​ដោយៈ​សុផល​/​ភ្នំពេញ​៖​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​របស់ខ្លួន​ដែល​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​កុមារ​តូចៗ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូ​យា​ល់​ក្រោម​អធិបតីភាព​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​កម្មវិធី​នេះ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​សាលា Shrewsbury​នៃ​ចក្រភព​អង់គ្លេស​ហើយ​ក៏មាន​វត្តមាន​លោក Dominic Williams MBE ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បណ្ឌិត Maghin Tamilarasan អភិបាល​នៃ​សាលា​អន្តរជាតិ Shrewsbury ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​និង​ជា​នាយក​ផ្នែក​ធុរកិច្ច​អន្តរជាតិ​នៃ​សម្ព័ន្ធ​សាលា Shrewsbury លោក Kong Jianming ប្រធាន​ក្រុមហ៊ុន Jovan Group (Cambodia) និង​មន្ត្រី​ជាច្រើន​ទៀត​មកពី​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដោយ​រួមមាន លោក Charles Wong សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ លោក Keith Chan នាយក​គ្រប់គ្រង​ទូទៅ លោក Toby Waterson នាយក​ស្ថាបនិក និង​លោកស្រី Charlotte Thomas – នាយិកា​រង​របស់​សាលា​។

​លោក Charles Wong ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​លើកឡើងថា​“​ខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​បាន​នាំ យក​ការអប់រំ​លំដាប់​ពិភពលោក​មកកាន់​ប្រទេស​កម្ពុជា ហើយ​វា​ក៏​ជា​ក្តីសង្ឃឹម និង​ក្តី​សុបិន​របស់ខ្ញុំ​ដោយ​គិតថា​ថ្ងៃ​ណាមួយ​មាតាបិតា​សិស្ស​នឹង​ចងចាំ​រូបខ្ញុំ ក៏ដូចជា​សាលា នូវ​អ្វីដែល​យើង​បានរួម​ចំណែក​ក្នុងការ​ផ្តល់ជូន​នូវ​ប្រព័ន្ធ​អប់រំ​មួយ​ប្រកបដោយ​គុណ​ភាពល្អ​បំផុត​។ យ៉ាងណាមិញ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការអប់រំ​អាច​នាំមក​នូវ​ការ ផ្លាស់ប្តូរ​ពិភពលោក​ឱ្យបាន​កាន់តែ​ប្រសើរឡើង​” ។​

​លោក Wong បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​ខ្ញុំ​សន្និដ្ឋានថា ខ្ញុំ​អាច​នាំយក​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​របស់​ប្រទេស​អង់គ្លេស​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ជាង ៤០០​ឆ្នាំ មកកាន់​ប្រទេស​កម្ពុជា ដោយសារតែ​ខ្ញុំ​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ក្នុង​វិស័យនេះ​។ វា​នឹង​ផ្សារភ្ជាប់​គម្លាត​រវាង​បទដ្ឋាន​ក្នុងស្រុក និង​បទដ្ឋាន​អន្តរជាតិ​នៅក្នុង​ឧស្សាហកម្ម​អប់រំ​ដែល​កំពុងមាន​ស្រាប់​” ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាលា​អន្តរជាតិ​Shrewsbury លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​អបអរសាទរ និង​ស្វា​គម​យា់ង​កក់ក្តៅ​ចំពោះ​វត្តមាន​សាលា​ដ៏​ល្បី​មកពី​ចក្រភព​អង់គ្លេស ដែល​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​លោក​រំពឹងថា សាលា​អន្តរជាតិ​Shrewsbury នឹង​ជួយ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា ជាពិសេស​ការអប់រំ​កុមារ​តូច​។​

​ពិធី​ដាំ​ដើមឈើ​នៅ​កម្ពុជា​របស់​សាលា Shrewsbury បាន​ធ្វើឡើង​ដោយមាន​តំណាង​ពី​ជួរ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់​សាលា​ផ្ទាល់​ដោយ​ផ្តើមចេញពី​ផ្នត់គំនិត​នៃ​ដំណើរ​ទស្សនកិច្ច​ដាំ​ដើមឈើ​ក្នុង​សាលា​របស់​សាលា Shrewsbury នៃ​ចក្រភព​អង់គ្លេស​។​ដើមឈើ​ដែល​បានជ្រើសរើស​មក​ដាំ​មាន​ឈ្មោះថា ដើម​ផ្ការំដួល ហើយ​ផ្កា​របស់​វា​គឺជា​ផ្កា​ដែល​តំណាងឱ្យ​ជាតិខ្មែរ​។ ផ្កា​របស់​វា​ផ្តល់​ក្លិនក្រអូប ជាពិសេស​នៅពេល​ល្ងាច​រីឯ​ដើម​របស់​វា​វិញ​ផ្តល់នូវ​ម្លប់​ដល់​មនុស្ស​ដែល​ជ្រក​នៅ​ខាងក្រោម​។ ដើមឈើ​តូច​ដែល​កំពុង​ដាំ​សម្រាប់​អបអរ​ពិធី​បើកសម្ពោធ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ នឹង​រីកលូតលាស់​ប្រៀបដូចជា​ការ​ធំធាត់​របស់​ក្មេង ហើយ​ថ្ងៃ​ណាមួយ​វា​នឹង​ក្លាយជា​ព្រៃ​ដ៏​ធំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​។​

​ព្រឹត្តិការណ៍​នេះ​មាន​ចំណុច​ពិសេស​មួយគឺ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​លោក កេ​ត ច័ន្ទ ​(Keith Chan)​ នាយក​គ្រប់គ្រង​ទូទៅ​សាលា​អន្តរជាតិ ​Shrewsbury​ ភ្នំពេញ​និង​លោក Joe Kwong នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ​Jovan Group (Cambodia)​។​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​សាលា​ព្រោះ​វា​ជា​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងការ​សាងសង់​ទីតាំង​ធំ​នៃ​អគារ​សាលា​អន្តរជាតិ​Shrewsbury ភ្នំពេញ ដែលមាន​ទីតាំង​នៅជាប់​គម្រោង​បុរី​ចូ​វ៉ាន​(Jovan City)​ដំណាក់កាល​ដំបូង​ស្ថិត​លើផ្លូវ​ជាតិ​លេខ ៦​អា​ក្នុង​សង្កាត់​ជ្រោយចង្វារ​។​សាលា​លាតសន្ធឹង​លើ​ផ្ទៃដី ៧,៥​ហិកតា នៃ​ផ្ទៃដី​សរុប ១៤០​ហិកតា​ក្នុង​បុរី​ចូ​វ៉ាន (Jovan City) ហើយនឹង​សាងសង់ឡើង​សម្រាប់​ទទួល​សិស្ស​ចំនួន ២,០០០​នាក់ នៅ​អាគារ​នៃ​សាលា​អប់រំ​លំដាប់​កំពូល​របស់ខ្លួន​។​

​សាលា Shrewsbury​នៃ​ចក្រភព​អង់គ្លេស​គឺជា​សាលា​ដ៏​ធំជាងគេ​មួយ​ក្នុងចំណោម​សាលា​សាធារណៈ​ទាំង​ប្រាំពីរ​ដែល​កត់ត្រា​ទុកជា​សាលា​សាធារណៈ​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ​១៨៦៨ ហើយ​ត្រូវបាន​ទទួលស្គាល់ថា​បាន​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​តាមបែប​ចក្រភព​អង់គ្លេស​ដែលមាន​លក្ខណៈពិសេស​ល្អ​បំផុត​។ សាលា​នេះ​មាន​អតីត​និស្សិត​ល្បីៗ​ជាច្រើនរូប ហើយក៏​មាន​ទាំង​ធម្មជាតិវិទូ​ដ៏​ល្បីល្បាញ គឺ​លោក Charles Darwin ផងដែរ ។​នៅ​ចក្រភព​អង់គ្លេស សាលា​នេះ​បានឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២០ ។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​ត្រូវបាន​បង្កើត​ឡើ​នៅក្នុង​អាគារ​ពាណិជ្ជកម្ម Flatiron by Meridian នឹង​បើក​ដំណើការ​ជា​ផ្លូវការ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០២២​ក្នុង​ការផ្តល់​ការអប់រំ​ស្តង់ដារ​អន្តរជាតិ​ដ៏​ទំនើប​ទាន់សម័យ​ដល់​កុមារ​។ សាលា​នឹង​អនុវត្តន៍​តាម​កម្ម​ធី​សិក្សា​ពិសេស​របស់ សាលា Shrewsbury នៃ​ចក្រភព​អង់គ្លេស តាមបែប Floreat​ដែល​ផ្តល់នូវ​ការអប់រំ​សហ​កម្មវិធីសិក្សា​និង​គ្រូ​បង្គោល​ដែល​ពោរពេញ​ដោយ​ចំណេះដឹង​ខ្ពស់​ជាមួយនឹង​ថ្នាក់រៀន​ដ៏​ទំនើប ការលេង​កីឡា ការសម្តែង ការលេង​តន្ត្រី​និង​សម្ភារ​ទំនើបៗ​ទាន់សម័យ​។ ថ្នាក់​ភាសា​អង់គ្លេស ភាសា​ខ្មែរនិង​ភាសា​ចិននឹងត្រូវ​បានផ្តល់​ជូន​ដល់​កូនៗ​របស់លោក​អ្នក​ផងដែ​រ​៕