ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូន ដល់ពលរដ្ឋចំនួន ១៥០ គ្រួសារ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួមសម្រាលបន្ទុក ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

អំណោយដ៏ថ្លៃថ្លានេះ បានមកពីការកៀរគររបស់លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងការឧបត្ថម្ភពីសមាគមពាណិជ្ជកម្ម អូស្រ្តាលី ដែលមានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌ របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគនូវ ធនធានផ្ទាល់ខ្លួន ចូលរួមសម្រាលបន្ទុក ដល់ជីវភាពរស់នៅរបស់គ្រួសារ ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញ អំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ៕/V-PC