​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ស្តី​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​វេលា​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២២ លោក រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី អ៊ុ​ល​គូ កូ​កា​ហ្វី ( Ulku Kocaefe) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​លោកស្រី​ឯកអគ្គរដ្ឋទូត​ដោយ​សង្ខេប​អំពី​សក្តានុពល​កសិកម្ម​កម្ពុជា ដែល​មិន​គ្រាន់តែ​ផលិត​បាន​គ្រប់គ្រាន់ និង​លើសពី​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។ ទោះជា​យ៉ាងណា សក្តានុពល​នៃ​ផលិតកម្ម​កែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅមានកម្រិត ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម និង​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ពិសេស​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

​លោក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ និង​ស្វាគមន៍​វិនិយោគិន​តួ​ក​គី​ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​នាពេល​អនាគត​។
​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម លោក​រដ្ឋមន្ត្រី​បានស្នើ​លោកស្រី​ឯកអគ្គរដ្ឋទូត​ជួយ​ពិនិត្យ ពិចារណា ធ្វើ​ការជំរុញ​ការអនុវត្ត​ការងារ​ដែល​បានចែង​នៅក្នុង​ឯកសារ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្តើម​អនុវត្ត ក្នុង​គោលបំណង​ធ្វើការ​ផ្លាស់ប្តូរ ចែករំលែក​បទ ពិសោធន៍​ចំណេះដឹង ជាពិសេស​លើ​ការធ្វើ​ទំនើបកម្ម​កសិកម្ម អភិវឌ្ឍន៍​ធនធានមនុស្ស​កម្ពុជា​។

​លោកស្រី​ឯកអគ្គរាជទូត បាន​លើកឡើងថា វិស័យ​កសិកម្ម​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំងពីរ ការអភិវឌ្ឍ​វិស័យ​កសិកម្ម​គឺជា​គោលការណ៍​គ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ដូច្នេះ ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺជា​អាទិភាព​ឈានមុខ​គេ ដោយសារ​វិស័យ​កសិក​ម្ម​កម្ពុ​ជាមាន​សក្តានុពល មានទឹក​គ្រប់គ្រាន់ និង​ផលិតផល​មួយចំនួន ផលិត​លើសពី​តម្រូវការ​ក្នុងស្រុក និង​ត្រូវការ​បច្ចេកវិទ្យា​កែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ​ដើម្បី​ធ្វើការ​នាំចេញ​។ N