​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​នានា ចូលរួម​ឱ្យបាន​សកម្ម​ថែមទៀត ក្នុង​ចលនា​លែង​កូន​ត្រី ពោលគឺ ឱ្យ​ក្លាយជា​ប្រពៃណី នៃ​ការលែង​កូន​ត្រី ឱ្យ​ដូចជា ប្រពៃណី​ផ្សេងៗ ទៀត​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដូចខាងលើ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល លោក និង​សហការី រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផ្សេងទៀត បាន​អញ្ជើញ​ចូលរួម​ពិធី ដាំ​កូនឈើ នៅក្នុង​សហគមន៍​នេសាទ​អាងទឹក​ថ្មដា នៃ​តំបន់​ទឹកឆា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃទី ៧ កញ្ញា នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថាៈ ដើម្បី​សម្រេចបាន​បញ្ហា​នេះ យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព គឺ​ត្រូវ​ភ្ជាប់​នឹង​ការធ្វើ​អាជីវកម្ម​សមស្រប ដោយ​ត្រូវ​គិតគូរ អំពី​ការអភិរក្ស និង​ការការពារ ធនធាន​ជលផល​។ ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ជលផល ឱ្យមាន​ចេរភាព ដោយ​សូម​ផ្តល់​អនុសាសន៍ ដូចតទៅ​៖

១- កត្តា​នេះ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែលមាន​ផ្ទៃដី​ព្រៃ​លិច​ទឹក និង​វាលទំនាប​លិច​ទឹក​ត្រូវ​បញ្ឈប់​ការអនុញ្ញាត​ឱ្យធ្វើ​ទំនប់ អាងទឹក ដោយ​គ្មាន​ឯកភាព​ពី ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​ចាត់វិធានការ ឱ្យបាន​ម៉ឺងម៉ាត់​បន្ថែមទៀត លើ​ជនល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​គ្រប់​ទីកន្លែង ដោយសារ​ព្រៃ​លិច​ទឹក មាន​សារៈសំខាន់​បំផុត​ដល់​អាយុជីវិត នៃ​វិស័យ​ជលផល​។​

២- ត្រូវ​រៀបចំ​បង្កើត​សហគមន៍​ស្រះ​ជម្រក​ត្រី ឲ្យ​បាន​ច្រើន​គ្រប់​មូលដ្ឋាន ព្រោះនេះ​ជា វិធីសាស្ត្រ​មួយ ដែល​ធ្វើ​ឲ្យ​ត្រី​សម្បូរ​ឡើងវិញ​បាន និង​ត្រូវ​ពង្រឹង​សហគមន៍​នេសាទ ដែល​បាន​បង្កើត​រួចហើយ ដោយ​ជំរុញ​ឲ្យ​មាន​កន្លែង​អភិរក្ស ក្នុង​សហគមន៍​នីមួយៗ សម្រាប់​ជា​ជម្រក​ត្រី មេ​ពូជ​ត្រី ធ្វើការ​បន្ត​ពូជ​។​

៣- ត្រូវ​បន្ត​កិច្ចការពារ​កន្លែង​អភិរក្ស​ជលផល ដែលមាន​ស្រាប់ និង​បន្តការងារ បង្ក្រាប​បទល្មើស ជលផល​ជាប្រចាំ និង​ចាត់វិធានការ​គ្រប់បែបយ៉ាង ដោយ​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ផ្តោត​សំខាន់​លើ​បទល្មើស ដែល​បំផ្លិចបំផ្លាញ​ខ្លាំង ដូចជា​ឧបករណ៍​ឆក់ ឧបករណ៍​ស្បៃ​មុង ការប្រើ​សារធាតុពុល ចាប់​ត្រី ។​ល​។

៤- ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​បំផុស​ចលនា និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ឲ្យ​វិនិយោគ​លើ​ការចិញ្ចឹម​ត្រី ជាពិសេស​ចិញ្ចឹម​ប្រភេទ​ត្រី​ក្នុងស្រុក ដែលមាន​តម្លៃ សេដ្ឋកិច្ច​ខ្ពស់ ដើម្បី​បម្រើ​ទីផ្សារ បង្កើន​ប្រាក់ចំណូល និង​អាច​កាត់បន្ថយ​ការ​ធ្ចើ​នេសាទ ក្នុង​ដែនទឹក​ធម្មជាតិ​ផង​។​

៥-​សហគមន៍​នេសាទ​ទាំង ២២ ត្រូវខិតខំ​ពង្រឹងសមត្ថភាព​សហគម​ន៍​នីមួយៗ ក្នុង​ការចូល​រួមការ​ពារ អភិរក្ស​ធនធាន​ជលផល ក្នុង​សហគមន៍ លុបបំបាត់​ការប្រើប្រាស់ ឧបករណ៍​ខុសច្បាប់ ពី​សមាជិក​សហគមន៍ និង​ជនល្មើស​ក្រៅ​សហគមន៍​។​

៦-​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ត្រូវធ្វើ​ការអប់រំ ផ្សព្វផ្សាយ កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ កាប់បំផ្លាញ​ព្រៃឈើ និង​បំផុស​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​ដាំ​កូនឈើ ឱ្យបាន​ច្រើន​នៅតាម​មូលដ្ឋាន និង​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថាៈ « ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ថ្នាក់ស្រុក ឃុំ និង​អង្គភាព​នានា សូម​ចូលរួម​ឲ្យ​បាន​សកម្ម​ថែមទៀត ក្នុង​ចលនា​លែង កូន​ត្រី​នេះ នៅ​គ្រប់​ទីកន្លែង​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​ក្លាយជា​ប្រពៃណី​លែង​កូន​ត្រី ដូចជា​ប្រពៃណី​ផ្សេងៗ​ទៀត​ដែរ ព្រោះ​សកម្មភាព​នេះ បានរួម​ចំណែក​ការកើនឡើង នូវ​ធនធាន​ជលផល សម្រាប់​ប្រជាពលរដ្ឋ​យើង ប្រើប្រាស់​កាត់បន្ថយ​ភាពក្រីក្រ និង បង្កើន​ជីវភាព​រស់នៅ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្តា​អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បានធ្វើ​សកម្មភាព ក្នុង​ខេត្តកំពង់ចាម ហើយ​បាន​ចូលរួមចំណែក យ៉ាងសកម្ម ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​ជលផល​»៕/V​.mara