ដោយៈ​សុផល / ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៦ ខែកញ្ញា បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ដឹកនាំ​ដោយ​លោក Sun Yao Guo ប្រធាន​វិស្វករ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ចំណុច ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការងារ ដែល​នៅ​សេសសល់ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ សាកល្បង ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នាពេល​ឆាប់ៗ​ខាងមុខ​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​/​ខេត្ត ដែល​ពាក់ព័ន្ធ​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​អំណរគុណ ទៅកាន់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់ ចិន​(CRBC) ដែល​បាន​អនុវត្ត ការងារ​សាងសង់​លឿន​ជាង គម្រោង​ដែល​បានគ្រោង​ទុក​ក្នុង​កិច្ចសន្យា​។
​ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី ក៏បាន​ដាក់​ផែនការ ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ដោះស្រាយ​ការងារ ដែល​នៅ​សេសសល់ យកមក​ពិភាក្សា​រក​ដំណោះស្រាយ ឱ្យបាន​រួចរាល់ ដើម្បី​ត្រៀម​ដាក់ឱ្យ ដំណើរ​សាកល្បង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុងនោះដែរ ចំពោះ ទីតាំង​សាងសង់​បង្គោល​អង់​តែ​ន​ទូរ​សព្ទ​សំខាន់ៗ​មួយចំនួន នៅតាម​បណ្តោយ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន CRBC ផ្តល់ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្វើការ​រៀបចំ​បំពាក់​បង្គោល តាម​នីតិវិធី​របស់ខ្លួន ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

​សូម​ជម្រាបជូន​ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥ គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ ស​ម្រ​ច​បាន ៩៦,៦០% គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ – ព្រះសីហនុ នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​បំផុត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គម្រោង​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើ ដំណើរ​ពី រាជធានី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង ថយ​មក​ប្រមាណ ពីរ​ម៉ោង​ប៉ុណ្ណោះ ព្រមទាំង​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន ផងដែរ​៕/V​