ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មន្ទីរបញ្ចកោណបានប្រកាសថា យោធាអាម៉េរិកនឹងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបនៅថ្ងៃពុធនេះ នៅក្នុងប្រតិបត្តិការអនុវត្តបែបនេះជាលើកទីពីរនៃវិស័យការពារនុយក្លេអ៊ែររបស់ប្រទេសក្នុងរយៈពេលតិចជាងមួយខែ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ឯក ផាត់ រ៉ាយឌឺ (Pat Ryder) បាននិយាយកាលពីថ្ងៃអង្គារទី៦កញ្ញាថា “នឹងមានប្រតិបត្តិការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប Minuteman III ដែលគ្មានក្បាលគ្រាប់នៅព្រឹកថ្ងៃស្អែក ទី ៧ ខែកញ្ញា ពីមូលដ្ឋានទ័ពអវកាសវ៉ាន់ដិនបឺក (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា”។

សេចក្តីប្រកាសមុនពេលចាប់ផ្តើមគឺជារឿងមិនធម្មតា។ កាលពីមុន មន្ទីរបញ្ចកោណមិនដែលបញ្ជាក់ពីការបាញ់សាកល្បងថ្មីៗនោះទេ រហូតទាល់តែការសាកល្បងបានធ្វើឡើងរួចរាល់។

លោករ៉ាយឌឺបានសង្កត់ធ្ងន់ថា ការសាកល្បងនេះគឺជា “ទម្លាប់ធម្មតា” ដោយបន្ថែមថា វាត្រូវបានគ្រោងទុកយូរមកហើយ ហើយថាសហរដ្ឋអាម៉េរិកបានជូនដំណឹងដល់រុស្ស៊ីនិងប្រទេសដទៃទៀតអំពីផែនការនេះ។

លោករ៉ាយឌឺបានប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃការសាកល្បងនេះ “គឺដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងផ្តល់ទំនុកចិត្តលើសន្តិសុខនិងប្រសិទ្ធភាពនៃការទប់ទល់អាវុធនុយក្លេអ៊ែររបស់ប្រទេស”។

កងទ័ពអាកាសអាម៉េរិកបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល Minutemen III ICBM កាលពីថ្ងៃទី ១៦ ខែសីហា បន្ទាប់ពីបានពន្យារពេលបាញ់សាកល្បងពីរដង ដើម្បីបញ្ចៀសភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែននិងតៃវ៉ាន់៕

យោធាអាម៉េរិកនឹងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប Minuteman III ដែលគ្មានក្បាលគ្រាប់នៅព្រឹកថ្ងៃពុធ ទី ៧ ខែកញ្ញានេះ