ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ បានបង្ហាញ​ការកោតសរសើ​ដល់ «​សមាគម​មិត្ត​យើង​» ដែល​បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព ដល់​អ្នក​ខ្វះខាត អ្នក​ទីទ័លក្រ និង​អ្នកធ្វើការងារ​ក្រៅ​ប្រព័ន្ធ តាមរយៈ​ការផ្តល់​ឱកាស​ទទួលបាន​ចំណេះដឹង​, ការប្រឹក្សា​, ចែករំលែក​បទពិសោធ​ន៍​ពី​អ្នកជំនាញ​ផ្តោតលើ​អាជីវកម្ម និង​មុខរបរ​ចិញ្ចឹមជីវិត​។

​គួរ​បញ្ជាក់ថា​យុទ្ធនាការ​នេះ​ប្រារព្ធ​ធ្វើឡើង​នា​ន​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​កោះ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្រាប់​កម្មវិធី​នេះដែរ ចាប់ផ្តើម​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ដល់​ខែធ្នូ ឆ្នាំ​២០២៣ ដោយ​សហការ​ជាមួយ​ក្រុម​ដឹកជញ្ជូន ក្រុមហ៊ុន​ដៃគូ​មិត្ត​យើង និង​យុវជន​ស្ម័គ្រចិត្ត​មិត្ត​យើង ដើម្បី​ចែក «​កញ្ចប់​ជំនួយ​មិត្ត​យើង​» ដែល​រួមមាន គ្រឿងឧបភោគ​បរិភោគ សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ចំនួន ២៧០.០០០ កញ្ចប់ ទៅដល់​អ្នក​ខ្វះខាត អ្នក​ដែល​ទីទ័លក្រ និង​អ្នកធ្វើការងារ​ក្រៅ​ប្រព័ន្ធ ដូចជា អ្នករត់​ស៊ីក្លូ អ្នកលក់​តាម​រទេះ អ្នករត់ម៉ូតូឌុប អ្នករត់​កង់​បី កម្មករសំណង់ អ្នករត់​តុ ចុងភៅ អនាម័យ សេវា​កម្សាន្ត​។​ល​។ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។

​ក្នុង​ពិធី​នេះ លោក ហេង សួរ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​របស់ សមាគម​មិត្ត​យើង ដែល​បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព ដល់​អ្នក​ខ្វះខាត អ្នក​ទីទ័លក្រ និង​អ្នកធ្វើការងារ​ក្រៅ​ប្រព័ន្ធ តាមរយៈ​ការផ្តល់​ឱកាស​ទទួលបាន​ចំណេះដឹង​, ការប្រឹក្សា​, ចែករំលែក​បទពិសោធ​ន៍​ពី​អ្នកជំនាញ​ផ្តោតលើ​អាជីវកម្ម និង​មុខរបរ​ចិញ្ចឹមជីវិត​។

​ជាមួយគ្នា​នោះដែរ លោក​រដ្ឋលេខាធិការ បាន​ជំរុញ​ដល់​សមាគម​មិត្ត​យើង ឱ្យ​បន្ត​ចាប់ដៃ​ជាមួយ​បណ្តាញ​ដៃគូ​មិត្ត​យើង ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ និង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ចែកជូន​ដល់​អ្នក​ខ្វះខាត អ្នក​ទីទ័លក្រ និង​អ្នកធ្វើការងារ​ក្រៅ​ប្រព័ន្ធ នៅតាម​បណ្តា​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ឱ្យបាន​កាន់តែច្រើន​ទៅទៀត ជាពិសេស​ខិតខំ​ស្វែងរក​អត្ថប្រយោជន៍​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រួល​បន្ទុក​របស់​ពួកគាត់​៕