​ដោយៈ ប​.​ខុន / ភ្នំពេញៈភ្លៀង​ធ្លា​ក់លើ​ក្រុងព្រះសីហនុ ចាប់តាំងពី​ព្រលឹម រហូតដល់ រសៀល ថ្ងៃទី​៧ ខែកញ្ញា មាន​បរិមាណ ដល់​កម្រិត​ជិត ៩០ មី​លី​ម៉ែត្រ ហើយ​ភ្លៀង នៅតែ​បន្ត​ធ្លាក់ តែ​មិនទាន់​បង្កឱ្យមាន​ការលិចលង់ តំបន់​ណាមួយ នៅក្នុង​ក្រុង​នេះ នៅឡើយ​ទេ សារ​គ្រប់​ផ្លូវ​ដោះ​ទឹក​តូចធំ ត្រូវបាន​កាយ​ស្តារ​ជាប្រចាំ និង​ម្យ៉ាង​ដោយសារ ភ្លៀង​ធ្លាក់ មិន​គំហុក​ផង​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ល្ងាច ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​តាំង​ព្រឹក រហូតមកដល់​ម៉ោង ១៤​និង​៣០​នាទី ថ្ងៃនេះ មាន​ដល់​កម្រិត ៨៦,៥ មី​លី​ម៉ែត្រ​ហើយ តែ​មិន​បង្កឱ្យមាន​ការលិចលង់​តំបន់​ណាមួយ នៅក្នុង​ក្រុងព្រះសីហនុ​ទេ ដោយសារ​គ្រប់​ផ្លូវ ដោះ​ទឹកបាន​កាយ​ស្តារ​ជាប្រចាំ និង​ម្យ៉ាង​ភ្លៀង ធ្លាក់​មិន​គំហុក​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ពេលនេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់ តែ​មិន​ខ្លាំង​ទេ ឯ​រលក​សមុទ្រ ក៏​មិន​ខ្លាំង​ដូច​កាលពី​ពេលព្រឹក​ដែរ​។ ផ្ទៃមេឃ​នៅតែមាន សភាព អួរ​អាប់​ភ្លៀង​រាំងៗ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែកញ្ញា​ថាៈ ព្រះរាជា​ណា ចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) , សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី មធ្យម​ទៅ​បង្គួរ ក្នុងនោះ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ យោងតាម​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ប្រជាពលរដ្ឋ រស់នៅ​បណ្តា​ខេត្ត ក្នុងភូមិ​សាស្ត្រ ជាប់​តំបន់​ជួរ​ភ្នំ ទី​ទំនាប និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើតមាន នៅ​អំឡុង​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែកញ្ញា និង​នៅលើ​ផ្ទៃសមុទ្រ ក៏មាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ៗ​ផងដែរ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែកញ្ញា​។​

​ស្ថានភាព​អាកា​ធាតុ​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី ២២ ទៅ ២៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​.mara