ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បំពាក់​គ្រឿឥស្សរិយយស​សហ​មេត្រី ថ្នាក់​ធិ​ប​ឌិ​ន្ទ ជូន​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​បេសកកម្ម​ការទូត នៅក្នុង​ឱកាស ដែល​លោក​ឯកអគ្គរាជទូត ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០២២​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស

​ឯកអគ្គរាជទូត ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការផ្តល់​គ្រឿង​ឥស្សរិយយស នៅពេលនេះ ដែល​លោក​ចាត់ទុកថា ជា​កិត្តិយស​ដ៏​ធំធេង សម្រាប់​រូបលោក​ផ្ទាល់ ក៏ដូចជា​សម្រាប់​ក្រុមការងារ នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ នៅ​ភ្នំពេញ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ ការចូលរួមចំណែក យ៉ាងសកម្ម របស់លោក​ឯកអគ្គរាជទូត ក្នុងការ​ពង្រីក និង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ព្រះរាជាណាចក្រ​ទាំងពីរ នៅលើ​វិស័យ​ជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និង​វប្បធម៌ ដោយ​គូសបញ្ជាក់ថា ការបំពាក់​គ្រឿង​ឥស្សរិយយស នៅពេលនេះ ជាការ​សបញ្ជាក់​ពី​ការវាយតម្លៃ​ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ឯកអគ្គរាជទូត​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកអគ្គរាជទូត ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប បានកត់សម្គាល់ ដោយ​ក្តី​រីករាយ​ចំពោះ ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ដែលជា​កត្តា​ចម្បង ធានាឱ្យមាន​ការរីកចម្រើន​ជា​លំដាប់ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានលើកឡើង អំពី​ការកើនឡើង​នូវ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទ្វេភាគី នៅក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំនេះ ហើយ​បាន​លើកទឹកចិត្ត​ប្រទេស​ទាំងពីរ ឲ្យ​ស្វែងរក​ឱកាស ដើម្បី​ពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់​ដោយ​សេចក្តី​រីករាយ ចំពោះ​ការវិលត្រឡប់ ទៅរក​ស្ថានភាព​ជាធម្មតា ដូច​កាលពីមុន​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ទាំងពីរ​និង​ការបន្ត ជើងហោះហើរ​ឡើងវិញ ដែល​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​គោលបំណង នេះ​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ប្រទេស​ទាំងពីរ ឲ្យ​ព​ន្លឿ​ន​ការបញ្ចប់ ឯកសារ​មួយចំនួន ដែល​មិនទាន់​សម្រេចបាន​នៅឡើយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត ក៏បាន​ពិភាក្សា​ផងដែរ អំពី​ការពង្រឹង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​ទេសចរណ៍ អប់រំ វប្បធម៌ និង​ការប្រយុទ្ធ ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ហើយ​បានកត់សម្គាល់​ដោយ​ក្តី​សោមនស្ស ចំពោះ​ការរៀបចំ​របស់​ប្រទេស​ទាំងពីរ សម្រាប់​ការបន្ត​កិច្ចចរចា លើ​តំបន់​ទាមទារ ដែល​ត្រួតស៊ីគ្នា​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ សម្រាប់​ជំនួយ​អភិវឌ្ឍន៍ ដែល​បានផ្តល់​ដល់​កម្ពុជា រួមមាន អាហារូបករណ៍ វគ្គ​បណ្តុះបណ្តាល​នានា ក៏ដូចជា​ជំនួយ​និង​ការយកចិត្តទុកដាក់​ដ​ល់​ពលករ​ខ្មែរ ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ថៃ ដល់​តួនាទី ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​, កិច្ចខិតខំ​ប្រឹងប្រែងរ​ប​ស់លោក​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា និង​ការធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយ​ជោគជ័យ នៅ​ដើមខែ​សីហា ឆ្នាំ​២០២២​នេះ​៕ V / N