ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ អនុសាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌ​៧​មករា ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ និង​ជា​ប្រធាន កិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​ខ្វះខាត និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៨០ គ្រួសារ មកពី​សង្កាត់​ទាំង​៨ ក្នុង​ខណ្ឌ​នេះ ។​

​ក្នុងឱកាស​នោះ លោក ថេ​ង សុ​ថុល​អភិបាលខណ្ឌ​៧​មករា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​
​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​ជាពិសេស​ពីស​ម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ប្រធាន តែងតែបាន​គិតគូរ ដោយ​យកចិត្តទុកដាក់ ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា​នោះទេ​។​

​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ ជួប​ការលំបាក ៨០ គ្រួសារ​នោះ ដោយ​ក្នុងនោះ ១​គ្រួសារ ទទួលបាន​នូវ អង្ករ ១​បាវ​, ទឹកស៊ីអ៊ីវ ១​យួរ​, មី ១​កេស​, ទឹកបរិសុទ្ធ ១​កេស និង​ថវិកា​មួយចំនួន ៕/V​