ប្រែសម្រួល : កញ្ញាដាលីស (NHK) ៖ រដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយសរុបនៃពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Abe ​​Shinzo) ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ១១,៨ លានដុល្លារអាម៉េរិក។

ពិធីបុណ្យសពលោកអាបេ ដែលគេបាញ់ស្លាប់ក្នុងអំឡុងពេលសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោតកាលពីខែកក្កដា គ្រោងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងតូក្យូ។ រដ្ឋាភិបាលនឹងចេញចំណាយទាំងស្រុង។

ប្រធានខុទ្ទកាល័យលោក ម៉ាត់ស៊ូណូ ហ៊ីរ៉ូកាហ្ស៊ូ (Matsuno Hirokazu) បានប្រាប់អ្នកយកព័ត៌មានអំពីការប៉ាន់ប្រមាណនេះកាលពីថ្ងៃអង្គារទី៦កញ្ញា។

មុន​នេះ រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​ប្រមាណ ១,៨ លាន​ដុល្លារ​ដើម្បី​រៀបចំ​កន្លែងធ្វើពិធីបុណ្យ។

ទឹកប្រាក់បន្ថែមចំនួន ១០ លានដុល្លារគឺមានប្រហែល ៥,៧ លានដុល្លារសម្រាប់ចំណាយលើលើបុគ្គលិកមន្ត្រីនគរបាលទទួលបន្ទុកសន្តិសុខ ប្រហែល ៤,២ លានដុល្លារសម្រាប់ថ្លៃទទួលឥស្សរជនបរទេស និងជាង ៧០.០០០ ដុល្លារសម្រាប់ថ្លៃជួលយានយន្តដែលប្រើប្រាស់ដោយកងកម្លាំងស្វ័យការពារភ្ញៀវកិត្តិយស និង អ្នកដទៃទៀត។

គណៈប្រតិភូបរទេសជាង ១៩០ ប្រទេសត្រូវគេរំពឹងថានឹងមកប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសព។ នេះរួមបញ្ចូលទាំងគណៈប្រតិភូប្រហែល ៥០ ដឹកនាំដោយប្រមុខរដ្ឋឬអ្នកផ្សេងទៀតដែលនឹងតម្រូវឱ្យមានការទទួលជាពិសេស។

ការ​ពន្យល់បកស្រាយនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជំរំ​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​មាន​ការ​លាតត្រដាង​ពី​គម្រោង​ថវិកាបុណ្យសព។

លោកម៉ាត់ស៊ូណូបាននិយាយថា លោកបានបង្ហាញពីថវិកានេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី គីស៊ីដា ហ៊្វូមីអូ (Kishida Fumio) បានណែនាំគាត់ឱ្យពន្យល់យ៉ាងពេញលេញអំពីផែនការនេះដល់សាធារណជន។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​បន្ត​ខិតខំដើម្បីឱ្យ​សាធារណជនបានយល់គ្រប់យ៉ាង៕

ពិធីបុណ្យសពលោកអាបេគ្រោងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងតូក្យូ