ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នា​រដូវវស្សា ភ្លៀង​ធ្លាក់​ជោកជាំ អាច​បង្ក​ឲ្យ​មាន ទឹក​ដក់ បង្ករ​ជា​ជម្រក​សំបុក​មូស​ខ្លា ហើយ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់ នូវ​ជំងឺគ្រុនឈាម ផ្តើមចេញពី​មូស​ខ្លា​ញី​ខាំ​នោះ មន្ត្រី​ជំនាញ​សុខាភិបាល មន្ត្រី​អាជ្ញាធរ និង​មន្ត្រីនគរបាល បាន​សហការគ្នា​ផ្សព្វផ្សាយ ពី​ការទប់ស្កាត់​ជំងឺគ្រុនឈាម ផ្តល់​ថ្នាំ​អា​បែ​ត ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។​

​លោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក បានឱ្យដឹង នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ថាៈ លោក​បាន​ចូលរួម​ពី​លោក វ៉ាន់ ខៃ អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​ព្រះនេត្រព្រះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សាឃុំ​ប៉ោយចារ និង​លោក​មេភូមិ ចំនួន ៥ ប្រជាពលរដ្ឋ ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​មូស​ខ្លាខាំ ដែល​នាំ​ឲ្យ​កើត​ជំងឺគ្រុនឈាម ។​

​លោក ជូ បុត្រ បាន​បន្តថាៈ រដូវ​នេះ គឺជា​រដូវវស្សា ភ្លៀង​ធ្លាក់​ជោកជាំ បង្ក​ឲ្យ​មាន​ទឹកភ្លៀង ដក់​តាម​ជង្ហុក សំបក​កង់ឡាន កង់​ម៉ូតូ ឬ​វត្ថុ​ដែល​អាច​ដក់​ទឹកបាន ដែលជា​ជម្រក និង​សំបុក​មូស​ខ្លា ពង​កូន មួយវិញទៀត មូស​ខ្លា​ញី គឺជា​ភ្នាក់ងារ​ចម្លង​នូវ​ជំងឺគ្រុនឈាម យ៉ាង​សាហាវ ។

​ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា គេ​ត្រូវ​ប្រមូល ដូចជា សំបក​កង់ឡាន កង់​ម៉ូតូ ឬ វត្ថុ​ដែល​អាច​ដក់​ទឹកភ្លៀង​បាន​នោះ កប់​និង​ដុតចោល ចំណែក​ជង្ហុក​សំបុក យើង​ត្រូវ​កាយ​ដី​លុប តាម​ពាង ឬ​អាងទឹក ត្រូវ​ចិញ្ចឹម​ត្រី​ក្រឹម ឬ​ដាក់​ថ្នាំ​អា​បែ​ត សកម្មភាព​នេះ គឺ​យើង​ធ្វើ​ដើម្បី​បំផ្លាញ​មូស​ខ្លា និង​បំបាត់​ជម្រក​មូស​ខ្លា​ពង​កូន ។​

​ក្នុង​កម្មវិធី​នេះ ក៏បាន​ដើរ​ដាក់​ថ្នាំ​អា​បែ​ត តាម​លំនៅដ្ឋាន ក្នុងភូមិ​ទាំង​៥ ក្នុង​ឃុំ​ប៉ោយចារ និង​ចែក​ថ្នាំ​អា​បែ​ត ដល់​ប្រជាពលរដ្ឋ ចំនួន ២៦ ការុង (១​ការុង ទម្ងន់ ២០​គ​.​ក្រ​) ៕ V / N