ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​៖​ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ព្រមាន​ត្រង់ៗ​ដល់​កងកម្លាំង​ចំណុះ និង​មន្ត្រីក្រោមឱវាត​ស្រុក ក្រុង ត្រូវមាន​ម្ចាស់ការ​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផង បើ​ធ្វើ​មិនកើត​មានតែ​ដកចេញ​ទេ​។​

                                                                                        លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តបាត់ដំបង ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២២ ថ្មីៗ​នេះ លោក សុខ លូ ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង​បាន​លើកឡើងថា គ្រប់​គណ​:​បញ្ជាការ​ឯកភាព​ស្រុក ក្រុង អធិការនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​ទាំងអស់​ត្រូវ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ក្នុងការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កុំ​ចាំតែ​អភិបាលខេត្ត​បញ្ជា​ទើប​ធ្វើ​។​បើ​អធិការ​ស្រុក​ណាមួយ​ធ្វើ​មិនកើត​ទេ​មានតែ​ដកចេញ​តែប៉ុណ្ណោះ​។​

​ប្រធាន​គណ​:​បញ្ជាការ​បានបញ្ជាក់​ទៀតថា កន្លងមក​លោក​ធ្លាប់​ទទួលបាន​ព័ត៌មាន​ពី​បញ្ហា​ល្បែងស៊ីសង​នានា ដោយ​កន្លែង​ខ្លះ​នៅខាងមុខ​មាន​រូប​ភាពជា​កន្លែង​ដូរ​លុយ តែ​នៅ​ខាងក្រោយ​មាន​បង្កប់​ល្បែងស៊ីសង ។​ពិសេស​ល្បែងស៊ីសង​បញ្ជល់មាន់​តាម​អន​ឡាញ​កើតមាន​នៅតាម​បណ្តា​ទីប្រជុំជន​ក្នុងស្រុក និង​ក្រុង​យ៉ាង​គឃ្លើន​ឡើងវិញ រួមទាំង​តាម​ហាង​កាហ្វេ និង​ទីតាំង​ល្បែង​ឆ្នោត​ក៏មាន​គ្រប់​ទីកន្លែង​ថែមទៀត​។​

​ជាមួយគ្នា​លោក សុខ លូ ក៏បាន​ដាក់បទបញ្ជា​ដោយផ្ទាល់ ចំពោះមុខ​នេះ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង ៣​ប្រភេទ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​ស្រុក ក្រុង​ទាំង ១៤ ក្នុង​ខេត្តបាត់ដំបង ត្រូវអនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ករណី​ជួញដូរ ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​គ្រប់​គោលដៅ ក្នុង​គោលបំណង​បង្កើន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សង្គម​ឱ្យ​ល្អប្រសើរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​ភាព​ភាពកក់ក្តៅ​សប្បាយរីករាយ​៕ សរន / N