​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុង​សិក្សា​ស្រាវជ្រាវ រៀបចំ​គម្រោង​ថ្មី ឈ្មោះថា “​គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច នាពេល​អនាគត (Skills for Future Economy)” មាន​គោលបំណង​ចម្បង គឺ​ធ្វើឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា ប្រសើរឡើង​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​គួរ​បញ្ជាក់ថា ការ​ថ្លែង​ពី​សំណាក់​លោក អ៊ិត សំហេង បែបនេះ ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ក្នុងជំនួប​នេះ បាន​ពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នា​ទីស្តីការក្រសួង​ការងារ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី បានឱ្យដឹងថាៈ តាំងពី​កម្ពុជា មាន​សន្តិភាព​ពេញលេញ ADB បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ភាពជា​ដៃគូ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ឲ្យ​មាន​វឌ្ឍនភាព ប្រកបដោយ​ផ្លែផ្កា​។​

​លោក រដ្ឋមន្ត្រី ក៏បាន​លើកឡើង ពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​កង្វះ​ពលកម្ម​ជំនាញ របស់​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅដល់​ទីផ្សារការងារ​។ យុវជន និង​សហគមន៍ មិនទាន់បាន ផ្តល់​តម្លៃ​ទៅលើ​ជំនាញ​TVET នេះ ឲ្យ​បាន​ច្រើន​នៅឡើយ ភាគច្រើន អ្នក​ដែល​បាន​ចូលរៀន​ជំនាញ TVET ជា​ក្រុម​ជនរងគ្រោះ អ្នក​បោះបង់​ការសិក្សា និង​អ្នក​ដែល​ធ្វើការ​ហើយ ត្រូវការ​បណ្តុះបណ្តាល​ប​ន្ត​។ ដើម្បី​ធ្វើ​កិច្ចការ​ទាំងនេះ ឲ្យ​មាន​លទ្ធផល​ល្អ រដ្ឋាភិបាល​កម្ពុជា ត្រូវការ​ចូលរួម​ពី ADB ដែលមាន​ជំនាញ និង​បទពិសោធន៍ ក្នុង​ការជួយ​លើ​កិច្ចការ​ទាំងនេះ​បន្ថែមទៀត​។​

​លោក រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី ADB បន្ត​ជួយ​ជា​ជំនួយ​បច្ចេកទេស ផ្នែក​វិស័យ​ការងារ និង​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀត លើ​វិស័យ TVET ដែលជា​មុំ​មួយ នៅក្នុង​យុទ្ធសាស្ត្រ ចតុកោណ ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​។​

​នាឱកាស​នោះ លោកស្រី Jyotsana Varma បាន​មានប្រសាសន៍ថាៈ នៅក្នុង​ដំណាក់កាល កូ​វីដ​-១៩ ទាំង ADB និង រាជរដ្ឋាភិបាល​កម្ពុជា មាន​កិច្ចការ​ច្រើនណាស់ ដើម្បី​រួមគ្នា​សម្រេចបាន​ជោគជ័យ ធ្វើ​យាង​ណា​ឲ្យ​យុវជន ទទួលបាន​ការបណ្តុះបណ្តាល ទាំង​ចំណេះដឹង ជំនាញ កសាង​អនាគត​របស់​ពួកគេ ឲ្យ​ភ្លឺស្វាង​។ យុវជន​ក​ម្ពូ​ជា ចាំបាច់​ត្រូវមាន​ការអភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន ដើម្បី​ដើរ​ឲ្យ​ទាន់​នូវ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ដ៏​ឆាប់រហ័ស​។​

​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​របស់លោក រដ្ឋមន្ត្រី ទៅលើ​កង្វះខាត​កម្លាំង​ពលកម្ម​ជំនាញ លោកស្រី Jyotsana Varma បានបញ្ជាក់​ថាៈ កម្ពុជា​ត្រូវ​ផ្តោតលើ​វិស័យ​អាទិភាព​មួយចំនួន ឲ្យ​ក្លាយជា​វិស័យ​នាំមុខ ដោយ​ការបង្កើត​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ជាដើម ដោយមាន​ការទទួលស្គាល់ ជំនាញ​ពីគ្នា​ទៅវិញទៅមក​។ ចំណែក ការជំរុញ​ឲ្យ​មាន ការចុះឈ្មោះ​ចូលរៀន​ជំនាញ​TVET លោកស្រី ចង់​ឲ្យ​កម្ពុជា បង្កើតជា​ទូត​សុ​ឆន្ទៈ​គម្រូ ឲ្យ​បាន​ច្រើន ដើម្បី​ពន្យល់​ពី​ភាពជោគជ័យ បន្ទាប់ពី​បាន​រៀន​ជំនាញ TVET នេះ ទៅកាន់​យុវជន និង​សហគមន៍ ឲ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​។​

​គួររំលឹកថា ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​មួយ ក្នុង​រយៈពេល​បី​ទសវត្សរ៍ កន្លងមកនេះ ដោយបាន​គាំទ្រ​វិស័យ TVET តាំងពី​ឆ្នាំ​១៩៩៦ ជាមួយនឹង​ការផ្តល់​ហិរញ្ញប្បទាន លើ​គម្រោង Basic Skills Project និង​បន្ត​គាំទ្រ​វិស័យ TVET តាមរយៈ កម្មវិធី​អភិវឌ្ឍន៍ វិស័យ​អប់រំ​ទី​១ និង​ទី​២, គម្រោង​ពង្រឹង​វិស័យ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ (STVET), គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVETSDP) ដែល​នឹង​ចប់​ជា​ស្ថាពរ នៅ​ខែកញ្ញា ឆ្នាំ​២០២២ និង​គម្រោង​ជំនាញ សម្រាប់​ការប្រកួតប្រជែង (Skills for Competitiveness) ដែល​កំពុង​អនុវត្ត ហើយនឹង​ត្រូវ​បញ្ចប់ នៅ​ខែមេសា ឆ្នាំ​២០២៥៕ V / N