ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមហង្សក្រហម Liverpool របស់អង់គ្លេសនឹងធ្វើការប្រកួត UEFA Champions League វគ្គជម្រុះតាមពូលនៅរាត្រីថ្ងៃពុធនេះ នៅទឹកដីរបស់ Napoli របស់អ៊ីតាលី ដែលជាជំនួបមួយគេទន្ទឹងចាំមើលបំផុតមួយសម្រាប់យប់នេះ ខណៈ Bayern Munich ដែលជាជើងខ្លាំងរបស់អាល្លឺម៉ង់ នឹងទៅទឹកដីរបស់ក្រុមខ្លាំង Inter របស់អ៊ីតាលីផងដែរ។ ទន្ទឹមនេះ ក្នុងចំណោម ៨ គូ UCL យប់នេះគឺមានតែ Barcelona មួយគត់រំពឹងឈ្នះងាយៗជាងគេ ព្រោះទទួលភ្ញៀវមធ្យម Plzen មកពីសាធារណរដ្ឋឆែក។

ការព្យាករណ៍សម្រាប់ពាក់កណ្តាលសប្តាហ៍ ៖

– Napoli vs Liverpool (ពូល A)

Napoli នឹងត្រូវប៉ះជាមួយ Liverpool នៅកីឡដ្ឋាន Stadio Diego Armando Maradona ខណៈក្រុមភ្ញៀវត្រូវប្រើគ្រប់ថាមពលដែលមានដើម្បីយកឈ្នះលើម្ចាស់ផ្ទះ។

Liverpool បានតាំងចិត្ត​ឈ្នះ​ពាន ​ដែល​ពួក​គេ​ធ្លាប់​ចាញ់​កាល​ពី​មុន។ ពួកគេ​បាន​បង្កើន​សន្ទុះ​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ Premier League នាពេលថ្មីៗនេះ។

ក្រោយ​មិន​ដែលឈ្នះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​បី​លើក ហង្សក្រហម Liverpool បានលេង​បី​ប្រកួតចុងក្រោយដោយ​មិនដែល​ចាញ់​ក្នុង​លីក។ ប្រាំពីរពិន្ទុពីការប្រកួត៣លើកចុងក្រោយបានជួយឱ្យពួកគេចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងតារាងលីក។

ពួក​គេ​ស្ថិត​នៅ​លេខ​៧​ក្នុង​តារាង​គិត​ត្រឹម​ពេល​នេះ។ រហូតមកទល់ពេលនេះមានតែ Manchester City ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីច្រើនជាងពួកគេនៅក្នុងលីក។

ទន្ទឹមនឹងនេះ Napoli បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងលីកកាលពីរដូវកាលមុន ហើយដូច្នេះពួកគេបានទទួលសំបុត្រមួយទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។

Napoli បានចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេដោយភាពវិជ្ជមាន។ បន្ទាប់ពីប្រកួតបើកឆាកចំនួន ៥ លើកក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី Napoli បានឈ្នះ ៣ និងស្មើ ២ ។ ពួក​គេ​អាច​រក​គ្រាប់​បាល់​បាន​១២គ្រាប់​មក​ទល់​ពេល​នេះ​ក្នុង​រដូវ​កាល Serie A ឆ្នាំនេះ។

Napoli នឹងមានស្មារតីខ្ពស់សម្រាប់ការប្រកួតនេះ ព្រោះពួកគេមានប្រៀបលើក្រុម Liverpool ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ ជួបគ្នាក្នុង UCL ៦លើកចុងក្រោយ ក្រុមទាំងពីរឈ្នះម្នាក់៣ដង។

យោងលើប្រវត្តិនិងទម្រង់បច្ចុប្បន្នរវាងក្រុមទាំងពីរ យើងរំពឹងមានលទ្ធស្មើជាលើកទីមួយរវាងពួកគេ គឺ ១-១។

– Inter Milan vs Bayern Munich (ពូល C)

ក្រុមចំនួន ៣ ដែលធ្លាប់ឈ្នះពានទ្វីបអឺរ៉ុបក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ គឺលេងក្នុងពូលមរណៈ Champions League នៅពេលនេះ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Inter Milan ក៏ដូចជា Bayern Munich ដើម្បីចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយនឹងជ័យជម្នះ។

Inter Milan គឺជាក្លិបខ្លាំងមួយនៅអ៊ីតាលីជាច្រើនឆ្នាំកន្លងមក ហើយនៅរដូវកាលមុនមួយទៀត ពួកគេថែមទាំងបានលើកពានលីកផងដែរ ដោយបញ្ចប់ការលើកពានផ្តាច់មុខជាច្រើនឆ្នាំរបស់ Juventus ។

ទោះ​យ៉ាង​ណា​ រដូវកាលមុនពួក​គេបានរបូតពានលីកទៅ​ក្រុម AC Milan ហើយ​បានឈរលេខ២ក្នុងតារាងលីក។ ហើយ​អ្វី​ដែល​ឈឺ​ចាប់​បំផុត​នោះ​គឺ​ពួកគេ​តាម​ពី​ក្រោយ​ត្រឹម​តែ​២​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង​នៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការកន្លងទៅ។

ទន្ទឹមនឹងនេះដែរ ក្រុម Bayern ទទួលបានពានរង្វាន់លីកទី១០ជាប់ៗគ្នារបស់ពួកគេកាលពីរដូវកាលមុន ហើយពួកគេបានចាប់ផ្តើមរដូវកាលនេះក៏ល្អដូចផ្កាផងដែរ។

ទោះយ៉ាងណា រឿងមួយដែលចាំបាច់ត្រូវនិយាយគឺថា ពួកគេហាក់បាត់បង់ភាពមុតស្រួចរបស់ពួកគេបន្តិច ហើយការចាកចេញរបស់កីឡាករ Robert Lewandowski ប្រហែលជាបានរួមចំណែកដល់រឿងនេះ។

ទោះយ៉ាងណា ជាមួយនឹងវត្តមានរបស់ក្រុមឡើងជើង Barcelona ក្នុងពូលនេះដែរនោះ ក្រុមទាំងពីរនេះនឹងស្ថិតក្រោមសម្ពាធ ដោយសារក្រុមមួយក្នុងចំណោមក្រុមខ្លាំងទាំងបីនេះ ច្បាស់ជាមានមួយត្រូវជ្រុះចេញពីក្នុងពូល។

បើមើលទៅទម្រង់របស់ក្រុមទាំងពីរ គេរំពឹងថានឹងមានជំនួបដ៏ស្វិតស្វាញរវាងពួកគេនៅយប់ថ្ងៃពុធនេះ ហើយឱកាសមានច្រើនដែលគ្រាប់បាល់នឹងស៊ុតចូលគ្នាទៅវិញទៅមក។

ជួបគ្នាចុងក្រោយ Inter ឈ្នះ​ Bayern ២-០ ប៉ុន្តែពីរប្រកួតមុននេះ គឺ Bayern ឈ្នះទាំងពីរ។ អ្វីដែលគួរកត់សម្គាល់គឺ រាល់ជំនួបនៅទឹកដី Inter គឺមិនដែលមានក្រុមណាមិនស៊ុតបញ្ចូលទីនោះឡើយ។

លទ្ធផលព្យាករណ៍ Bayern ឈ្នះ ២-១៕

Bayern រំពឹងទទួលលទ្ធផលល្អនៅទឹកដី Inter