ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នេះ​ជា​គ្រា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ដែល​ដំរី​បី​ក្បាល​បាន​ដើរ​ចូលតាម​ច្រករបៀង​នៃ​មន្ទីរពេទ្យ​មួយក្នុងប្រទេស​ឥណ្ឌា​។

វីដេអូដែលល្បីពេញអនឡាញកាលពីថ្ងៃទី ៣ ខែកញ្ញាបានបង្ហាញ ដំរីនៅក្នុងមន្ទីរពេទ្យទាហាន ប៊ីនណាហ្គូរី (Binnaguri) នៅរដ្ឋវេសបេងហ្គាល់ (West Bengal) ។

នៅក្នុងវីដេអូគេឃើញដំរីមួយក្បាលដើរថយក្រោយចូលតាមច្រករបៀង ទាំងមាឌវាឌាំងប្រជ្រៀតមិនចូល។

វាឈរនៅច្រករបៀងមួយសន្ទុះដោយមិនរើចេញទៅណាទេ ខណៈបុគ្គលិកដែលភ្ញាក់ផ្អើល បាននាំគ្នាថតរូប។

ក្រឡេកមើលពីចម្ងាយ បុគ្គលិកម្នាក់បានស្រែកថា “វ៉ាវ វ៉ាវ!” ដំរី​កំពុងសម្រុក​ចូល​មាត់​ទ្វារហើយ។

គាត់​បានស្រែកដាក់ដំរី​ថា “វ៉ា!” ខណៈដំរី​ពីរ​ក្បាល​ទៀត​បាន​លេចមុខឡើង ហើយព្យាយាមចូលតាមច្រករបៀងដែរ។

មន្ត្រីសេវាព្រៃឈើឥណ្ឌា លោកស្រី ស៊ូសានតា ណានដា (Susanta Nanda) បានចែករំលែករូបថតនៃការលុកលុយរបស់ដំរីមិនធម្មតានេះនៅលើ Twitter ដោយសរសេរថា “ដំរីនៅក្នុងបន្ទប់…ពីបន្ទាយចាល់ប៉ៃហ្គូរី (Jalpaiguri)”។

យោងតាមសារព័ត៌មាន Indian Express បុគ្គលិកពេទ្យមានសភាពស្រឡាំងកាំងជាខ្លាំងចំពោះវត្តមានរបស់ដំរីក្នុងមន្ទីរពេទ្យ។

ហើយសារបង្ហោះលើ Twitter របស់លោកស្រីស៊ូសានតាបានទាក់ទាញអ្នកអត្ថាធិប្បាយដ៏គួរឱ្យអស់សំណើចជាច្រើន។

មនុស្ស​ម្នាក់​បាន​សរសេរ​ថា “​អូ​ព្រះ​អើយ” ខណៈ​អ្នក​ផ្សេង​ទៀត​និយាយ​ថា​ “អូ​ សាក​ស្រមៃ​មើល ពេលមនុស្សចេញ​ពី​បន្ទប់​ ស្រាប់តែឃើញអ៊ីចឹង!”។

ហើយ​អ្នក​ទី​បី​និយាយ​លេង​សើច​ថា​ “ការ​ចុះ​ត្រួតពិនិត្យផ្ទាល់​ដោយ​កងកម្លាំងភ្លុក​ពិសេស​”៕

ដំរីបីក្បាលចូលអុកឡុកមន្ទីរពេទ្យទាហានប៊ីនណាហ្គូរីកាលពីថ្ងៃទី៣កញ្ញា