​ដោយៈ​សុផល​/ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សប្តាហ៍​ក្រោយនេះ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភាអញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​វៀតណាម នៅ​ឡាវ ដើម្បី​ពង្រឹងពង្រីក​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​នីតិប្រតិបត្តិរបស់​កម្ពុជា​និង​ប្រទេស​ទាំងពីរ​។​ដំណើរ​ទស្សនកិច្ច​នេះ​គឺ តប​តាម​ការអញ្ជើញ​របស់​ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

រូបថត : សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា

​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភានឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​វៀតណាម ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកញ្ញានិង​បន្ត​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាពនៅ​ឡាវ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​សេចក្តីជូនដំណឹង​រប​ស់អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា បានឱ្យដឹងថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ចូលជួប​ពិភាក្សា​ទ្វេភាគី​និង​សម្តែង​ការគួរសម​ជាមួយ ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​វៀតណាម មាន​ជាអាទិ៍​៖​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ង្វៀន ហ្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ង្វៀន សុន ហ្វូ​គ (Nguyen Xuan Phuc) ប្រមុខរដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​,​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក វឿ​ង ឌិ​ញ វ៉េ (Vuong Dinh Hue) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​,​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ហ្វា​ម មី​ញ ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​,​ជួប​សម្តែង​ការគួរសម​ជាមួយ លោកស្រី ង្វៀន ធី ថា​ញ់ (Nguyen Thi Thanh) ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ការងារ​ប្រតិភូ និង​ជា​ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​,​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ង្វៀន ឌឹ​គ ហ៊ា​យ (Nguyen Duc Hai) ប្រធាន​ក្រុម​មិត្តភាព​សភា​វៀតណាម​-​កម្ពុជា​និង​ទស្សនា​បន្ទប់​ប្រពៃណី​របស់​រដ្ឋសភា​វៀតណាម និង​ចុះហត្ថលេខា​លើ​សៀវភៅ​អនុស្សាវរីយ៍​មាស នៅ​វិមាន​រដ្ឋសភា​វៀតណាម​។​

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​បន្តដំណើរ​ទស្សនកិច្ច​នេះ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា គ្រោង​នឹង​ចូលជួប​ពិភាក្សា​ទ្វេភាគី និង​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​ភាគី​ឡាវ និង​ចូលរួម​កម្មវិធី​សំខាន់ៗ​មួយចំនួន មាន​ជាអាទិ៍​៖-​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ថង​លូន ស៊ី​សូលី​ត (Thongloun SISOULITH) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​,ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក សាយ​សំ​ភូ​ន ភូមិ​វិហា​ន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​,​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ផន​ខាំ វី​ផា​វ៉ាន់ (Phankham VIPHAVANH) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​,ជួប​សម្តែង​ការគួរសម​ជាមួយ ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា​
,ជំនួប​ទ្វេភាគី​រវាង ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​ឡាវ ជាមួយ​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​កម្ពុជា​និង​
​ទស្សនា​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ស្ងួត ថា​ណា​ឡេង និង​សួន​ភស្តុភារ​វៀង​ចន្ទ​ន៍៕​សរន / N