ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកទន្លេ​នៅ​គ្រប់​ស្ថានីយ៍​ជលសា​ស្ត្រ ចាប់ផ្តើម​ងើបឡើង​វិញ​ជាថ្មី​តែ​ហក់​ឡើង​មិន​ខ្លាំង​ទេ ប្រសិនបើ​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ខ្លាំង​បន្ថែម​ពី​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ស្ថិតនៅលើ​តំបន់​អាង​ទន្លេមេគង្គ​លើ​នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នោះ តែ​ទឹក​បឹង​ទន្លេសាប​បន្ត​ងើបឡើង​រាល់ថ្ងៃ​ដោយសារ​មាន​ភ្លៀង ធ្លាក់​ច្រើន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ សាប ធ្វើឱ្យ​ទឹក​បឹង​នេះ​ឡើង​បាន​ដល់​កម្ពស់​៥,៨៩​ម៉ែត្រ​ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នេះ​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធ​ទន្លេសាប​ដែលមាន​ជំនាញ​ជល​សាស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៦ ខែកញ្ញា​ថា ទឹក ទន្លេ​ចាប់ផ្តើម​ងើប​ឡើងវិញ​ជាថ្មី​នៅ​គ្រប់​ស្ថានីយ៍​ជលសា​ស្ត្រ តែ​ហក់​ឡើង​មិន​ខ្លាំង​ទេ ប្រសិនបើ​មិនមាន​ឥទ្ធិពល​អ្វី​ខ្លាំង​បន្ថែម​ពី​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ស្ថិតនៅ​ពីលើ អាង​ទន្លេមេគង្គ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នោះទេ​។​

​មន្ត្រី​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ទឹក​បឹង​ទន្លេសាប​ក៏​បន្ត​ងើប​ឡើងជា​លំដាប់​ដោយសារ​ទឹកទន្លេ​មេគង្គ​បន្ត​ហូរ​ចូល​ព្រម​ពេល​ទឹក​ហូរ​ធ្លាក់​ពី​បណ្តា​ស្ទឹង នានា​នៅ​ជុំ​បឹង​ទន្លេសាប​ដែល​កំពុងមាន​ជំនន់​ជា​បន្តបន្ទាប់​។ ទឹក​បឹង​ទន្លេសាប​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឡើង​ជិត​បាន​កម្ពស់​៦​ម៉ែត្រ​ហើយ​។​

តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃទី​៦ ខែកញ្ញា បានបង្ហាញ​ឱ្យឃើញថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត ស្ទឹងត្រែង​មាន​កម្ពស់​៧,៣២​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០៤​ម៉ែត្រ នៅ​ខេត្ត ក្រចេះ​មាន​កម្ពស់​១៧,១០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,២១​ម៉ែត្រ នៅ​ខេត្ត កំពង់ចាម​ទឹក​មាន​កម្ពស់​១១,១៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០៤​ម៉ែត្រ នៅ​ទន្លេ​បា​សា​សក់ ចតុមុខ រាជធានី​ភ្នំពេញ​ទឹក​មាន​កម្ពស់​៧,៣៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០៥​ម៉ែត្រ នៅ​អ្នក​លឿង​ទឹក​មាន​កម្ពស់​៥,២៨​ម៉ែត្រ ស្មើ​ថ្ងៃទី​៥ ខែកញ្ញា នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៦,៤៩​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០១​ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៦,៤៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០៣​ម៉ែត្រ នៅ​បឹង​ទន្លេ សាប​ក្រគរ កំពង់​លួង ទឹកបាន​ឡើងដល់​កម្ពស់​៥,៨៩​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៥ ខែកញ្ញា​០,០៦​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​កាលពីដើម​រដូវ​ថា​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ទន្លេបាសាក់ ចតុមុខ ក្នុង​រដូវវស្សា​ឆ្នាំ​២០២២ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​៩,៦៥​ម៉ែត្រ ដែល​ចាត់ទុកថា​ជា​ប្រភេទ​ជំនន់​មធ្យម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​២ ខែកញ្ញា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ជាទូទៅ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​ទូទាំងប្រទេស​បង្កឱ្យមាន​ជា​ជំនន់​ទឹកភ្លៀង និង​អាចធ្វើឱ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​ម្តងទៀត​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​នៅលើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង​វៀតណាម ។ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធ​សម្ពាធ​ទាប​រួម​ជាមួយនឹង​សម្ពាធ​ទាប​នឹង​រំកិល​ចុះមក​ក្រោម​អូសបន្លាយ​នឹង​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា ។

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ស្ថានភាព​អាកាសធាតុ​ជាទូទៅ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​ទឹកភ្លៀង​ដែលមាន​លក្ខណៈ​ធ្លាក់​ជាប់​ជា​បន្ត ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​នឹង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​ឲ្យ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ទី​ទំនាប​ជាប់​ផ្លូវទឹក មាន​ហានិភ័យ​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង មាន​ជាអាទិ៍ ៖​ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (​ស្ទឹងសែន​) ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប​ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (​ស្រុក​ជាប់​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់​) កោះកុង និង​ខេត្ត​ព្រះសីហនុ (​កំណាត់​ផ្លូវជាតិ​លេខ ៤ រវាង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​)​។ ទន្ទឹមនេះ​ផងដែរ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​មេគង្គ ដែល អាចធ្វើ​ឲ្យ​ទឹកទន្លេ មានការ​ងើបឡើង​វិញ​៕​