ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ​បើ​ធៀប​ទៅនឹង​ប្រទេស អាស៊ាន​ផ្សេងទៀត កម្ពុជា​បានទទួល រងគ្រោះ​ខ្លាំងជាងគេ ក្នុងការ​ជួញដូរ ការបំផ្លិចបំផ្លាញ ការ​លួច​យក និង​ការជីក​កកាយ ការជួញដូរ​ទ្រព្យសម្បត្តិ​វប្បធម៌ ដោយ​ខុសច្បាប់ ក្នុងអំឡុងពេល ជាច្រើន​ទសវត្សរ៍​នៃ សង្គ្រាមស៊ីវិល និង​អស្ថិរភាព​។ ផ្អែក​តាម​តម្រូវការ នៃ​ការរីកចម្រើន​ទីផ្សារងងឹត ក្នុងការ​ជួញដូរ​សម្បត្តិ​វប្បធម៌ បាន​បណ្ដាលឱ្យ​មានការ​រលាយ​ខ្ចាត់ខ្ចាយ ប្រាសាទ​បេតិកភណ្ឌ និង​ទីតាំង​បុរាណ​ជាច្រើន​កន្លែង​”​។​

​នេះ​ជាការ​បញ្ជាក់​របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស កម្ពុជា នៅក្នុង​ពិធី​ប្រកាស បើក​ជា​ផ្លូវការ​នូវ “​សន្និសីទ​អន្តរជាតិ​ស្តីពី​ការការពារ និង​ទប់ស្កាត់​ការជួញដូរ សម្បត្តិ​វប្បធម៌ ដោយ​ខុសច្បាប់​៖ ទស្សនវិស័យ​របស់ អាស៊ាន​” កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ។​

លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថាៈ “​ការ​លួច និង​ការជួញដូរ​ទ្រព្យសម្បត្តិ វប្បធម៌​ដោយ​ខុសច្បាប់ គឺជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ បន្ទាប់ពី​បញ្ហា​គ្រឿងញៀន និង​ការជួញដូរ​អាវុធ​។ វា​ជា​បញ្ហា​ប្រឈម​រួមមួយ​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ដោះស្រាយ ដោយ​ប្រទេស​អាស៊ាន​ទាំងអស់​។ ក្នុងនាម​ជា ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ កម្ពុជា​បាន សម្ដែង​ក្ដីបារម្ភ ចំពោះ​រាល់​បញ្ហា​ទាំងអស់ ដែល​យើង​ប្រឈមមុខ​រួមគ្នា ហើយក៏​ជា​មូលបទ សម្រាប់​កម្ពុជា “ASEAN A.C.T៖ ដោះស្រាយ​បញ្ហា​ប្រឈម រួមគ្នា​” ដែលជា​ការឆ្លុះបញ្ចាំង​យ៉ាងច្បាស់ អំពី​ការយកចិត្ត​ទិ​ក​ដាក់​របស់​កម្ពុជា លើ​កង្វល់ ទាំងនេះ​។ ចំពោះ​បញ្ហា​នេះ កម្ពុជា​ស្នើ​សហគមន៍​អន្តរជាតិ ចូលរួម​សហការ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ ខុសច្បាប់ ដើម្បី​យើង​អាច​ធានាបាន ការធ្វើ​មាតុ ភូមិ​និវត្តន៍ នូវ​សម្បត្តិ​វប្បធម៌​បន្ថែមទៀត​មកកាន់​ប្រជាជាតិ​អាស៊ាន​រៀងៗ​ខ្លួន​”​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​អះអាងថាៈ ទំហំ​នៃ​បញ្ហា​នេះ ពិតជា​ធំធេង​ណាស់ រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​បញ្ឈប់​ការជួញដូរ​វត្ថុ​បុរាណ​ទាំងនេះ ហើយ​យើង​នឹងធ្វើ​ការ រួមគ្នា ជាមួយ​រដ្ឋាភិបាល​អាស៊ាន អង្គការ​អន្តរជាតិ និង​ដៃគូ​ឯកជន​នានា ដែល​គំនិត​ស្របគ្នា ដើម្បី​បញ្ចប់​បញ្ហា​នេះ​។ យើង​ត្រូវតែ​ប្តេជ្ញាចិត្ត និង​បន្ត​ការតស៊ូ​ប្រឆាំង​ដើម្បី​ការពារ​ព្រលឹង​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​យើង​និង​បន្ត​ទប់ស្កាត់​វត្ថុ​បុរាណ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ ពី​ការ​លួច​យក ហើយ​នាំ​ចេញពី ប្រទេស​ដើម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ​អាស៊ាន​ទាំងអស់ អាច​សហការ​កំណត់​នូវ​សំណើ​ដែល​ច្បាស់លាស់​និង​អាច អនុវត្តបាន​តាម​វិធាន​ច្បាប់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​យន្តការ​ការពារ​សម្បត្តិ​វប្បធម៌ យើង​។ តាម​អ្វីដែល​ខ្ញុំ​ចាំបាន​នោះ​គឺថា យើងទាំងអស់គ្នា បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ឆ្នាំ​១៩៧០ របស់​អង្គការ​យូណេស្កូ ស្តីពី​មធ្យោបាយ​ហាមឃាត់ និង​ទប់ស្កាត់​ការនាំ​ចូល នាំចេញ និង​ផ្ទេរកម្មសិទ្ធិ​នៃ​សម្បត្តិ​វប្បធម៌ ដោយ​ខុសច្បាប់​។ យើង​នៅតែ​ត្រូវការ សហការ​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ជាពិសេស​សហរដ្ឋអាមេរិក និង​បណ្ដា ប្រទេស​អភិវឌ្ឍន៍​ផ្សេងទៀត​។ យើង​ត្រូវ​ការជួយ​ជំរុញ​ពី​សម្ព័ន្ធភាព​អន្តរជាតិ​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុង​ការយក​មកវិញ នូវ​សម្បត្តិ​ជាតិ​ជាច្រើន ដែល​ត្រូវបាន​លួច​យកទៅ​។ ប្រាកដ​ណាស់​ថា វា​អាចមាន​ការលំបាក និង​បញ្ហា​ប្រឈម នានា ប៉ុន្តែ​ខ្ញុំ​អាច​ធានាបាន​ថា វា​ពិតជា​មានតម្លៃ​សម្រាប់​យើង​។ ប្រពៃណី​វប្បធម៌ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​បេតិកភណ្ឌ​អរូបី​របស់​អាស៊ាន ហើយ​វា​គឺជា​មធ្យោបាយ ដែល​ប្រសិទ្ធភាព​ក្នុងការ​ធ្វើឱ្យ​ប្រជាជន​អាស៊ាន​ស្គាល់​នូវ​អត្តសញ្ញាណ​ក្នុង​តំបន់​របស់ខ្លួន​។ តាមរយៈ​ការរួបរួម​គ្នា យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បាន​។

​ប្រភព​ដដែល បាន​បន្តថាៈ នាពេល​ថ្មីៗ​នេះ កម្ពុជា​សម្រេចបាន​មួយ​ជំហាន​ទៀត ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ នូវ​សម្បត្តិ​ជាតិ ដែល​ត្រូវបាន​គេ​លួច​យកទៅ​។ នៅ​ដើមខែ​មុន អាជ្ញាធរ​អនុវត្ត​ច្បាប់ នៅ​សហរដ្ឋអាមេរិក បានប្រគល់​វត្ថុ​បុរាណ​ចំនួន ៣០ ដែល​ត្រូវបាន​រត់ពន្ធ​យកទៅ មក​ប្រគល់ជូន​កម្ពុជា​វិញ​។
​សូម​លើកឡើង​ដោយ​មោទនភាព នូវ​រូបចម្លាក់​ធំ​ពីរ​ដែលមាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ គឺ​រូបសំណាក​ថ្មភក់ សតវត្ស​ទី​១០ របស់​ទេវៈ​ហិណ្ឌូ​ព្រះនាម​ស្កា​ន់​ដា គង់​លើស​ត្វ​ក្ងោក ដែល​បាន​លួច​ចេញពី​ប្រាសាទក្រចាប់​នៅ​តំបន់​ប្រាសាទកោះកេរ្ដិ៍ និង​រូបចម្លាក់​ទេវៈ​ដំរី ព្រះនាម​ព្រះ​គណេស ទម្ងន់​បី​តោន លួច​ចេញពី​ប្រាសាទ​បាក់​នៅ​តំបន់​ប្រាសាទ កោះ​កេរ្ដិ៍​ផងដែរ​។
​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​សារជាថ្មី​ម្តងទៀត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​សហរដ្ឋអាមេរិក គ្រប់លំដាប់​ថ្នាក់ សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ ហើយ​ខ្ញុំ​បានឃើញ​ក្នុង​កម្មវិធី​សន្និសីទ ដែល​ពួកគាត់​អាចមក​ចូលរួម​ចែករំលែក អំពី​បទពិសោធន៍ នៅលើ​ដំណើរការ​នៃ​ការប្រគល់​មកវិញ នូវ​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានលើកឡើង​ថាៈ ការបញ្ជូន​ត្រឡប់មកវិញ​នូវ​វត្ថុ​បុរាណ ទាំង​៣0​នេះ គឺ​គ្រាន់តែ​ជា​ជ័យជម្នះ​ដ៏​តូច​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ ខុសច្បាប់​ប៉ុណ្ណោះ​។ បើ​មិន​រាប់ពាន់ ក៏​នៅមាន​វត្ថុ​របស់​ជាតិ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន រាប់រយ​បន្ថែមទៀត ដែល​មិនទាន់​រកឃើញ​ត្រឡប់មកវិញ​។ វត្ថុ​មានតម្លៃ​ទាំងនោះ ត្រូវបាន​លួច​ចេញពី​ប្រាសាទអង្គរវត្ត ពី​ប្រាសាទ​បរ​រូបា​ដ័​រ បាកាន ហ្លួងព្រះបាង និង​កន្លែង​ជាច្រើន​ទៀត នៅក្នុង​តំបន់​របស់​យើង​។ នេះ​មិនមែន​បញ្ហា​ប្រឈម សម្រាប់តែ​ប្រទេស​កម្ពុ​ជាមួយ​ទេ តែ​វា​ជា​បញ្ហា​សកល​ពាក់ព័ន្ធ​នឹង​អ្នកប្រមូល​ទិញ ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល ឈ្មួញ​ឯកជន ម្ចាស់​វិចិត្រសាល និង​សូម្បីតែ​កន្លែង មួយចំនួន​ដែលមាន​កិត្យានុភាព​បំផុត​របស់​ពិភពលោក​៕ V / N