ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ បាន​​ក្លាយជា​ក្ដី​ស្រមៃ​របស់​កីឡាករ កីឡាការិនី​ឆ្នើមៗ ចង់​ក្លាយជា​បេក្ខភាព​អត្ត​ព​លិ​ក ដែល​លេង​ក្នុង ព្រឹត្តិការណ៍​នោះ​។​

​សម្រាប់​កីឡាករ​បាល់ទាត់ ឡេង ណូ​រ៉ា ដែល​ទើប​ជាប់​ជា​កីឡាករ​ជម្រើសជាតិ អាយុ​ក្រោម​អាយុ​២០​ឆ្នាំ បាន​បង្ហើប​ពី​ក្ដី​ស្រមៃ​របស់ខ្លួន ក្នុង​ការជាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​កីឡាករ​ឆ្នើម​របស់​ក្លិប​បាល់ទាត់​វិសាខា បាន​និយាយថាៈ វា​ជា​ក្ដី​ស្រមៃ​របស់ខ្ញុំ​ដ៏​ធំ​មួយ ប្រសិនបើ​បានជា​ប់​ជម្រើសជាតិ បាន​លេង​ស៊ី​ហ្គេម នៅ​ទឹកដី​កម្ពុជា​យើង​។ ខ្ញុំ​បាន​ប្ដេជ្ញា​ថា នឹង​ប្រឹងប្រែង​លេង​ឲ្យ​បានល្អ​បំផុត​នៅ​ក្លិប ដើម្បី​ឲ្យ​គ្រូ​ជម្រើសជាតិ មើលឃើញ ដើម្បី​អាច​បាន​ជាប់​ជម្រើសជាតិ ក្នុងពេលនោះ​។​

​យុវជន​ដែល​ធ្លាប់បាន​ជាប់​ជម្រើសជាតិ​ក្រុម​ធំ​រូបនេះ បាន​ប្ដេជ្ញាចិត្ត​ថា រូបគេ​នឹង​ខំប្រឹង ឲ្យ​អស់​លទ្ធភាព ដែលមាន​ដើម្បី​បានបង្ហាញ​ទម្រង់​លេង ឲ្យ​បានល្អ​បំផុត​ក្នុង​ក្រុម ដើម្បី​ឲ្យ​គ្រូ​ជម្រើសជាតិ បាន​មើលឃើញ​ខ្លួន​។ ការខកខាន​ស៊ី​ហ្គេម នៅ​វៀតណាម ជា​រឿង​ស្ដាយ​បំផុត​មួយ សម្រាប់​រូបគេ ក្នុងការ​ក្រេប​យក​បទពិសោធន៍ ពី​ព្រឹត្តិការណ៍ ដ៏​សំខាន់ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​លើក​នេះ ស៊ី​ហ្គេម​នៅ​កម្ពុជា រូបគេ​នឹង​ប្រឹងប្រែង ជាមួយ​ការប្ដេជ្ញាចិត្ត ដើម្បី​សម្រេច​ក្ដី​ស្រមៃ​មួយ​នេះ​ឲ្យ​ខាងតែបាន​។​

​ការ​បាន​ជាប់​ជម្រើសជាតិ​ក្រោម​អាយុ​២០​ឆ្នាំ ជា​លើកដំបូង​នេះ​របស់ ណូ​រ៉ា គឺ​ត្រៀម​ចូល​
​រួម​ប្រកួត​ពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែល​នឹង​ធ្វើឡើង ពីថ្ងៃ​ទី​១៤ ដល់ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ប្រទេស​តាជី​គី​ស្ថាន​៕V / N

រូបថត : កីឡាករ​បាល់ទាត់ ឡេង ណូ​រ៉ា