ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​លើកចុងក្រោយ សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១-១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​សៀមរាប នាពេល​ខាងមុខនេះ​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​រដ្ឋលេខាធិការ​ប្រចាំការ មន្ត្រី​ជា​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ និង​ក្រុមការងារ​លេខាធិការដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជំនាញ​មកពី​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​វឌ្ឍនភាព​សំខាន់ៗ នៃ​ការត្រៀម​រៀបចំ​របស់​អនុគណៈ​ក​ម្មារ​ជំនាញ​នីមួយៗ មាន​ដូចខាងក្រោម​៖
• អនុគណៈកម្មការ​ខ្លឹមសារ និង​ឯកសារ និង​ក្រុមការងារ​លេខាធិការដ្ឋាន ត្រៀម​បញ្ចប់​វីដេអូ​ស្តីពី​វឌ្ឍនភាព PEDs របស់​កម្ពុជា សុន្ទរកថា ឯកសារ​បទ​អន្តរាគមន៍​នានា និង​ឯកសារ​កិច្ចប្រជុំ​ពាក់ព័ន្ធ ជូន​ប្រធាន​កិច្ចប្រជុំ AEM លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមទាំង​កិច្ចប្រជុំ​ទ្វេភាគី ផងដែរ​។​
• អនុគណៈកម្មការ​ពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំ​កន្លែង​ប្រជុំ​និង​សិល្បៈ បាន​ចុះ​ពិនិត្យមើល​និង​ត្រៀម​រួចរាល់​នូវ​ទីតាំង​រៀបចំ​កិច្ចប្រជុំ សណ្ឋាគារ​ស្នាក់នៅ ការត្រៀម​ទទួល​បដិសណ្ឋារកិច្ច វត្ថ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ពី​បណ្តា​សមាជិក​ចូលរួម ការធានា​ប្រព័ន្ធ​សន្តិសុខ ការសម្រួល​ដល់​ការធ្វើ​តេស្ត​យក​សំណាក PCR និង​បន្ទប់សង្គ្រោះបន្ទាន់ និង​ការត្រៀម​រៀបចំ​ចាំបាច់​ដទៃទៀត​។ ក្នុងនោះ ក៏បាន​ត្រៀម​រួចរាល់​នូវ​ការហាត់​សម និង​ចាត់ចែង​ឱ្យ​មន្ត្រី LOs និង SOs ត្រៀម​ទទួល​គណៈប្រតិភូ​ទៅតាម​ជើងហោះហើរ និង​បាន​ត្រៀម​រៀបចំ​កម្មវិធី Spouse ផងដែរ​។​
• អនុគណៈកម្មការ​ផ្សព្វផ្សាយ​ព័ត៌មាន កំពុង​ពិនិត្យ​បញ្ចប់​វីដេអូ​ផ្សព្វផ្សាយ ការចុះឈ្មោះ​ក្រុម​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​ការត្រៀម​រួចរាល់​នូវ​អត្ថបទ​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​វិទ្យុជាតិ ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ និង​ការផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ជាដើម​។​
​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​មួយចំនួន ជូន​អនុគណៈកម្មការ​នីមួយៗ ព្រមទាំង​ក្រុមការងារ​លេខាធិការដ្ឋាន ដូចខាងក្រោម​៖
• បន្ត​កិច្ចសហការ​ដ៏​ល្អប្រសើរ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​អាស៊ាន លើ​ការងារ​រៀបចំ​ឯកសារ និង Logistics នានា​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ​។​
• ត្រូវ​ពិនិត្យ​ឆ្លើយតប​នឹង​សំណួរ និង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​សំណើ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា Logsitcs Arrangement និង​ការរៀបចំ​ទូទៅ តាម​លទ្ធភាព​ជាក់ស្តែង​។​
• ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​កិច្ចប្រជុំ អនុគណៈកម្មការ​ទាំង​អស់​ត្រូវ​តាមដាន​និង​ពិនិត្យមើល​ដំណើរការ​នៃ​កិច្ចប្រជុំ​ឱ្យបាន​ល្អិតល្អន់ សំដៅ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​ទាន់ពេលវេលា​។​

​លោក​រដ្ឋមន្ត្រី បន្តថា ដំណើរការ​រៀបចំ​កន្ល​ង​មក​មាន​វឌ្ឍនភាព​ល្អប្រសើរ​និង​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន បើទោះជា​មាន​ឧបសគ្គ​មួយចំនួន​ក្តី ដោយ​ក្រុមការងារ​អនុគណៈកម្មការ​ទាំងអស់​មាន​ស្មារតី​បុ​រេ​សកម្ម យកចិត្តទុកដាក់ មាន​ជំហរ​និង​ភាពឈ្លាសវៃ​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ជាពិសេស​មាន​សាមគ្គី​ភាពល្អ​ជាមួយគ្នា​។​ N