ដោយ​: កាំ​ពី / ក្រចេះ : នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​អញ្ជើញ​ប្រកាស​ចូលកាន់​តំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ សុ​បុ​ណ្ណា ជា​ស្នងការ​នគរបាល​ខេត្តក្រចេះ ជំនួស​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត អតីត​ស្នងការ​នគរបាល​ខេត្តក្រចេះ ដែល​ផ្ទេរតំណែង​ទៅជា អគ្គ​ស្នងការរង នគរបាលជាតិ​។​

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ សុ​បុ​ណ្ណា ស្នងការ ទើបនឹង​ឡើងកាន់តំណែង​ថ្មី បាន​ប្ដេជ្ញាចិត្ត​រួចមក លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល ខេត្តក្រចេះ ក៍​បានស្នើ​ឲ្យ ស្នងការ​ខេត្ត​ថ្មី ត្រូវ​បន្ត​យកចិត្តទុកដាក់ ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត នូវ​ចំណុច​សំខាន់ៗ មួយចំនួន ទាក់ទិន​នឹង​ការរក្សា​សាមគ្គីភាព​ផ្ទៃក្នុង មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ការងារ ប្រកបដោយ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត បង្កើន​កិច្ច​សហា​ការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​-​អង្គភាព ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​លើកកម្ពស់​យល់ដឹង​អំពី​ច្បាប់ ធានា​ឲ្យ​បានការ​អនុវត្ត​ច្បាប់ លិខិត បទដ្ឋាន​នានា ព្រមទាំង​កិច្ចការពារ និង​គោរព​សិទ្ធិ មនុស្ស ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ថាៈ មូល​ហេតុដែល​ប្រកាស​ស្នងការ​ថ្មី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ សុ​បុ​ណ្ណា នាពេលនេះ ដោយសារ​កន្លងទៅ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ តាម​សំណើ​របស់ អគ្គស្នងការ នគរបាលជាតិ បាន​ដំឡើង​ឧ​ត្ត​ម​សេនីយ​ទោ លន់ សុផាត អតីត​ស្នងការ​នគ​បាល ខេត្តក្រចេះ ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៍បាន​គាំទ្រ​ប្រសាសន៍​របស់ លោក​អភិបាលខេត្ត ដែល​បាន​ណែនាំ​ដល់​លោកស្នងការ​ថ្មី ទាំង ៧ ចំណុច​ខាងលើនេះ ហើយ​លោក​សុំ​ឲ្យ​លោកស្នងការ​ថ្មី ចាត់ទុកជា​អនុសាសន៍​មួយ សម្រាប់​ទុក​អនុវត្ត​បន្ត​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ទៀតថា ត្រូវ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ គឺ​បទល្មើស​លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ ឱ្យមាន​សុវត្ថិភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល ជាពិសេស ខេត្ត​នៅជាប់​ព្រំដែន ហើយ​ពង្រឹង​តួនាទី​ដឹកនាំ ដោយ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ត្រូវ​ចាត់ទុក​ខ្លួនឯង ជា​អាណាព្យាបាល​៕/V​