ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អាម៉េរិកនិយាយថា រុស្ស៊ី​ត្រូវ​បង្ខំចិត្ត​ទិញ​សម្ភារៈ​យោធា​ពី​កូរ៉េខាង​ជើង ខណៈ​ទណ្ឌកម្ម​បានរឹតត្បិត​សមត្ថភាព​របស់រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ការ​ផ្គត់ផ្គង់​យោធា​របស់​ខ្លួន។

មន្ត្រី​អាម៉េរិក​ម្នាក់​បាន​បង្ហើប​ថា រដ្ឋាភិបាលក្រុង​មូស្គូ​កំពុងស្ថិតក្នុង​ដំណើរការ​ទិញ​គ្រាប់​រ៉ុក្កែតនិង​កាំភ្លើងធំ​រាប់លាន​គ្រាប់ពី​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយក្រែន។

ហើយពួកគេបាននិយាយថា រុស្ស៊ីអាចត្រូវបង្ខំចិត្តទិញសព្វាវុធកូរ៉េខាងជើងបន្ថែមទៀត ខណៈសង្រ្គាមអូសបន្លាយពេលយូរ។

ពួកគេបានបន្ថែមថា ការទិញអាវុធពីកូរ៉េខាងជើងគឺជាសញ្ញានៃ “ការខ្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ”។

ចារកម្មសម្ងាត់នេះត្រូវបានរាយការណ៍ដំបូងដោយកាសែត New York Times ។ ក្រសួងការពារជាតិអ៊ុយក្រែនបានបង្ហោះសារឆ្លើយតបបែបចម្អកចំពោះរបាយការណ៍នេះ ដោយនិយាយថា វាបង្ហាញថា “អាវុធសូវៀត” បានធ្វើឱ្យពួកគេអស់សក្តានុពលហើយ។

ក្រសួងបាននិយាយថា ខណៈអ៊ុយក្រែនកំពុងងាកទៅរកស្តង់ដារណាតូ រុស្ស៊ីកំពុងងាកទៅរកស្តង់ដារកូរ៉េខាងជើង មិនថានៅក្នុងវិស័យ “អាវុធ នយោបាយ ឬស្តង់ដារនៃការរស់នៅ”។

របបរបស់លោក គីម ជុងអ៊ុន បានស្តីបន្ទោសសហរដ្ឋអាម៉េរិកចំពោះជម្លោះនេះ និង បានចោទប្រកាន់លោកខាងលិចថាបានបន្ត “គោលនយោបាយអនុត្តរភាព” ដែលជាលេសនៃការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។

កាលពីខែមុន កូរ៉េខាងជើងបានទទួលស្គាល់ឯករាជ្យភាពនៃរដ្ឋប្រូកស៊ីចំនួនពីររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន គឺ សាធារណរដ្ឋប្រជាមានិតដូណិតស៍ (Donetsk) និងលូហានស៍ (Luhansk) ហើយបានប្តេជ្ញាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ “មិត្តភាពជាមិត្ត” ជាមួយទីក្រុងមូស្គូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសទាំងពីរនឹងពង្រីក “ទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយនិងប្រកបដោយការស្ថាបនា” របស់ពួកគេ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទីក្រុងព្យុងយ៉ាង៕

រដ្ឋាភិបាលក្រុង​មូស្គូ​កំពុងស្ថិតក្នុង​ដំណើរការ​ទិញ​គ្រាប់​រ៉ុក្កែតនិង​កាំភ្លើងធំ​រាប់លាន​គ្រាប់ពី​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង