ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ រដ្ឋបាលលោកបៃដិនបាននិយាយកាលពីថ្ងៃអង្គារទី៦កញ្ញាថា ក្រុមហ៊ុនបច្ចេកវិជ្ជាអាម៉េរិក ដែលទទួលមូលនិធិសហព័ន្ធ នឹងត្រូវរារាំងពីការសាងសង់រោងចក្រ “បច្ចេកវិជ្ជាទំនើបជាន់ខ្ពស់” នៅក្នុងប្រទេសចិនសម្រាប់រយៈពេល ១០ ឆ្នាំ។

គោលការណ៍ណែនាំនេះត្រូវបានបង្ហាញជាផ្នែកមួយនៃផែនការតម្លៃ ៥០ ពាន់លានដុល្លារ ដែលមានបំណងកសាងឧស្សាហកម្មបន្ទះឈីបក្នុងស្រុក។

រឿងនេះកើតឡើងខណៈដែលក្រុមធុរកិច្ចជាច្រើនបានជំរុញឱ្យមានការគាំទ្រពីរដ្ឋាភិបាលបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

ពួកគេកំពុងប្រឈមមុខនឹងការខ្វះខាតមីក្រូឈីបជាសកល ដែលធ្វើឱ្យផលិតកម្មថយចុះ។

ដោយពន្យល់ពីច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្ររបស់សហរដ្ឋអាម៉េរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) និយាយថា “យើងនឹងអនុវត្តវិថីការពារដើម្បីធានាថា អ្នកដែលទទួលបានមូលនិធិ CHIPS នឹងមិនអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនោះឡើយ… ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើលុយនេះដើម្បីវិនិយោគនៅក្នុងប្រទេសចិននោះទេ ពួកគេមិនអាចអភិវឌ្ឍបច្ចេកវិជ្ជាជាន់ខ្ពស់នៅក្នុងប្រទេសចិន…សម្រាប់រយៈពេល១០ឆ្នាំ”។

“ក្រុមហ៊ុន ដែលទទួលបានមូលនិធិ អាចពង្រីកបានតែរោងចក្រចាស់ស្រាប់របស់ពួកគេនៅក្នុងប្រទេសចិន ដើម្បីបម្រើទីផ្សារប្រទេសចិន”។

អាម៉េរិក​និង​ចិនបាន​ជាប់គាំង​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជុំវិញ​ពាណិជ្ជកម្ម​និង​បច្ចេកវិជ្ជា។

កាលពីខែសីហា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ដែលសន្យាផ្តល់ប្រាក់ចំនួន ២៨០ ពាន់លានដុល្លារដល់ការផលិតបច្ចេកវិជ្ជាជាន់ខ្ពស់និងការស្រាវជ្រាវវិទ្យាសាស្ត្រ ចំពេលមានការបារម្ភថា សហរដ្ឋអាម៉េរិកកំពុងបាត់បង់បច្ចេកវិជ្ជាជាន់ខ្ពស់របស់ខ្លួនទៅចិន៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោកស្រី ជីណា រ៉ៃម៉ុនដូ