ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា សម្បត្តិ​វប្បធម៌ គឺជា​មូលដ្ឋានគ្រឹះ​នៃ​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​របស់​ជាតិ​សាសន៍​នីមួយៗ ដែល​តម្រូវឱ្យ​បណ្តា​ប្រទេស​អ្នកពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ការពារ និង​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ។​

​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ និង​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​៖​ទស្សន​ពី​អាស៊ាន នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​លោកស្រី ភឿង ស​កុ​ណា មានប្រសាសន៍ថា សម្បត្តិ​វប្បធម៌ ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និង​មោទនភាព​ជាតិ​សាសន៍​មួយ​។ សម្បត្តិ​វប្បធម៌​រួមចំណែក​ដល់​ពិភពលោក និង​ធ្វើឱ្យ​ជីវិត​របស់​យើង​កាន់តែ​សម្បូរបែប តាមរយៈ​ចំណេះដឹង​វិទ្យាសាស្ត្រ​ដែល​បញ្ជ្រាប​ចូល ហើយ​ដោយសារ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​និង​ភាព​ងាយ​ខូចខាត​របស់​សម្បត្តិ​វប្បធម៌ វា​អាចជា​កម្លាំង​បង្រួបបង្រួម​សម្រាប់​ប្រជាជាតិ​។ ដូចដែល​យើងទាំងអស់គ្នា​បានដឹង​ស្រាប់​ហើយ​ថា ពិភពលោក​បាន​ឈាន​ចូលដល់​ដំណាក់កាល​នៃ​ភាពមិនច្បាស់លាស់ និង​អស្ថិរភាព​។​

​លោកស្រី​បញ្ចា​ក់ថា ការការពារ​សម្បត្តិ​វប្បធម៌​ទាំងនោះ សហគមន៍​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​តម្លៃ​សេដ្ឋកិច្ច​របស់ខ្លួន ដោយសារ​វា​ផ្តល់នូវ​ការចិញ្ចឹម​ជីវិត និង​ការបង្កើត​ប្រាក់ចំណូល​។ មុនពេល​ជំងឺ​រាតត្បាត សិល្បៈ និង​វប្បធម៌​គឺជា​សក្តានុពល​សម្រាប់​ការងារ​រាប់លាន និង​ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍​។ ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌​មាន​សារសំខាន់​ជាពិសេស​សម្រាប់​សេដ្ឋកិច្ច​របស់​អាស៊ាន ហើយ​វា​ត្រូវបាន​ព្យាករណ៍​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​ការកសាង​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​ក្នុង​តំបន់​។​

​លោក សា​ដា យូ​ម៉ា អា​ឡា​ម ( Sardar Umar Alam) អ្នកតំណាង​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ និង​គាំទ្រ​កម្ពុជា ដែល​បានរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការការពារ​សម្បត្តិ​វប្បធម៌ ដើម្បី​ជំរុញ​កិច្ចសន្ទនា​រវាង​បណ្តា​ប្រទេស​អាស៊ាន ឱ្យមាន​ការអំពាវនាវ​រួមគ្នា​សម្រាប់​កិច្ចការពារ​សម្បត្តិ​វប្បធម៌​ក្នុង​តំបន់​។​

​លោក​បន្តថា សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជា ត្រូវបាន​ទទួលរង​នូវ​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​វត្ថុ​បុរាណ​វប្បធម៌​តាំងពី​រាប់រយឆ្នាំ​មកហើយ​៖ សិល្បៈ​ខ្មែរ​ត្រូវបាន​កោតសរសើរ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​វត្ថុ​វប្បធម៌​រាប់មិនអស់​ត្រូវបាន​លួច និង​លក់​ដោយ​ខុសច្បាប់​នៅលើ​ទីផ្សារ​សិល្បៈ​អន្តរជាតិ​។
​លោក​បាន​បន្តថា កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ក្នុង​ការចរចា​ដើម្បី​ប្រគល់​ស្នាដៃ​ល្អ​ឯក​ដែល​បាន​លួច​នោះមក​វិញ ដែល​ប្រជាជន​កម្ពុជា​ចាត់ទុកថា​សម្បត្តិ​វប្បធម៌​ទាំងនោះ​ជា​សម្បត្តិ​ដែលមាន​តម្លៃ​សិល្បៈ វិទ្យាសាស្ត្រ និង​ស្មារតី​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជាតិ​។ អង្គការ​យូណេស្កូ​ជឿជាក់ថា ការការពារ និង​ឆ្មាំ​មើល​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ ២០៣០​។​

​ជាថ្មី​ម្ដងទៀត លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា និង​សមាជិក​អាស៊ាន​សម្រាប់​ការប្តេជ្ញាចិត្ត ក្នុងការ​ទទួលស្គាល់​នៃ​សក្តានុពល​ពេញលេញ នូវ​អនុសញ្ញា​ឆ្នាំ ១៩៧០ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​រួម​ជាតិ និង​តំបន់ និង​ទប់ស្កាត់​វិនាសកម្ម​នៃ​ការជួញដូរ និង​ការ​លួច​ប្លន់​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន អត្តសញ្ញាណ​វប្បធម៌ និង ប្រវត្តិសាស្ត្រ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕  N