ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទារ និង​ប្រតិភូ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​ត្រួតពិនិត្យ​ការងារ នៅ​មណ្ឌល​សំចត និង​ដំណើរការ​ការដ្ឋាន​សាងសង់ អគារ ៥ ថ្មី នៃ​មណ្ឌល​សំចត ក្រោម​ជំនួយ​រដ្ឋាភិបាល ព្រះរាជាណាចក្រ​ថៃ ដែលមាន​តម្លៃ​ជិត ១,៥ លាន​ដុល្លារ​អាម៉េរិក នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ទទួល​ស្វាគមន៍​ប្រតិភូ រួមមាន លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោកស្រី ឈា ម៉ា​នី​ត នាយិកា​មណ្ឌល​សំចត ព្រមទាំង​តំណាង​វិស្វករ និង​ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​សាងសង់​របស់​ថៃ ។​

​លោក​រដ្ឋមន្ត្រី វង សូត បាន​ពិនិត្យ​និង​កោតសរសើរ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អាជ្ញាធរ​ដែនដី អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​នានា ព្រមទាំង​មណ្ឌល​សំចត​ដែល​បាន​ខិតខំ​បំពេញការងារ ទទួល​និង​ផ្តល់​សេវា​នានា ដល់​ពលករ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​ប្រទេស​ឯទៀត ទាំង​ក្នុង​កាល​:​ទេសៈ ដ៏​លំបាក និង​ងាយស្រួល កន្លងមក និង​មកដល់​បច្ចុប្បន្ន ។​

​វិស្វករ​ថៃ លោក ផៃ​រ៉ូ​ត និង​ទីប្រឹក្សាបច្ចេកទេស នៃ​ក្រុមហ៊ុន​ថៃ បាន​រាយការណ៍​ជូន លោក​រដ្ឋមន្ត្រី នូវ​ដំណើរការ​សាងសង់​មណ្ឌល​សំចត​ថ្មី នៅ​ទល់មុខ​ទីតាំង​ចាស់ ។
​ក្នុងនោះ ទីតាំង​ការដ្ឋាន បាន​ពង្រាប​ទីលាន ចាក់ដី ធ្វើ​របង​ព័ទ្ធ​ការដ្ឋាន បុក​ជើង​សសរ បាន ៣០ ភាគរយ​ហើយ ហើយ បើ​គ្មានអ្វី​ប្រែប្រួល ឬ​ឧបសគ្គ​ទេ គម្រោង​សាងសង់ នឹង​រួចរាល់​តាម​ផែនការ (​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២-១៥ ខែសីហា ឆ្នាំ​២០២៣ ) ។​

​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​ថៃ ដែល​ផ្តល់​ជំនួយឥតសំណង កសាង​មណ្ឌល​សំចត​ថ្មី ឱ្យមាន​លក្ខណៈ​សមស្រប ទំនើប និង​មាន​ស្តង់ដារ​អន្តរជាតិ សម្រាប់​ទទួល​ពលករ​និ​សន្ត​ប្រវេសន៍​កម្ពុជា​នេះ
​និង​ក៏​អរគុណ​លោក​រដ្ឋមន្ត្រី ក្រសួង​សុខុមាល​សង្គម​ថៃ លោក​ពិន​យ៉ា​រ៉ា​ក់ ពូន​សាប់ ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា ដែល​បាន​ខិតខំ​សម្របសម្រួល​នូវ ការផ្តល់​ជំនួយ​នេះ និង​បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា កន្លងមក​ថ្មីៗ​នេះ ។​

​លោក​ក៏​ថ្លែងអំណរគុណ​ចំពោះ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ដឹកនាំ និង​ចាត់តាំង​ឱ្យ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក គាត ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​សម្របសម្រួល ឱ្យ​ពលរដ្ឋ​២​គ្រួសារ ចុងក្រោយ ដែល​សាងសង់​និង​រស់នៅ​លើដី​រដ្ឋ នៃ​គម្រោង​នេះ បាន​ចាកចេញ​ដោយ ស្ម័គ្រចិត្ត ។​

​នាឱកាស​នោះដែរ លោកស្រី ឈា ម៉ា​នី​ត នាយិកា​មណ្ឌល​សំចត បានឱ្យដឹងថា​: យោង​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ជំនួយ​សាងសង់​មណ្ឌល​សំចត​ថ្មី​នេះ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ និង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៣ ។​

​គម្រោង​សាងសង់​មណ្ឌល​សំចត​ថ្មី​ខេត្តបន្ទាយមានជ័យ ស្ថិត​ជិត​ព្រំដែន​នា​ក្រុង​ប៉ោយប៉ែត នេះ ត្រូវ​សង់​លើ​ផ្ទៃដី​ជិត ១ ហិកតា ដែលមាន ៥ អគារ ដូចជា ១-​អគារ​ជនរងគ្រោះ បុរស​១ ខ្នង ។ ២-​អគារ​ជនរងគ្រោះ​ស្ត្រី​១ ខ្នង ។ ៣- អគារ​រដ្ឋបាល​១​ខ្នង ។ ៤-​អគារ​អាហា​រដ្ឋា​ន​១​ខ្នង និង​៥- អគារ​បណ្តុះបណ្តាល​អាជីព​រួម​១​ខ្នង ហើយ​គ្រោង ចំណាយ​ថវិកា​ជំនួយឥតសំណង​រាជរដ្ឋាភិបាល​ថៃ ចំនួន​ជាង ១,៤ លាន​ដុល្លារ​អាម៉េរិក​។​

​លោកស្រី បានឱ្យដឹង​ដែរ​ថាៈ នាបច្ចុប្បន្ន ស្ថានភាព​ពលករ​និ​សន្តរ​ប្រវេសន៍​មាតុភូមិនិវត្តន៍ មាន​ភាព​ធូរស្រាល ដោយ​ចូលមកក្នុង​មណ្ឌល​សំចត​នេះ មានតែ​ប្រមាណ ៥​នាក់​ក្នុង​ថ្ងៃ​។​ចំពោះ​កិច្ចសហការ​មាន​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សហប្រតិបត្តិការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ដូចជា អង្គការ​រតនៈ​អន្តរជាតិ និ​សន្ត​ប្រវេសន៍​អន្តរជាតិ (IOM), យូ​នី​សេ​ហ្វ (UNICEF ), សា​ម៉ា​រីតា​ន់ ភឺស (Samaritan Purse ),3PC , គ្រួសារ​ថ្មី​, តំណក់ទឹក​, ភឿនៗ​អារ​ញ្ញា​ប្រាថេត ។​ល​។ ក្នុងនោះ ចំពោះមុខ មណ្ឌល បាន​នឹង​កំពុងផ្តល់​សេវា​ជា​អាហារសម្រន់ សុខភាព​បឋម បណ្តុះបណ្តាល​វិជ្ជាជីវ​:៥ ជំនាញ ។ តែ​ខ្វះខាត​ខ្លាំង​ថវិកា សម្រាប់​ពលករ​ធ្វើដំណើរ​វិល​ទៅផ្ទះ និង​សហគមន៍​វិញ ៕/V​