្លងទៅនេះ កើតមាន​ករណី​ស្លាប់ ដោយ​លង់ទឹក​ទន្លេ ចំនួន ៣ នាក់ ក្នុងនោះ ក្មេង​ពីរ​នាក់ និង​មនុស្ស​ចាស់​ម្នាក់​ផងដែរ ៕ V / N