ដោយៈ មុនី​រ័ត្ន – ទេព ក​ង្រី / ភ្នំពេញៈ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បានសម្រេច​លុបចោល គំរោង​ស្នើសុំ​បូម​ស្តា​របឹង ទំហំ ៥២៦ ហិកតា របស់​ក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយ​លែ​ន ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ដំណាក់​ពពូល ភូមិ​ស្រែព្រីង ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការលុបចោល​នេះ បន្ទាប់ពី​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ពិនិត្យឃើញថា សំណើ​របស់​ក្រុមហ៊ុន មិនមាន​ភាពត្រឹមត្រូវ​ច្បាស់លាស់ និង​ជាពិសេស​ត្រួត​លើ​គម្រោង​គ្រប់គ្រង​កែលម្អ​បរិស្ថាន ជុំវិញ​បឹង​ទន្លេសាប​។

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បានធ្វើ​លិខិត​កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជម្រាប​ទៅ​លោក ច័ន្ទ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយ​លែ​ន ថាៈ “ កន្លងមក​រដ្ឋ​ប ល​ក្រុង​កំពង់ឆ្នាំង បាន​ចុះហត្ថលេខា​ប​ញ្ចូ​ន​លើ លិខិត​សំណើ លេខ ២៦៩/២២ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ ស្តីពី​ការសុំ​អនុញ្ញាត រៀបចំ​បួ​ម ស្តា​របឹង​ទំហំ ៥២៦ ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ពពូល ភូមិ​ស្រែព្រីង ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ប​ញ្ចូ​ន​សំណើ​នេះ គោរព​ជូន​ឯកឧត្តម​អភិបាលខេត្ត មេត្តា ពិនិត្យ​លទ្ធភាព​ដ៍​ខ្ពង់ខ្ពស់​។ ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២២ រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បាន​ពិនិត្យឃើញថា ចំពោះ​លិខិត​សំណើរ​ខាងលើ មិនមាន​ភាពត្រឹមត្រូវ​ច្បាស់លាស់ តាម​អ្វីដែល​លោក​អគ្គនាយក​ក្រុមហ៊ុន បាន​បំភ្លឺ និង​បង្ហាញ​ពេល​ស្នើសុំ ដូចខាងក្រោម​៖

១. ទី​តាំ​ស្នើរ​សុំ​រៀបចំ​បូម និង​ស្តា​របឹង​ខាងលើ ត្រួត​លើ​គម្រោង​គ្រប់គ្រង​កែលម្អ​បរិស្ថាន ជុំវិញ​បឹង​ទន្លេសាប​ជំហាន​១ (​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​កំពង់ឆ្នាំង​) ។​
២. ប្លង់​បង្ហាញ​ទីតាំង​ស្នើសុំ​មិនបាន​ឯកភាព​ពីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​)​។​
៣. ពេល​លោក​អគ្គនាយក មកសុំ​ការចុះហត្ថលេខា ដើម្បី​បញ្ជូន​សំណើ ទៅ​រដ្ឋបាលខេត្ត​បន្ត លោក​អគ្គនាយក បាន​បំភ្លឺថា ឯកសារ​សំណើ​ខាងលើនេះ ភាគី​ខាង​ក្រុមហ៊ុន នឹងធ្វើ​ការស្នើសុំ​អនុលោមភាព ដល់​ក្រសួង​ពាក់ព័ន្ធ មិន​បង្កឱ្យមាន​បញ្ហា​ផ្លូវច្បាប់ ប៉ះ​ដល់​គម្រោង ADB និង​ផលដំណាំ​ប្រជាពលរដ្ឋ​ឡើយ ។​

​គួរ​បញ្ជាក់ថា លោក ច័ន្ទ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយ​លែ​ន មាន​ទីលំនៅ​ក្នុង​បុរី វីឡា វិចិត្រ ហាយ​លែ​ន ផ្ទះ​លេខ A3 ផ្លូវជាតិ​លេខ​៥៣ ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ បានដាក់​លិខិត​ស្នើសុំ​ទៅ​អភិបាលខេត្ត​កំពង់ឆ្នាំង សុំ​រៀបចំ​បូម​ស្តា​របឹង ទំហំ ៥២៦ ហិកតា ស្ថិតនៅ​ភូមិ​ដំណាក់​ពពូល ភូមិ​ស្រែព្រីង ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​រក្សា​ទឹក​ប្រើប្រាស់ សម្រាប់​ប្រជាពលរដ្ឋ ធ្វើស្រែ​ប្រាំង ដាំ​ដុះ​ដំណាំ​ចំការ ដើម្បី​ដោះស្រាយ​ជីវភាព​។​

​លោក ច័ន្ទ វិចិត្រ បានបញ្ជាក់​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង​ថាៈ ដោយសារ​ផ្ទៃ​បឹង សព្វថ្ងៃ ដែលមាន​ទីតាំងនៅ​ភូមិ​ដំណាក់​ពពូល ភូមិ​ស្រែព្រីង ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន​សភាព​តោក​រាក់​ចាំបាច់​ត្រូវ​បួ​ម​ស្ដារ​បឹង ដើម្បី​យក​ទឹក​ផ្គត់ផ្គង់​ស្រែប្រាំង ដាំ​ដុះ​ដំណាំ​ចំការ របស់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ​ទីតាំង ដូច​ជម្រាបជូន​ខាងលើ​៕ V / N