​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២ (CAMSOC) បាន​មាន ប្រសាសន៍ថាៈ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​វៀតណាម បាន​ឧបត្ថម្ភ​ទាំងស្រុង​ដល់​កម្ពុជា សម្រាប់​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក (E-Sports) ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ក្នុងនាម CAMSOC រួមជាមួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​លោក Nguyen Xuan Cuong ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​វៀតណាម នៅ​ថ្ងៃទី​៧ ខែកញ្ញា​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោយ​ទទួលបាន​ការអនុញ្ញាត ដ៏ ខ្ពង់ខ្ពស់ ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC និង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ដថាៈ «​កីឡា E-Sports វៀតណាម បាន​ជួយឧបត្ថម្ភ ទាំងស្រុង ដល់​ការរៀបចំ​ការប្រកួត ដោយមាន​ការតុបតែង​ឧបត្ថម្ភ​ទាំង Software Hardware, រួមជាមួយ​ធនធានមនុស្ស ទាំង​អាជ្ញាកណ្ដាល -​ចៅក្រម​ទាំងអស់ ជូន​មក​កម្ពុជា​។ នេះ​គឺជា​លទ្ធផល​មួយ ដែល​កើតចេញពី​ផ្លែផ្កា នៃ​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ដូចជា​លោក​បណ្ឌិត ថោង ខុន ក្នុងការ​ស្វែងរក​ដៃគូ ធ្វើយ៉ាងណា ឲ្យ​មាន​ការគោរព​ទៅតាម​គោលការណ៍ Saving Games ដែល​គោលការណ៍​នេះ គឺ​យើង​រៀបចំ​ឲ្យ​មាន​ដៃគូ​សហការ​ឲ្យ​បាន​ច្រើន​។​

​ជុំវិញ​ការចុះ MOU នេះដែរ ដោយសារ CAMSOC មើលឃើញ​ពី​សក្ដានុពល និង​គុណភាព​របស់​ភាគី​វៀតណាម មានន័យថា ការជ្រើសរើស​ដៃគូ​សហការ មិនមែន​ចេះតែ​ជ្រើសរើស​នោះទេ​។ ជាក់ស្ដែង កាលពី​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្មីៗ​នេះ វៀតណាម មិន​ត្រឹម​ទទួលបាន​ជោគជ័យ ក្នុង​ការរៀបចំ​ការប្រកួត​នោះទេ ថែមទាំង​ទទួលបាន​នូវ​មេដាយមាស ជាច្រើន​គ្រឿង​ទៀត ផង ព្រោះ​កីឡា E-Sports នៅ​វៀតណាម​ត្រូវបាន​ចាត់ទុកជា​ទស្សនី​យ​ភាព​មួយ ដែល​គេ​រៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ កម្រិត​ពិភពលោក រួចមកហើយ​។​

​លោក​បាន​បន្ដថាៈ «​យើង​ទទួលបាន​ទាំងស្រុង ក្នុងការ​រៀបចំ​ស៊ី​ហ្គេម សម្រាប់​កីឡា E-Sports ព្រោះ​កីឡា E-Sports មិនមែន​អ្នកណា ក៏​អាច​ធ្វើបាន​នោះទេ​។ វា​មាន​លក្ខណៈពិសេស​ជា​សូម្បីតែ​ការ SetUp ការលេង ឬ​ការបញ្ចូល​កម្មវិធី (Program) អីហ្នឹង​ក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនាញ​វិទ្យាសាស្ដ្រ​ឌីជីថល (Digital) សម្រាប់​សម័យកាល​បច្ចុប្បន្ន​ទាំងអស់​។ យើង​នៅក្នុង​កម្រិត​មួយ ដែល​យើង​មិនអាច មានលទ្ធភាព​ធ្វើ​ទេ​។ ហេតុនេះ យើង​ក៏​ចាប់​ដៃគូ ហើយ​បាន​ដៃគូ​ល្អ ដៃគូ​ដែលមាន គុណភាព និង​អាចជួយ​ដល់​យើង​បាន​។ ក្រៅពីនោះ អ្នកជំនាញ និង​គ្រូ​ជំនាញ​របស់ វៀតណាម ក៏បាន​ជួយ​ដល់​កីឡាករ​-​កីឡាការិនី កម្ពុជា​ខាង​ផ្នែក កីឡា E-Sports នេះ ជួយ​បណ្ដុះបណ្ដាល​ពី​ឥឡូវ​ទៅ​។

​ក្នុង MOU បាន​បញ្ជាក់ថា វៀតណាម បាន​ជួយ​បណ្ដុះបណ្ដាល​ទៀត ជួយ​បណ្ដុះ បណ្ដាល ឲ្យ​ទៅរក​ជំនាញ​កម្រិត​ខ្ពស់ ព្រោះ​វៀតណាម គឺជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា ខ្ពស់​ដែរ នឹង​ទទួលបាន​នូវ​កម្រិត​មេដាយមាស​ច្រើន ក្នុង​ស៊ី​ហ្គេម កាលពី​ថ្មីៗ​។ ដូច្នេះ គេ​មានលទ្ធភាព ក្នុង​ការជួយ​យើង ក្នុងការ​បណ្ដុះបណ្ដាល​ថែមទៀត​។​

​លោក អគ្គលេខាធិការ បាន​សង្កត់ធ្ងន់ថាៈ នេះហើយ​ដែល​យើង​ចង់បាន និង​ទទួលបាន​នៅពេលនេះ​។ យើង​សូម​ថ្លែងអំណរគុណ​ភាគី​វៀតណាម ដែល​បាន​ចុះហត្ថលេខា លើ MOU នេះ ហើយក៏​ជា​សក្ខីភាព​មួយ​ថា ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គ្រប់ផ្នែក​ទាំងអស់ ត្រូវបាន​រៀបចំ និង​រៀបរយ ហើយ​ទទួលបាន​នូវ​ភាពជឿជាក់ ក្នុងការ​ធ្វើ​ឲ្យ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ក្នុង​ផ្នែក​បច្ចេកទេស សម្រាប់​ការរៀបចំ គឺមាន​ភាពរឹងមាំ និង​ទទួលបាន​នូវ ស្ដង់ដារ​អន្ដរជាតិ​មួយ អាច​ទទួលយកបាន​»៕/V​