ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាចម្រៀង ចាស្ទីន ប៊ីបឺ បាននិយាយកាលពីថ្ងៃអង្គារទី៦កញ្ញាថា រូបគេជាថ្មីម្តងទៀតនឹងសម្រាកពីដំណើរប្រគុំតន្ត្រីជុំវិញពិភពលោក បន្ទាប់ពីលាតត្រដាងកាលពីរាប់ខែមុនថា រូបគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺ ដែលបណ្តាលឱ្យវៀចមុខមួយផ្នែក។

កាលពីខែមិថុនា តារាចម្រៀងល្បីវ័យ ២៨ ឆ្នាំរូបនេះបានលុបចោលការសម្តែងនៅអាម៉េរិកខាងជើងសម្រាប់អាល់ប៊ុម “Justice” របស់ខ្លួន ដោយសារតែជំងឺឈ្មោះថា Ramsay Hunt Syndrome ដែលបង្កឱ្យវៀចមុខ។

ថ្មីៗនេះ ប៊ីបឺបានត្រឡប់មកប្រគុំតន្ត្រីវិញ ដោយបានសម្តែងកម្មវិធីផ្សាយផ្ទាល់ចំនួនប្រាំមួយនៅអឺរ៉ុប ក៏ដូចជាកម្មវិធីតន្ត្រីរ៉ុកក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីចុងសប្តាហ៍។

ប៉ុន្តែ​ប៊ីបឺ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការ​វិល​ត្រឡប់​ទៅ​ឆាកវិញ​គឺ​លឿនមុនពេល​កំណត់ពេក​។

ប៊ីបឺនិយាយថា “កាលពីចុងសប្តាហ៍មុននេះ ខ្ញុំបានសម្តែងនៅកម្មវិធីរ៉ុកក្នុងទីក្រុងរីយ៉ូ ហើយខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានដល់ប្រជាជនប្រេស៊ីល។ បន្ទាប់​ពី​ចុះ​ពី​ឆាក​មក ការ​ហត់​នឿយ​បានដាក់សម្ពាធលើ​ខ្ញុំយ៉ាងខ្លាំង ហើយ​ខ្ញុំ​បាន​ដឹង​ខ្លួនថា​ខ្ញុំ​ត្រូវយក​សុខភាព​របស់​ខ្ញុំធ្វើ​ជា​អាទិភាព​នៅ​ពេល​នេះ”។

តារា​ចម្រៀងម្ចាស់បទ Peaches រូបនេះបាន​បន្ត​ថា “​ដូច្នេះ​ខ្ញុំ​នឹង​សម្រាក​ពី​ដំណើរប្រគុំតន្ត្រីចាប់ពីពេលនេះទៅ”៕

ប៊ីបឺវៀចមុខដោយសារជំងឺ Ramsay Hunt Syndrome