​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​៖​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជិត​បី​គីឡូម៉ែត្រ​ដែលមាន​ទទឹង​៦​មែត្រ​កំពុងធ្វើការ​ឈូស​ពង្រាប​ចាក់​ក្រាល​ថ្ម​ម៉ិច​។ ក្រោយ​ធ្វើ​រួចរាល់​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​បានជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ផង​និង​សម្រាប់ ការធ្វើ​ចរាចរណ៍​រប​ស់​អ្នកដំណើរ ឬ​ការដឹកជញ្ជូន​ផ្សេងៗ​ផងដែរ​។​ផ្លូវ​នេះ​ឆ្លងកាត់​បី​ភូមិ គឺ​ភូមិ​ទទា ភូមិ​ចំបក់ និង​ភូមិ​ចេក នៃ​សង្កាត់​ចេក ក្រុង​ស្វាយរៀង ។

​លោក លី យូ​ហេង អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ស្ថិតក្នុង​ភូមិ​ចំបក់ សង្កាត់​ចេក​និង លោកស្រី ឃួន សោ​ភ័​ណ្ឌ​ចៅសង្កាត់​ចេក​ព្រម​មន្ត្រី ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​បាន​អញ្ជើញ​ទៅពិនិត្យ​ការដ្ឋាន​ដែល​កំពុង​ដំណើរ​យ៉ាង​មមា​​ញឹក​។​ក្នុងឱកាស​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​នេះ​។​ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​សូម​ទាំងអស់​ចូលរួម​ថែទាំ​ផ្លូវថ្នល់​ដែល​បានធ្វើ​រួចហើយ​ត្រូវ​គិតថា​ផ្លូវ​ជា​សម្បត្តិ​រួម​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃក្រោយ​។

​លោក លី យូ​ហេង បាន​និយាយទៀតថា ដោយ​មើលឃើញ​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​ការដឹក​កសិផល​ដឹកទំនិញ​ផ្សេងៗ​និង​មានការ​ស្នើរ​សុំ​ជួសជុល​ពង្រីក​ផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ទាំងបី​ភូមិ​ខាងលើ រូបលោក​តំណាង​ឲ្យ​លោក សោម សុធា ដែលជា​អគ្គនាយក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​និង សហការី​បាន​ជួយ​ស្ថាបនា​ផ្លូវ​នេះ​ជូន​។​ចំណាយ​ក្នុងការ​ជួសជុល​ផ្លូវ​នេះ​គឺជា​ថវិកា​របស់​ក្រុមហ៊ុន​ផ្ទាល់​តែម្តង ។

​លោក​បាន​បន្ថែមទៀតថា​សម្រាប់​ការពង្រីក​និង​ការជួសជុល​ផ្លូវ​នាពេលនេះ​លោក​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សូមជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុងការ​ជួសជុល​ស្ថាបនា​នេះ​ឡើងវិញ​ផង​។​លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​សហកា​រី​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​ទាំង​ថវិកា​និង​ស្មារតី​ក្នុងការ​ជួសជុល​ឡើងវិញ​នៅ​ផ្លូវ​មួយ​ខ្សែ​នេះ​ជាពិសេស​ការយោគយល់​ពី​ពលរដ្ឋ​នូវ​ផល​ប៉ះ​របង​ផ្ទះ​របស់​ពួកគាត់​ក្នុងការ​ពង្រីក​ផ្លូវ​។

​លោកស្រី ឃួន សោ​ភ័​ណ្ឌ ចៅសង្កាត់​ចេក បាន​និយាយថា ផ្លូវលំ​មួយ​ខ្សែ​នេះ​ពីមុន​ជា​ផ្លូវលំ ភ្លឺ​ប្រឡាយ​ពិបាក​ក្នុង​ធ្វើដំណើរ​។​នៅ​រដូវវស្សា​គឺមាន​ទឹក​ដក់​លិច​ផ្លូវ​ព្រោះ​ពុំមាន​ផ្លូវទឹក​សម្រាប់​បង្ហូរ​ចេញ​។​ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង និង​លោក ជុក មុន្នី ដែលជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង​លោក​តែងតែ​យកចិត្ត​ទុក​ដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ការអភិវឌ្ឍ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​មូលដ្ឋាន​ផងដែរ​។

​លោកស្រី​ចៅសង្កាត់​បាន​បន្តទៀតថា​សម្រាប់​ថ្ងៃនេះ​ក្នុងនាម​លោកស្រី​ជា​ចៅសង្កាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អគ្គនាយក​ភូមិ​ខ្មែរ​គ្រុប​ក៏ដូចជា​លោកនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក​និង​សហការី​ដែល​បាន​ចំណាយធនធាន​ក្នុងការ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​នេះ​ឡើងវិញ​ទុកជា​ចំណងដៃ​និង​គុណប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​និង​ក្រៅ​មូលដ្ឋាន​។

​លោកស្រី ងិន ចាន់​មុន្នី​រ័ត្ន នាយិកា​រង​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ក៏បាន មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា​បច្ចុប្បន្ន​គ​ម្រោ​ង​អចលនទ្រព្យ​ភូមិ​មរតក​ក្រៅពី​មាន​លក់​អចលនទ្រព្យ​សំណង់ផ្ទះ​ល្វែង​ដីឡូត៍​,​កន្លែង​កម្សាន្ត​ផ្សេងៗ​រួមជាមួយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ថែមទៀត​នោះ​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក​ក៏បាន​បង្កើត​ផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​មាន​កន្លែង​លក់ដូរ​បាន​សមរម្យ​ពុំ​ចាំបាច់​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​នោះឡើយ​។

​លោកស្រី​បាន​បន្ថែមទៀតថា​ក្រៅ​អំពី​ការជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ខាងលើ​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក​ក៏បាន​ឧបត្ថម្ភ​សម្ភារ​រួមមាន​៖ អាល់កុល ម៉ាស​មួយចំនួនធំ ដល់​អាជ្ញាធរ​សង្កាត់​ចេក​ដើម្បី​យកទៅ​ប្រើប្រាស់​នៅ មូលដ្ឋាន​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ​ផងដែរ​។​

​ដោយឡែក​ប្រជា​ពល​ដែល​រដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើនេះ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ ក្រុង សង្កាត់ ព្រមទាំង​លោក​អគ្គនាយក​ភូមិ​ខ្មែរ​គ្រុប លោកនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក​ព្រមទាំង​សហការី ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​សរន​