ដោយ : ភ្នំ​ស្វាយ / ស្រះកែវ​:​ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ជួបប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​និង​រិត​ចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ។​នេះ​បើតាម​ជំនួប​និង​ការបំពេញ​ទស្ស​កិច្ច​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០២២ នៅ​ស្រុក​អារញ្ញ ។​

​តប​តាម​ការអញ្ជើញ​របស់លោក​អភិបាលស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ លោក​គាត ហ៊ុល និង​លោក សាន ស៊ានហូ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ក្រុង​ប៉ោយប៉ែត​, តំណាង​ចៅសង្កាត់​ទាំង​ប្រាំ​នៃ​ក្រុង​ប៉ោយប៉ែ​តទៅ​ទស្សនកិច្ច​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ​ដើម្បី​សិក្សា​ស្វែងយល់ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រិត​ចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អារញ្ញ​ប្រាថេត ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល ។​

​ភាគី​រដ្ឋបាល​ស្រុក​អារញ្ញ​បានរៀបចំ​កម្មវិធី​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​ខា​វណ​យ ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​តំបន់ ទស្សនា​កសិដ្ឋាន​ផលិត​ផ្សិត​អំបោះ​លក្ខណៈ​គ្រួសារ ការប្រកួត​កីឡា និង​ពិសា​អាហារ​សាមគ្គី ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏មាន​វត្តមាន​ចូលរួម​ពី​លោក​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ផងដែរ ៕​សរន / N